គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ

វិទ្យុជាតិកម្ពុជា លោកចេម ហួត 

photo_2024-03-30_00-15-19-1

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់កម្ពុជា សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិនបានចាត់ទុក គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ហើយចំពោះប្រទេសឬក្រុមណាមួយថាមានចិនពីរនោះគឺពិតជាផ្ទុយទៅនឹងគោលការណ៍ប្រវត្តិសាស្ត្រចិននិងការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

ក្នុងវេទិកាឆ្នាំ២០២៤ ស្តីពីគោលការណ៍ចិនតែមួយនារសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមកម្ពុជាចិន ឯកឧត្តមឯក សំអុលទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឧបាយកលថា មានចិនពីរ ឬចិនដីគោក និងចិនកោះតៃវ៉ាន់ គឺជាការជំរុញឱ្យមានអរិភាព និងការប្រឈមមុខដាក់គ្នាកាន់តែតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទាំងកម្រោល ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ បូរណភាពដែនដីចិន ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខតំបន់ និងពិភពលោក។

ឯកឧត្តមបញ្ជាក់ថាគោលនយោបាយការបរទេសរបស់កម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍ចិនតែមួយ ដោយមិនងាករេឡើយ ។ គោលការណ៍ចិនតែមួយនេះ បានក្លាយជាជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ។ ក្នុងនោះកម្ពុជាទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើនពីចំណងមិត្តភាពកម្ពុជាចិន។

សំឡេង៖ «ផ្អែកតាមគោលការណ៍ចិនតែមួយនេះ ធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ គឺបាននាំមកនូវសន្តិភាព វិបុលភាព និងការរីកចម្រើនហួសពីការរំពឹងទុក ដោយធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យកិត្យានុភាពកម្ពុជាត្រូវបានលើកខ្ពស់ក្នុងផ្ទៃរាបអន្តរជាតិ។

IMG_9961-1

ឯកឧត្តមបណ្ឌិត កៅម៉ុយ ថង ទីប្រឹក្សាឯកឧត្តម វង សូត្រអនុប្រធានទី២រដ្ឋសភា និងជាអ្នកវិភាគបានបញ្ជាក់ថា ការទទួលស្គាល់នូវគោលការណ៍ចិនតែមួយ ពិតជាមានសារសំខាន់ណាស់ ព្រោះថា ប្រទេសទាំងអស់បើមានទំនាក់ទំនងល្អជាមួយចិនជាដំបូងចាំបាច់ត្រូវតែទទួលស្គាល់នូវគោលការណ៍ចិនតែមួយសិន។

សំឡេង៖ «យើងបាននិយាយហើយថា បើយើងចង់និយាយជាមួយចិន គឺយើងត្រូវទទួលស្គាល់គោលការណ៍ចិនតែមួយនេះ។ អ៊ីចឹងផ្តើមចេញពីគោលការណ៍ចិនតែមួយនេះ កម្ពុជាយើងបានឈានទៅដល់ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយគឺមិត្តភាពដែកថែប មិត្តភាពត្បូងពេជ្រប្រាំមួយជ្រុង។ ដោយ យើងថា ទំនាក់ទំនងកម្ពុជាចិនគឺផ្តើមឡើងចាប់តាំងពីឆ្នាំ១៩៥៨ ហើយបានឈានដល់ជាមិត្តភាពគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០០៦»។

photo_2024-03-30_00-16-25-1

លោកបណ្ឌិត ជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ការប្រកាន់គោលការណ៍ចិនតែមួយគឺជាការគោរពច្បាប់អន្តរជាតិ និងការសម្រេចរបស់អង្គការសហប្រជាជាតិដែលប្រកាសថា ប្រទេសចិនមានតែមួយ។

លោកបណ្ឌិតបញ្ជាក់ថា ចំពោះប្រទេសណាដែលគាំទ្រឱ្យមានបំបែកកោះតៃវ៉ាន់ចេញពីចិនគឺជាការរុញស្ថានការណ៍ពិភពលោកធ្លាក់ក្នុងវិនាសកម្ម ហើយវាផ្ទុយទៅនឹងការសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ។

សំឡេង៖ «ជាការពិតមិនអាចប្រកែកបានទេ បើស្ថានភាពនេះនៅតែបន្ត គឺជាការមួយផ្គើនទៅនឹងការសម្រេចរបស់អង្គការសហប្រជាជាតិ , ជាការជំរុញឱ្យតំបន់ ពិភពលោកទទួលនូវវិនាសសកម្ម , ជាការមិនគោរពនូវច្បាប់ បូរណភាពដែនដីរបស់ប្រទេសមួយដែលស្របទៅនឹងធម្មនុញរបស់អង្គការសហប្រជាជាតិ ។ យើងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងណាមួយ ក្នុងការបំបែកកោះតៃវ៉ាន់ចេញពីចិន។ ការគាំទ្រតៃវ៉ានឱ្យមករួមរស់ជាមួយចិនគឺជាជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសកលលោកកាន់តែធំថែមទៀត»។

photo_2024-03-30_00-15-13-1

លោក ឈិន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសើរចំពោះសមាគមទាំងពីរដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការផ្សព្វផ្សាយ ការចែករំលែក និងបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសចិន។

សូមបញ្ជាក់ថា នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ដោយមានវាគ្មិនជំនាញបានធ្វើបទបង្ហាញស្តីពីឯកសារព័ន្ធទៅនឹងគោលការណ៍ចិនតែមួយ ជូនដល់តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សហ្វ៊ុនសិនប៉ិច អ្នកតំណាងរាស្ត្រ មន្ត្រីរាជការពីបណ្តាក្រសួងស្ថាប័នចំនួន១៤ សហជីព សង្គមស៊ីវិល សាស្ត្រាចារ្យ និស្សិតពីបណ្តាសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ៕photo_2024-03-30_00-15-24-1photo_2024-03-30_00-15-35-1photo_2024-03-30_00-15-43-1

photo_2024-03-30_00-15-52-1

 

Comments

Related posts