រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រំពឹងអ្នកចូលទស្សនាពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាង៣ម៉ឺននាក់ ខណៈផលិតផលជាស្នាដៃកូនខ្មែរសរុប២៣៧ស្តង់

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៣ ២០២៤

a13-155

a7-225

a8-212

a11-174

a9-201

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញការជឿជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលបាននិងកំពុងប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នឹងទទួលបានអ្នកចូលទស្សនាក្នុងរង្វង់៣ម៉ឺននាក់ ខណៈក្នុងពិព័រណ៍ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ មានក្រុមហ៊ុនក្នុងស្រុកចូលរួមអ្នកបង្ហាញនូវផលិតផលជាស្នាដៃកូនខ្មែរសរុប២៣៧ស្តង់ មកពី១៣២ក្រុមហ៊ុន មានផ្នែកបច្ចេកវិទ្យា ស្តង់ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យធនាគារ ជាដើម។
   ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃទិវាជាតិលើកទី២នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការរៀបចំទិវាជាតិដោយមានការតាំងពិព័រណ៍បច្ចេកវិទ្យានិងឧបករណ៍ នឹងចូលរួមចំណែកបង្ហាញពីភាពរីកលូតលាស់របស់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលបានរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋរាប់លាននាក់ ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
  ឯកឧត្តម ហែម វណ្ណឌី មាន ប្រសាសន៍ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញឱ្យឃើញពីកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែម។ ឯកឧត្តម បន្តថា «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យដ៏ចាំបាច់មួយដែលបម្រើនិងគាំទ្រឱ្យគ្រប់វិស័យ ក្នុងក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រោះការងារទាំងឡាយ មានចរិតជាអន្តរវិស័យនិងប្រទាក់ក្រឡាគ្នា»។
  តាមការបញ្ជាក់របស់រដ្ឋមន្រ្តី បានឱ្យដឹងថា ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានរយៈពេលបីថ្ងៃមានគោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១. បណ្តុះស្មារតីស្រឡាញ់ និងការឈ្វេងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់, ទី២. ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៣. បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន, និងទី៤. បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម៕

Comments

Related posts