មេដឹកនាំអ៉ីរ៉ង់ថា អ៉ីស្រាអែលត្រូវតែទទួលទោស ចំពោះការវាយប្រហារលើអគារកុងស៊ុលរបស់ស្ថានទូតនៅស៉ីរី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a29-6

a30-7

អន្តរជាតិ៖ លោក Ayatollah Ali Khamenei ប្រធានាធិបតីអ៉ីរ៉ង់បាននិយាយថា អ៉ីស្រាអែលត្រូវតែទទួលទោសជាដាច់ខាតសម្រាប់ការវាយប្រហារលើបរិវេណស្ថានទូតអ៉ីរ៉ង់ប្រចាំនៅស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ក្នុងសុន្ទរកថានៅពិធីបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាឌន លោក Khamenei បញ្ជាក់ថា "នៅពេលពួកគេវាយប្រហារលើអគារកុងស៊ុល ស្មើនឹងពួកគេវាយប្រហារលើទឹកដីអ៉ីរ៉ង់ដូច្នោះដែរ។ អ៉ីស្រាអែលបានធ្វើខុស ហើយត្រូវតែទទួលទោសដាច់ខាត"។ ជាការឆ្លើយតបទៅ នឹងសុន្ទរកថារបស់ លោក Khamenei លោក Israel Katz រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល បាននិយាយថា អ៉ីស្រាអែលក៏នឹងឆ្លើយតបទៅវិញដែរ ប្រសិនបើអ៉ីរ៉ង់វាយប្រហារមកលើទឹកដីរបស់ខ្លួន។ គួរបញ្ជាក់ថា ការប្រឈមុខដាក់គ្នាដ៏ធំរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ កើតឡើងដោយសារតែយន្តហោះចម្បាំងអ៉ីស្រាអែល សង្ស័យថា បានទម្លាក់គ្រាប់បែកលើអគារកុងស៊ុលអ៉ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាសរបស់ ស៉ីរី កាលពីថ្ងៃទី១ ខែមេសា ដោយអ៉ីរ៉ង់ និយាយថា បានសម្លាប់ទីប្រឹក្សាយោធា ៧ នាក់របស់ខ្លួន៕

Comments

Related posts