សម្តេចធិបតីបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

តាកែវ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងទឹក ទន្លេនោះដែរ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត សំខាន់គឺបងប្អូនដែលរស់នៅតាមព្រែកនិងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនឹងជួយសម្រួលការដឹកជញ្ជូនទំនិញ និងកាត់បន្ថយតម្លៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបាន បញ្ជាក់ថា  ព្រែកជីកហ្វូណនតេជោ មានការសិក្សាពីអ្នកជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធជាង៤០នាក់ និងប្រើពេលសិក្សាប្រមាណ ២៦ ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ព្រែកជីកហ្វូណនតេជោ គឺមានជម្រៅប្រមាណ ៤ ម៉ែត្រកន្លះ មិនអាចអនុញ្ញាតឱ្យនាវាចម្បាំងផ្ទុកយន្តហោះបើកឆ្លងកាត់បាននោះទេ។ នាវា ចម្បាំងប្រភេទនោះ គឺត្រូវការជម្រៅទឹកជ្រៅជាងនេះ ទើបអាចបើកឆ្លងកាត់បាន។
សម្ដេចធិបតីអះអាងថា កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀតកម្ពុជា មិនយកប្រទេសណា ធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មានការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃនេះ និងទៅអនាគត។
សូមបញ្ជាក់ថា គម្រោងព្រែកជីក ហ្វូនណនតេជោនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាពផងដែរ៕photo_2024-04-11_09-01-57photo_2024-04-11_09-02-14photo_2024-04-11_09-02-19photo_2024-04-11_09-01-08photo_2024-04-11_09-01-02photo_2024-04-11_09-00-58

Comments

Related posts