រាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយរឿងបុរីជាមួយប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a21-16

តាកែវ៖សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយរឿងបុរីជាមួយប្រជាពលរដ្ឋដើម្បីធ្វើការសម្របសម្រួលជូនប្រជាពលរដ្ឋឱ្យទទួលបានសំណងសមរម្យ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាជាមួយ ម្ចាស់បុរីនានា ធ្វើយ៉ាងណាយកចិត្តទុកដាក់បំផុត។ ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន និងម្ចាស់បុរី សម្តេចក៏បានធ្វើការជាមួយធនាគារជាតិ ដោយឲ្យតួអង្គនេះត្រូវចរចាជាមួយធនាគារនានា ដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំងផ្នែកសេដ្ឋកិច្ចផងដែរ។
សម្តេចធិបតី បានបញ្ជាក់ថា បញ្ហាជាមួយប្រជាពលរដ្ឋ និងម្ចាស់បុរីនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ  ។
សម្តេចធិបតី បានបន្ថែមថា ការដោះស្រាយនេះ រាជរដ្ឋាភិបាល គឺត្រូវដោះស្រាយតាមនីតិវិធី និងមិនធ្វើការចាប់រហូតនោះទេ ដើម្បីធ្វើយ៉ាងណាត្រូវដោះស្រាយបញ្ហាជូនអតិថិជន ហើយធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍បន្ដលំនឹងដោះស្រាយជូនបន្ថែមទៀត សម្រាប់ចូលរួមលើកកម្ពស់សេដ្ឋកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលបានកំពុងលើកទឹកចិត្ដអ្នកវិនិយោគលើអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើតលំនៅឋានកាន់តែទំនើប និងតម្លៃកាន់តែសមរម្យ៕

Comments

Related posts