ជនជាតិគួយនាំគ្នាសម្តែងកីឡាវាយខែលគោលដៅអភិរក្សប្រពៃណី និងបង្កើតព្រឹត្តិការណ៍សប្បាយ បង្កើនភាពស្និទ្ធស្នាល

 វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង


ស្ទឹងត្រែង៖   ជនជាតិគួយ នៅខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នាំគ្នាសម្តែងកីឡាវាយខែល  ខណៈដែលមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តបានចាត់ទុកកីឡាប្រភេទនេះជាសិល្បៈមួយបែបនៅសេសសល់ពីសម័យបុរាណជាប្រពៃណីជនជាតិខ្មែរដើម ។
          ក្នុងឱកាសសម្តែងកីឡាវាយខែលនៅទីលានប្រសាទព្រះគោថ្ងៃទី០៥ខែមេសានេះលោកជ័យឃុនជនជាតិគួយមកភូមិឃុំ ឆែប  ស្រុកឆែមខេត្តព្រះវិហារ បានបញ្ជាក់ថា កីឡានេះយើងបានបង្ហាញពីទេពកោសល្យនិងភាពក្លាហាន ដើម្បីឱ្យយុវជនជំនាន់ក្រោយជួយអភិរក្សបន្តកុំឱ្យបាត់បង់នៅពេលអស់ពីចាស់ទុំទៅ ។
       លោកបន្តថា៖កីឡាវាយខែលមានតាំងពីសម័យឧដុង្គមក ក្នុងចន្លោះឆ្នាំ១៦២០មកលុះមកសម័យប៉ុលពត   ត្រូវពួកខ្មែរក្រហមលប់បំបាត់ចោល។   ទើបក្រោយថ្ងៃរំដោះ៧មករាចាស់ៗ ជនជាតិគួយនាំគ្នាស្រាវជ្រាវនិងសម្តែងរំឭកឡើងវិញ នៅក្នុងពិធីបុណ្យព្រះគោ  និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
          លោកកៅជួនជនជាតិគួយនៅភូមិឃុំអន្លង់ជ្រៃបានអះអាងថា កេរដូនតាយើងត្រូវតែនាំគ្នាថែរក្សាដើម្បី បង្ហាញទៅកូនចៅកុំឱ្យភ្លេច  និងចេះធ្វើសម្ភារៈវាយខែល មានដូចជាស្គរធ្វើពីឈើ មានពាសស្បែក សត្វ និងយកស្លឹកទ្រាំង ដើមឫស្សីមកធ្វើជារបាំងខែល  និងយកដើមផ្តៅ ឬដើមសោមតូចៗមកចងរឹតផ្គុំគ្នា ឱ្យណែនដើម្បីយកមកវាយ ហៅថារំពាត់ខែល។
       លោកសនសារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានទទួលស្គាល់ថា៖ការបាននាំគ្នាមកសម្តែងនេះក៏ជាការរំឭកដាស់តឿនមួយដែរ សម្រាប់ឱ្យបងប្អូនជនជាតិគួយទាំងអស់   បានមកសប្បាយផងនិងបានទំនាក់ទំនងគ្នាពីខេត្តមួយទៅខេត្តមួយ   ក្នុងជីវភាពរស់នៅឱ្យចេះជួយគ្នាទៅវិញទៅមក។
          លោកគាំទ្រចំពោះកិច្ចការងារអភិរក្ស នេះព្រោះកន្លងមកយើងបានបង្កើតឱ្យមានគណៈកម្មការសម្រាប់ដឹកនាំរួចមកហើយ  ងាយស្រួលដល់ការរៀបចំបង្កើតក្រុមលែង ឱ្យបានច្រើន និងបានបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយផង។
           សូមបញ្ជាក់ថា៖កីឡាវាយខែលជាទម្លាប់នៅពេលធ្វើបុណ្យព្រះគោម្តងៗនៅខែមីនា និងខែមេសា   នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ   បងប្អូនជនជាតិគួយតែងប្រមូលគ្នាមកលេងសម្តែងថ្វាយព្រះគោ  នៅទីតាំងប្រាសាទព្រះគោជារៀងរាល់ឆ្នាំ  ដើម្បីសុំសេចក្តីសុខឱ្យពេលទៅធ្វើការងារបង្កបង្កើនផលដំណាំ ស្រូវ ស្រែចម្ការច្បារដំណាំ  ឱ្យទទួលបានផលច្រើននិងការរស់នៅមានសេចក្តីសុខសប្បាយ ៕photo_2024-04-05_17-10-12

photo_2024-04-05_17-23-06

photo_2024-04-05_17-23-10

photo_2024-04-05_17-23-17

photo_2024-04-05_17-23-33

Comments

Related posts