តួកគី ដាក់កំហិតលើការនាំចេញផលិតផល ៥៤ មុខទៅកាន់អ៉ីស្រាអែល រហូតដល់មានបទឈប់បាញ់នៅតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-208

a10-176

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រទេសតួកគីនឹងដាក់កំហិតលើការនាំចេញផលិតផលជាច្រើនទៅកាន់អ៉ីស្រាអែល រហូតទាល់តែបទឈប់បាញ់ត្រូវបានប្រកាសក្នុងតំបន់ហ្គាហ្សានៅក្នុងចំណាត់ការលើកដំបូងរបស់ទីក្រុងអង់ការ៉ា ប្រឆាំងអ៉ីស្រាអែល បន្ទាប់ពី ៦ ខែនៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ក្រសួងពាណិជ្ជកម្មតួកគី បានឱ្យដឹងថា ការដាក់កំហិតត្រូវចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ ហើយវាបានកើតឡើងបន្ទាប់ពីអ៉ីស្រាអែល បដិសេធលើសំណើរបស់ខ្លួនដើម្បីចូលរួមក្នុងការទម្លាក់ជំនួយមនុស្សធម៌តាមអាកាសទៅឱ្យប្រជាជនប៉ាឡេស្ទីន។ ការដាក់កំហិតនឹងត្រូវធ្វើឡើងទៅលើផលិតផលចំនួន ៥៤ មុខផ្សេងៗគ្នារួមមានដែក ថ្មម៉ាប ដែកថែប ស៉ីម៉ង់ត៍ អាលុយមីញ៉ូម ឥដ្ឋ ជីកសិកម្ម ប្រេងឥន្ធនៈយន្តហោះ និងវត្ថុជាច្រើនទៀត។ សេចក្តីថ្លែងការណ៍ក្រសួងបានបញ្ជាក់ថា "ការសម្រេចនេះនឹងបន្តមានសុពលភាពរហូតដល់អ៉ីស្រាអែល នៅក្រោមកាតព្វកិច្ចរបស់ខ្លួនដែលផ្អែកលើច្បាប់អន្តរជាតិ ប្រកាសបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា ហើយអនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ឥតឈប់ឈរចូលទៅកាន់ទីនោះ"។ គួរបញ្ជាក់ថា តួកគី បានថ្កោលទោសសកម្មភាពរបស់យោធាអ៉ីស្រាអែលនៅហ្គាហ្សា និងអំពាវនាវជារឿយៗឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយថែមទាំងគាំទ្រចំណាត់ការប្រឆាំងអ៉ីស្រាអែលនៅតុលាការអន្តរជាតិ ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៀតផង៕

Comments

Related posts