រយៈពេល៣ខែដើមឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរសរុបចំនួនជាង១២ម៉ឺននាក់

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា  ១៥ ៤ ២០២៤

a1-256

a2-258

a3-264

a4-258

a5-251

a6-238

a7-240

a8-227

a9-216

ភ្នំពេញ ៖ រយៈពេល៣ខែដើមឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរសរុបចំនួនជាង១២ម៉ឺននាក់ ដែល មានការកើនឡើងចំនួន៣០ភាគរយ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យ ដឹងថា គិតត្រឹមរយ:ពេល៣ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរដែលបានទៅកម្សាន្តតាមតំបន់ផ្សេងៗនៅក្នុងខេត្តកំពង់ឆ្នាំង សរុបចំនួនប្រមាណជាង ១២ម៉ឺននាក់ បើប្រៀបធៀបរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣ គឺកើនឡើងចំនួន៣០ភាគរយ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០២៤ មានចំនួនប្រមាណជិត៧រយនាក់ ។
លោក ប្រធានមន្ទីរទេសចរណ៍ខេត្តឆ្នាំង បានបន្តថា មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានរៀបចំផែនការឱ្យមន្ត្រីជំនាញគ្រប់ការិយាល័យ ដែលរួមមានការិយាល័យសេវាកម្មទេសចរណ៍ ការិយាល័យអប់រំបណ្តុះបណ្តាល ការិយាល័យស្ថិតិទេសចរណ៍ បានចុះណែនាំដល់មូលដ្ឋានអាជីវកម្មនិងសេវាកម្ម នានានៅក្នុងខេត្ត។ ជាពិសេសពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ តាមគោលដៅធំៗ ដែលជាគោលដៅមានភាពទាក់ទាញខ្លាំង ក្រើនរំឭកពីការរក្សាគុណភាពផលិតផល ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាកម្មឱ្យបានសមរម្យ និងចុះត្រួតពិនិត្យលើបញ្ហាតម្លៃម្ហូបអាហារ ក៏ដូចជាសេវាស្នាក់នៅផ្សេងៗ ចៀសវាងមានការឡើងថ្លៃក្នុងកំឡុងពេលពិធីបុណ្យជាតិធំៗផងដែរ។ បន្ថែមពីនោះទៀត បានចុះទៅរមណីយដ្ឋានទេសចរណ៍មួយកន្លែងដែលភ្ញៀវទេសចរនិយមជិះរទេះគោ ដោយបានណែនាំឱ្យអ្នកបរទេះ ដែលមានចំនួន៥៧នាក់ ចំនួន៥ចំណុច គឺទី១ រៀបចំជួសជុលនិងតុបតែងរទេះគោឱ្យបានស្អាត ទី២ត្រូវស្លៀកពាក់ឯកសណ្ឋាននិងពាក់មួកស្លឹកត្នោតដល់អ្នកបរទេះ ទី៣ គ្រប់រទេះគោ ត្រូវចងទង់ជាតិខ្មែរទី៤ ត្រូវមានកម្រាលទន់សម្រាប់ភ្ញៀវអង្គុយ និងទី៥ ត្រូវមានអនាម័យខ្លួនប្រាណឱ្យបានស្អាតជាប្រចាំ ចៀសវាងមានក្លិនមិនល្អប៉ះពាល់ដល់ភ្ញៀវ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀត។
 « រយៈពេល៣ខែកន្លងទៅនេះ យើងទទួលភ្ញៀវទេសចរសរុបទាំងអស់ គឺ១២៣,៥៩៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស យើងទទួលបាន៦៨៦នាក់ និងរយៈពេល៣ខែ បើប្រៀបធៀបរយៈពេល៣ខែដើមឆ្នាំ២០២៣ គឺមានការកើនឡើងខ្ពស់ មានការកើនឡើងរហូតទៅដល់ ៣០ភាគរយ »។
សូមបញ្ជាក់ថា កំពង់ឆ្នាំង ជាខេត្តមួយស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍គោលដៅជាច្រើនកន្លែង រួមមាន៖ ភ្នំព្រះ ទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាល ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។ ក្រៅពីនេះ សហគមន៍ទេសចរណ៍អណ្ដូងឬស្សី ភ្នំនាងកង្រី, ភ្នំក្រាំងដីមាស, ភ្នំព្រះ,  ភ្នំសន្ទូច, ទួលអំពិល, ភ្នំរាប់បាត, ទំនប់ទ្វារទឹកគង្គា, ភ្នំព្រះធាតុ, ទំនប់២០ឧសភា, ទឹកធ្លាក់ស្រែអំពិល, និងទឹកធ្លាក់ថ្មក្រាល សុទ្ធតែជាតំបន់ទេសចរណ៍សំខាន់ៗសម្រាប់ខេត្តកំពង់ឆ្នាំង៕

Comments

Related posts