សមទ្ធិផលទាំងឡាយរបស់ប្រទេសកម្ពុជា គឺជានិមិត្តរូបនៃការរីកចម្រើនដែលកើតចេញពី សមត្ថភាព និងការខិតខំរបស់កូនខ្មែរ

 

វិទ្យជាតិកម្ពុជា ៖ ស៊ឹង សុផារី ១១.០៤.២០២៤

a20-16

សម្តេចធិបតី ថ្លែងថា សមទ្ធិផលទាំងឡាយរបស់ប្រទេសកម្ពុជា គឺជានិមិត្តរូបនៃការរីកចម្រើន ដែលកើត ចេញពីសមត្ថភាព និងការខិតខំរបស់កូនខ្មែរ ពោលគឺបានប្រឹងប្រែងជាប់ជានិច្ច ដើម្បីកសាងនិងអភិវឌ្ឍន៍ ជាតិឱ្យមានភាពជឿនលឿន ស្របតាមសម័យកាលទំនើប ។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពក្នុងការផលិត នូវផលិតផលប្រើប្រាស់ដោយខ្លួនឯង ខុសពីកាលពីជំនាន់មុន ហើយសង្ឃឹមថា ក្នុងរយៈពេល១៥ទៅ ២០ឆ្នាំខាងមុខទៀត ការផលិតផលិតផលប្រើប្រាស់នៅក្នុងស្រុកនេះ គឺនឹងមានការកើនឡើងគួរឱ្យ  កត់សម្គាល់ ដែលនេះគឺជាទិសដៅ ក៏ដូចជាការខិតខំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ដាក់ចេញទិសដៅបង្កើតទីផ្សារក្នុងស្រុក ដែលរួមមាន ការសហការយ៉ាងជិតស្និទ្ធពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម អាជ្ញាធររាជធានី-ខេត្ត ក្រសួងកសិកម្ម ដែលទាំងនេះគឺជាទិសដៅសម្រាប់កម្ពុជា ត្រូវបន្តអនុវត្ត ។
សម្ដេចធិបតី បានបន្តថា កាលពីមុនសម្រាប់ផលិតផលទឹកដោះគោ គឺកម្ពុជានាំចូលពីក្រៅប្រទេស ១០០ភាគរយ គឺគ្មានសមត្ថភាពក្នុងការផលិតដោយខ្លួនឯងនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះគឺកម្ពុជា អាច ផ្គត់ផ្គង់បានដល់១៥ភាគរយ ដែលនេះគឺជាមោទនភាពដែលកម្ពុជាត្រូវមាន ។ ជាងនេះទៅទៀត កាលពីមុនកម្ពុជាមិនមានសមត្ថភាពសាងសង់ស្ពានបានដោយខ្លួនឯងនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ គឺកម្ពុជាអាចធ្វើបានល្អ ជាពិសេសការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលទាំងនេះគឺជា មោទនភាពដែលកម្ពុជាត្រូវបង្ហាញ ហើយសម្រាប់ការបង្ហាញទាំងអស់នេះ គឺជាអ្វីដែលកម្ពុជាបាន ខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យមានការរីកចម្រើន និងមានមុខមាត់នៅលើឆាកអន្តរជាតិ ។
 « ព្រោះនេះជាអ្វីដែលយើងខិតខំប្រឹងប្រែង ពាក្យថាអួតស្តាប់មកមានន័យអវិជ្ជមាន ប៉ុន្តែអួតគឺជាការលើកបញ្ជាក់នូវអ្វីដែលយើងធ្វើបាន ហើយកម្ពុជាពីមុនមិនដែលមានព្រលានយន្តហោះ កម្រិត4F យន្តហោះមួយចំនួនដែលហោះមកកម្ពុជាកន្លងទៅ ហោះឆ្ងាយគឺមិនងាយហោះមកកម្ពុជាទេ ប៉ុន្តែនាពេលខាងមុខនេះគឺនឹងហោះចុះចតនៅកម្ពុជាបាន ពីមុនយើងមិនដែលធ្វើព្រែកជីកធំ ភ្ជាប់សមុទ្រ តិចទៀតកម្ពុជាធ្វើបាន នេះគឺជាមោទនភាពរបស់យើង ផ្លូវហាយវ៉េគឺយើងមាន ហើយបច្ចុប្បន្ននេះ គឺយើង មានពីព្រះសីហនុ-ភ្នំពេញ ទៅមុខទៀតយើងនឹងបន្តធ្វើបន្ថែមទៀត នេះហើយគឺជាមោទនភាព ជាការលើក យកមកសរសើរ និងលើកយកមកដើម្បីសំដែងមោទនភាព ហើយអ្នកខ្លះថាខ្ញុំអួត ហើយទាក់ម៉ូយ ខ្ញុំនៅបន្តនិយាយ ព្រោះខ្ញុំតែងតែទៅបញ្ចុះបញ្ចូល ដែលទាំងអស់នេះគឺជាសមិទ្ធផលរួមរបស់ប្រទេសយើង ហើយខ្ញុំក៏មិនបានទាក់ម៉ូយ ដើម្បីយកមកធ្វើរោងចក្រតែនៅដីចម្ការរបស់ខ្លួនឯងនោះដែរ គឺខ្ញុំខិតខំដើម្បី ប្រជាកសិករក៏ដូចជាប្រជាពលរដ្ឋរបស់ខ្ញុំ » ៕

Comments

Related posts