វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤,៤១៥បណ្ណត្រូវបានប្រគល់ជូនប្រជាពលរដ្ឋស្រុកស្វាយទាបខេត្តស្វាយរៀង

វិទ្យុជាតិកម្ពុជា៖លោកវណ្ណៈស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅភូមិទួលច្រេស និងភូមិថ្នល់កែងឃុំពពែត, ភូមិត្រពាំងស្បូវ ភូមិត្រពាំងចក និងភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង សរុបចំនួន៤,៤១៥ បណ្ណ។

ពិធីនេះមានការអញ្ជើញញចូលរួមពីសំណាក់ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុកស្វាយទាប អាជ្ញាមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅស្រុកស្វាយទាបនាឱកាសនេះផងដែរ។

ឯឧត្តមបន្តថា សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានចេញជាផ្លែផ្កា ដូចបានឃើញនូវពេលនេះ ។ ជាមួយនេះ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់ការសហការ ដើម្បីវាស់វែងចេញបណ្ណ ឱ្យបានកាន់តែមានប្រសិទ្ធភាព ជាពិសេសបណ្ណដែលនៅសេសសល់ ដើម្បីពន្លឿន និងចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច នូវចំណុចសំខាន់ៗមួយចំនួនដូចជា

-ត្រូវខិតខំយកចិត្តទុកដាក់លើការការពារសន្តិសុខសណ្តាប់ឱ្យបានល្អជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

- ត្រូវរៀបចំតុបតែងឱ្យបានស្អាតល្អ នូវទីតាំងវត្តអារាមឬកន្លែងផ្សេងៗដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង

-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

- ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋានជាដើម

-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់៕

photo_2024-04-02_10-17-05

photo_2024-04-02_10-17-19

photo_2024-04-02_10-17-22

photo_2024-04-02_10-17-25

photo_2024-04-02_10-17-29

photo_2024-04-02_10-17-32

Comments

Related posts