រដ្ឋបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាយករង្វាន់របស់សម្តេចនាយករដ្ឋមន្រ្ដីឱ្យបានលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០១ ០៤ ២៤

ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាយករង្វាន់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីឱ្យបាន លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីធ្វើឱ្យបុណ្យប្រពៃណីជាតិមានភាពអធឹកអធម និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋឲ្យខាងតែបាន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ 

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក សារព័ត៌មានរបស់វិទ្យុជាតិកម្ពុជា លោក  សរ សុពុត្រា អភិបាលរង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដ ហើយក៏ជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្ដិការណ៍កំពង់ស្ពឺសង្ក្រាន្ត មានប្រសាសន៍ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្ដកំពង់ស្ពឺ នឹងបន្ដធ្វើការផ្សព្វផ្សាយ និងដាក់មន្រ្ដីប្រចាំការនៅតាមគោលដៅនីមួយៗ ដើម្បីសម្រួលចរាចរណ៍ ធ្វើការអប់រំ និងណែនាំឱ្យប្រជាពលរដ្ឋធ្វើដំណើរមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ ដោយបើកបរត្រូវពាក់មួកសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវបើកបរក្នុងស្ថានភាព ស្រវឹងជាដាច់ខាត។
លោក  សរ សុពុត្រា បានបញ្ជាក់ថា ក្នុងកំឡុងការរឹតបន្តឹងច្បាប់ចរាចរណ៍ក្នុងឱកាសកំពង់ស្ពឺសង្ក្រាន្តនេះ គឺដើម្បីបន្ដអនុវត្ដបទបញ្ជារបស់រាជរដ្ឋាភិបាល  និងជាចលករបន្ថែមសម្រាប់ជួយជំរុញការអនុវត្ដការធ្វើចរាចរណ៍ឱ្យមានការទទួលខុសត្រូវ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។ ជាពិសេស ស្របតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ដ ធ្វើយ៉ាងណាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងសង្ក្រាន្តឆ្នាំនេះ ឱ្យបានល្អបំផុត និងមានរង្វាន់លើកទឹកចិត្ដផងដែរ។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្ដគោរពច្បាប់ចរាចរណ៍ប្រកាន់ខ្ជាប់ជានិច្ច ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយក្នុងពេលធ្វើដំណើរមកស្រុកកំណើត និងទៅកម្សាន្ដនៅតំបន់ទេសចរណ៍ផ្សេងៗ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ថា បើសិនសង្ក្រាន្តឆ្នាំនេះអត់មានគ្រោះថ្នាក់ចរាចរណ៍ គឺជាការល្អបំផុត ហើយបើខេត្តមួយៗដាក់មើល យកសូចនាករ ក្នុងសង្ក្រាន្តនេះ គ្រោះថ្នាក់ចរាចរណ៍តិចជាងគេបំផុត ជាការប្រកួតប្រជែងក៏ល្អដែរ។ ហើយបើខេត្តណាអត់មានគ្រោះថ្នាក់ចរាចរណ៍ គឺមានរង្វាន់ពីនាយករដ្ឋមន្ត្រីទៀត ៕0CA1C9D0-ECDF-4D18-BE27-290E872AB8DEphoto_2024-04-02_09-58-44IMG_9991IMG_0236-1IMG_0203-1photo_2024-04-01_15-47-08photo_2024-04-01_15-47-10photo_2024-04-01_15-47-22photo_2024-04-01_15-47-11

Comments

Related posts