អភិបាលខេត្តស្ទឹងត្រែង ដាក់បទបញ្ជាឲ្យមន្ទីរបរិស្ថាន និងកសិកម្មខេត្តស្ទឹងត្រែង លើកយោបល់ពីកាន់កាប់ដីរដ្ឋខុសច្បាប់ ដើម្បីខេត្តពិនិត្យផ្ទៀងផ្ទាត់ និងចេញដីកាបង្កក ឬដកហូតដីនេះ ទុកជាសម្បត្តិរដ្ឋវិញ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

photo_2024-03-25_13-01-49

 

photo_2024-03-25_13-01-49 (2)

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត បានដាក់បទបញ្ជាឲ្យមន្ទីរបរិស្ថានខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លើកជាយោបល់មករដ្ឋបាលខេត្ត ពីការរុករាន និងកាន់កាប់ដីរដ្ឋខុសច្បាប់ ដើម្បីឯកឧត្ដមពិនិត្យផ្ទៀងផ្ទាត់ និងចេញដីកាបង្កក ឬដកហូតដីពីការកាន់កាប់អនាធិបតេយ្យនេះ ទុកជាសម្បត្តិរដ្ឋវិញ ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់នាថ្ងៃទី២៥ ខែមីនានេះ ថា «បង្ក្រាបស្រាវជ្រាវមេខ្យល់ ដើម្បីអនុវត្តន៍ច្បាប់ រុសរើកន្លែងណាដែលត្រូវរុសរើ ពាក់ព័ន្ធនឹងដី ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ។ ខ្ញុំបានដាក់ផែនការនេះឲ្យខាងកសិកម្ម បរិស្ថាន ត្រួតពិនិត្យមើលកន្លែងណា ដែលត្រូវដកហូត លើកយោបល់មក ចឹងជំនាញលើកយោបល់មកថា តំបន់នេះត្រូវដកហូតប៉ុណ្ណេះ ២០០ហិកតា​ ៥០០ហិកតាអី លើកយោបល់មក ខ្ញុំនឹងពិនិត្យ ហើយផ្ទៀងផ្ទាត់ និងចេញដីកា បង្កកដីហ្នឹងមិនឲ្យកាន់កាប់រុករាន ឬដីកាដកហូតដីពីការកាន់កាប់អនាធិបតេយ្យនេះ ទុកជាសម្បត្តិរដ្ឋវិញ ។ ចឹងបានជាមុននឹងអនុវត្តន៍វិធានការបង្ក្រាប ខ្ញុំបានឲ្យអាជ្ញាធរពាក់ព័ន្ធនឹងដែនណា ជូនដំណឹង ឲ្យបានកន្លះខែ មុននឹងអនុវត្តន៍ចៀសវាង ពេលអនុវត្តន៍វិធានការ ប្រជាពលរដ្ឋអត់បានដឹង» ។

ទន្ទឹមគ្នានោះដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ៖ ១.ត្រូវបន្តអនុវត្តច្បាប់ ១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ ២.ត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ៣.បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ៤.បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់ កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។ ៥.ត្រូវពង្រឹងកិច្ចសហការជាមួយអ្នកដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ។ ៦. ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០ ។

ជាមួយគ្នានោះដែរនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតយកមកវិញគ្រប់ទីតាំងដីព្រៃរបស់រដ្ឋ ដែលជនខិលខូចមួយចំនួនបានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ព្រមទាំដាក់ចេញនៅវិធានការទប់ស្តាក់ លុបបំបាត់សកម្មភាពទន្ទ្រានដីព្រៃទាំងនោះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ភូមិសាស្ត្រឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ដែលមានសក្តានុពលសម្រាប់ការអភិរក្ស និងតំបន់ព្រៃរងទឹកភ្លៀងយ៉ាងសំខាន់។

ជុំវិញករណីនេះដែររដ្ឋបាលខេត្ត បានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋនៅតែបន្តកាប់គាស់ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន កើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។


ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់រួមមាន៖
ទី១.មោឃភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែលបានហាមឃាត់។
ទី២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់ឆ្ការ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធនធានធម្មជាតិ។
ទី៣.ការកាប់ឆ្ការ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង និងដាំដំណាំដើម្បីយកដីធ្វើជាកម្ម សិទ្ធិក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ដែលបានហាមឃាត់ គឺជាបទល្មើសធនធានធម្មជាតិដែលមានចែងក្នុងមាត្រា៦២ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ទី៤.អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ត្រូវចូលរួមបញ្ឈប់ និងជួយផ្សព្វផ្សាយជាបន្ទាន់នូវការចូលកាប់ទន្ទ្រានដីព្រៃ គ្រប់រូបភាពរបស់ពលរដ្ឋក្នុងភូមិសាស្ត្រានោះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់ កាប់ ព្រមទាំងត្រូវរុះរើ និងចាកចេញឱ្យបានមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ជាកំហិត។

រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន ៕

photo_2024-03-24_13-06-13

photo_2024-03-24_13-06-13 (2)

 

photo_2024-03-24_13-06-13

photo_2024-03-24_13-06-13 (2)

photo_2024-03-25_14-28-26

photo_2024-03-25_14-28-20

 

 

Comments

Related posts