ខេត្តឧត្តរមានជ័យមានតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល ចំនួន៤៣កន្លែង អាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តជាហូរហែ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី ១៤  ខែមេសា ឆ្នាំ២០២៤

IMG_7822

IMG_7823

IMG_7827-1

IMG_7826-1

IMG_7825-1

IMG_7822

IMG_7824

 

MC. មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នៅក្នុងទូទាំងខេត្ត មានតំបន់ទេសចរណ៍មានសក្តានុពលសំខាន់ៗចំនួនជាង៤០កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តជាហូរហែជាពិសេសក្នុងថ្ងៃឈប់សម្រាក ឬមានពិធីបុណ្យទាននានា។

លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា បើទោះបីឧត្តរមានជ័យជាខេត្តចុងក្រោយគេ ទើបទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការអនុវត្តនូវនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ប៉ុន្តែខេត្តឧត្តរមានជ័យជាខេត្តមួយមានសក្តានុពលទេសចរណ៍មិនចាញ់បណ្តាខេត្តដទៃទៀតប៉ុន្មានឡើយ នៅទីនេះសំបូរទៅដោយតំបន់សក្តានុពលទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើនអនេក។ លោកស្រីថា គោលដៅទេសចរណ៍សំខាន់ៗនៅទូទាំងខេត្ត មានច្រើនលើសលុប ប៉ុន្តែតំបន់ដែលត្រូវកំណត់ថា មានសក្តានុពលធំធេង អាចទាក់ទាញទេសចរទៅកម្សាន្តជាហូរហែមានចំនួន៤៣កន្លែង។

លោកស្រីបន្តថា តំបន់សក្តានុពលដែលទេសចរចូលមកកាន់ខេត្តឧត្តរមានជ័យ តែងគួចចិត្តចង់ទៅលេងកម្សាន្ត មានដូចជា៖ ស្រុកអន្លង់វែង ជាតំបន់មានសេសសល់តឹកតាងពីសម័យសង្រ្គាម សហគមន៍ទេសចរណ៍ធម្មជាតិ តំបន់ទឹកធ្លាក់ តំបន់ប្រាសាទបុរាណ និងវត្តអារាមពីសម័យបុរាណជាដើម។

យើងផ្តោតទៅលើតំបន់ប្រវត្តិសាស្ត្រអន្លង់វែង ដែលជាតំបន់សេសសល់តឹកតាងពីសម័យខ្មែរក្រហមចំនួន១៤កន្លែង យើងមានតំបន់ធម្មជាតិចំនួន១០កន្លែង ដែលតំបន់ហ្នឹងយើងផ្តោតសំខាន់ទៅលើទំតាំងសហគមន៍អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជា៖តំបន់ទឹកធ្លាក់មួយចំនួនផងដែរ ក្នុងនោះយើងមានប្រាសាទបុរាណ យើងមានចំនួន១០កន្លែង ជាប្រាសាទបុរាណដែលភ្ញៀវទេសចរណ៍អាចទៅទស្សនាកម្សាន្តបាន ប្រាសាទបុរាណដទៃទៀតមានន័យថា ជាប្រាសាទដែលបែកបាក់ច្រើន អ៊ីចឹងទេប្រាសាទដែលអាចទៅមើលរាល់ថ្ងៃបានចំនួន១០កន្លែងទេ ហើយយើងមានសហគមន៍អេកូទេសចរណ៍មានចំនួន៦កន្លែង យើងបានកំណត់វត្តទេសចរណ៍គំរូចំនួន៣កន្លែង និងតំបន់ធម្មជាតិកែច្នៃដែលមានវិនិយោគគាត់មកធ្វើមានចំនួន៣កន្លែងផងដែរ។

សូមជម្រាបថា ក្នុងមួយខែៗភ្ញៀវទេសចរជាតិ ជាមធ្យមពី៣ពាន់ទៅ៥ពាន់នាក់ តែងតែចូលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្ត។ ជាមួយគ្នានេះ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្ត មន្ទីរបានយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រឹងគុណភាពសេវាកម្ម ជាពិសេសធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមកលេងកម្សាន្តក្រៅពីដំណើរកម្សាន្តសប្បាយរីករាយហើយ ពួកគាត់អាចទទួលទានម្ហូបអាហារឆ្ងាញ់ពិសា ស្នាក់នៅទីកន្លែងស្អាត និងមានតម្លៃសមរម្យនោះ មន្ទីរបានធ្វើការជំរុញ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលទៅកាន់ម្ចាស់អាជីវកម្ម ឬសហគមន៍ ឱ្យចូលរួមធ្វើបដិសណ្ឋាកិច្ចចំពោះភ្ញៀវយ៉ាងល្អប្រសើរ៕

Comments

Related posts