ឯកឧត្តម ហេង សួរ៖ ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជានៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

វិទ្យុជាតិកម្ពុជា៖ 
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជានៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួួញ គឺជាសារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។ ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ គឺក្នុងពេលដែលឯកឧត្តមបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែងប្រកបដោយសក្តានុពលក្នុងការវិនិយោគ និងទំនុកចិត្ត។ ទន្ទឹមនឹងនេះ ការរិយាល័យក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពលរបស់កម្ពុជា  ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ក្នុងការទំនាក់ទំនងជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសុទ្ធសឹងតែជាចំណុចគន្លឹះដែលបម្រើដល់ការវិនិយោគ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីដដែល។ 

ឯកឧត្តមហេង សួរ បានសង្កត់ធ្ងន់ថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយដែលបង្ហាញពីផ្លែផ្កាទំនាក់ទំនងកម្ពុជានិងជប៉ុនខណៈដែលប្រទេសទាំងពីរទើបដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងកាលពីឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់សមាគមជប៉ុននៅកម្ពុជាដើម្បីឱ្យដំណើរការដោយរលូនដើម្បីឱ្យការវិនិយោគរបស់ជប៉ុនកាន់តែកើនឡើងជាលំដាប់ ដែលនឹងបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងស្រុកបន្ថែមទៀត។ 

ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជប៉ុនក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជាតាមរយៈការយោគយល់និងអនុគ្រោះជាច្រើនដើម្បីធ្វើយ៉ាងណាជំរុញការបោះទុនវិនិយោគនៅកម្ពុជាជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមរវាងប្រទេសទាំងពីរ៕photo_2024-04-02_12-53-14photo_2024-04-02_12-53-13photo_2024-04-02_12-53-15 (2)photo_2024-04-02_12-53-15

Comments

Related posts