រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យប្រជាពលរដ្ឋ ដាក់ពាក្យចូលរួមប្រណាំងរទេះសាឡីគោលឿន នៅសង្ក្រាន្តកំពង់ស្ពឺឱ្យកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០២ ០៤ ២៤

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបាន អំពាវនាវឱ្យប្រជាពលរដ្ឋមកដាក់ពាក្យចូលរួមប្រណាំង រទេះសាឡីគោលឿន នៅសង្ក្រាន្តកំពង់ស្ពឺឱ្យកាន់តែច្រើន ដើម្បីធ្វើឱ្យបុណ្យប្រពៃណីជាតិមានភាព អធឹកអធម និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជា លោក  សរ សុពុត្រា អភិបាលរងខេត្ត កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដ ហើយក៏ជាប្រធានគណៈកម្មាធិការរៀបចំ ព្រឹត្ដិការណ៍កំពង់ស្ពឺសង្ក្រាន្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់គោរទេះអាចមកដាក់ពាក្យចូលរួមពិធីប្រណាំងរទេះសាឡីគោលឿនឱ្យកាន់តែច្រើន។
លោក  សរ សុពុត្រា បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿននេះ គឺក្នុងគោលបំណង ចូលរួម អភិរក្សលើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែល បុព្វបុរសខ្មែរបានបន្សល់ទុកជាយូរ ណាស់មកហើយ។
លោកបានឱ្យដឹងថា គិតមកដល់នឹងពេលនេះ គឺមានគោរទេះ៤០ នឹមហើយបានដាក់ពាក្យចូលប្រឡង ប្រណាំង និងមកពីបណ្ដារាជធានីខេត្ដដូចជា ភ្នំពេញ កំពង់ចាម និងភូមិ ឃុំ ស្រុក នៅក្នុងខេត្ដកំពង់ស្ពឺ ទាំងមូល ។
លោក  សរ សុពុត្រា បន្ថែមថា ពិធីប្រណាំងរទេះសាឡីគោលឿននៅសង្ក្រាន្តកំពង់ស្ពឺនេះ គឺមានរង្វាន់ លើកទឹកចិត្ដជូនបងប្អូនផងដែរ។
មួយគ្នានេះលោក សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឱ្យបានច្រើនកុះករ ។
សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បាន ផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទី ប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់៕photo_2024-04-02_11-12-370CA1C9D0-ECDF-4D18-BE27-290E872AB8DEphoto_2024-03-29_11-27-15photo_2024-03-29_11-27-05photo_2024-04-01_15-47-15photo_2024-04-01_15-47-22

Comments

Related posts