លោក ហ្សេលេនស្គី ដង្ហោយសុំប្រព័ន្ធការពារដែនអាកាសបន្ថែមពីលោកខាងលិច ក្រោយរុស្ស៊ីបាញ់មីស៊ីលលើទីក្រុងគៀវ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4994-1

IMG_4996-1

អន្តរជាតិ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យក្រុមលោកខាងលិចផ្តល់ប្រព័ន្ធការពារអាកាសបន្ថែមដល់ទីក្រុងគៀវ បន្ទាប់ពីការវាយប្រហារមីស៊ីលរបស់រុស្ស៉ីបានបង្កឱ្យមនុស្ស ១៧ នាក់របួស នៅរដ្ឋធានីរបស់អ៊ុយក្រែន និងតំបន់ជុំវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ កងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៣១ គ្រាប់ដែលហោះសំដៅមកទីក្រុងគៀវ។ លោក ហ្សេលេនស្គី បានបង្ហោះសារថា "ស្ថានការណ៍អាក្រក់បែបនេះបាននិងកំពុងបន្តរាល់ថ្ងៃរាល់យប់។ វាអាចទៅរួចក្នុងការ បញ្ចប់រឿងបែបនេះតាមរយៈសាមគ្គីភាពជាសកល ព្រោះរុស្ស៉ីមិនមានមីស៊ីលដែលអាចឆ្លងផុតប្រព័ន្ធ Patriot និងប្រព័ន្ធការពារអាកាសទំនើបៗផ្សេងទៀតរបស់ពិភពលោកឡើយ។ ពេលឥឡូវប្រព័ន្ធការពារទាំងនេះគឺចាំបាច់ណាស់នៅអ៊ុយក្រែន រាប់ចាប់ពីទីក្រុងគៀវ ដល់ Kharkiv ពី Sumy ដល់ Kherson និងពី Odesa ដល់ Donetsk។ វាអាចទៅរួចទាំងស្រុង ប្រសិនបើដៃគូយើងហ៊ានបង្ហាញឆន្ទៈនយោបាយគ្រប់គ្រាន់"។ គួរបញ្ជាក់ថា វាគឺជាការវាយប្រហារមីស៊ីលលើកដំបូងមកលើរដ្ឋធានីរបស់អ៊ុយក្រែន គិត ចាប់តាំងពីអំឡុងដើមខែកុម្ភៈ ឆ្នាំនេះ។ ដោយឡែកការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Kharkiv បានសម្លាប់មនុស្សយ៉ាងហោច ៥ នាក់ និងបង្កឱ្យរបួស ៨ នាក់កាលពីថ្ងៃពុធ៕

Comments

Related posts