បើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO ATSUSHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមានការអញ្ជើញចូលរួម ពីឯឧ ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារ JICA ឯកឧត្តមអភិបាលរងខេត្ត មន្ទីរ អង្គភាពនានា លោកអភិបាលក្រុងស្រុកទាំង៨ អាជ្ញាធរមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសំណង់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត៕ 

 

 

 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប៉េងពោធិសា អភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកៀរគរការចូលរួមឧបត្ថម្ភគាំទ្រក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅក្នុងខេត្តស្វាយរៀង និងក៏សូមសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រ និងឧបត្ថម្ភដល់ដំណើរការកសាង ស្ដារឡើងវិញ និងអភិវឌ្ឍន៍ខេត្តស្វាយរៀងនាពេលកន្លងមក ក៏ដូចជាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នាពេលនេះ ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដមអភិបាលខេត្ត មានជំនឿជឿជាក់យ៉ាងមុតមាំថា គម្រោងដ៏មានសារៈសំខាន់នេះ នឹងពិតជាដើរតួនាទីដ៏ចម្បង រួមចំណែកគាំទ្រនាំឲ្យសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតនៅតាមទីប្រជុំជន ឲ្យបាន ១០០% នាពេលខាងមុខ ឈានទៅឆ្លើយតបកាន់តែមានប្រសិទ្ធភាព ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងផ្នែកសេវាកម្ម អាជីវកម្ម និងផលិតកម្មផ្សេងៗនៅក្នុងខេត្ត ដែលពីមួយថ្ងៃទៅមួយថ្ងៃតម្រូវការទឹកស្អាតកាន់តែមានការកើនឡើងជាលំដាប់ ។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍដល់កម្ពុជា ជាពិសេសលើវិស័យទឹកស្អាត ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាការពិតណាស់តម្រូវការទឹកស្អាតក្នុងខេត្តស្វាយរៀងពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ដូច្នេះចំពោះមុខសមិទ្ធផលដែលបានរៀបចំពិធីបើកការដ្ឋាននៅព្រឹកនេះ គឺជាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ  JICA ដែលមានទំហំទឹកប្រាក់ប្រមាណ៣ ៩៨៦,០០០,០០០ យ៉េន ឬប្រមាណ ៣០.៦លានដុល្លារអាមេរិក មានសមត្ថភាពផលិតទឹកស្អាតបាន ៦,៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨គីឡូម៉ែត្រ ដែលគម្រោងបានចាប់ផ្តើមដំណើរការអនុវត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕photo_2024-04-11_12-00-48photo_2024-04-11_12-00-52photo_2024-04-11_12-00-55photo_2024-04-11_12-01-03photo_2024-04-11_12-01-06

photo_2024-04-11_12-01-16

Comments

Related posts