អ្នកស្រុកអង្គរ នៅតែបន្តបំពេញតួនាទី ជាអ្នកថែរក្សា និងការពារអង្គរ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦   ខែមេសា ឆ្នាំ២០២៤

IMG_8109-1

IMG_8115-1

IMG_8114-1
IMG_8116-1

IMG_8118-1

IMG_8111

IMG_8110-1

IMG_8107-1

IMG_8108-1

MC. មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា៖ ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ពួកគាត់បានបំពេញតួនាទីដោយស្នាមញញឹម ក្នុងនាមជាអ្នកថែរក្សាអង្គរ ដែលជាមរតករបស់ដូនតាខ្លួន។ 

លោក ព្រាន ដូរ អាយុ៣២ឆ្នាំ ជាអ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានឱ្យដឹងថា រយៈពេលជាង១០ឆ្នាំមកហើយ ដែលរូបលោកមានឱកាសចូលការងារជាអ្នកជួសជុលប្រាសាទ នៅតំបន់រមណីយដ្ឋាន។ លោកថា បច្ចុប្បន្នលោកមានជំនាញខាងរកថ្ម រៀបផ្គុំថ្មប្រាសាទ និងកំពុងបំពេញការងារនៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ។កិច្ចការងារស្វែងរកថ្មនេះពិតជាលំបាកយ៉ាងខ្លាំង ត្បិតមិនសូវហត់នឿយប្រើប្រាស់ខ្លាំង ប៉ុន្តែត្រូវប្រើគំនិតនិងផ្ចង់អារម្មណ៍ច្រើន ដើម្បីស្វែងរកថ្ម មករៀបផ្គុំចូលទីតាំងដើមវិញ។ ជាក់ស្តែង នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មផ្ទាល់ ខ្លោងទ្វារទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយ ក្រុមការងារលោកអាចធ្វើឱ្យរឹងមាំឡើងវិញបាន។

លោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ដោយចំនួនថ្មនៃតួខ្លោងទ្វារ មានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ ហើយការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបាន ទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។

ទឹកចិត្តខ្ញុំសំខាន់ផ្តោតលើការងារ ឧទាហរណ៍ថ្មយើងត្រូវរករង្វាស់ប្រវែង បណ្តោយ ទទឹង និងកម្ពស់ មើលតាមខ្សែក្បាច់ សំខាន់យើងមានទឹកចិត្ត មានដុងខាងរកថ្ម មានការលំបាកដែររឿងរកថ្ម ជួនកាល យើងប្រើគំនិតច្រើន ប៉ុន្តែកម្លាំងអត់សូវនឿយប៉ុន្មានទេ តែរឿងគំនិតគិតច្រើន ជួនកាលរកអត់ឃើញមួយថ្ងៃមួយដុំក៏មានដែរ ត្រូវវគ្គដែលថ្មវាខ្សត់យើងរកទៅវាចង់អស់អ៊ីចឹង តែមុនដំបូងមួយថ្ងៃបាន៤ទៅ៥ដុំក៏មានដែរ ដោយថ្ងៃ។

លោកពូ តប់ តង បានបន្តថា  ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ លោកបង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវលើការងាររកថ្ម និងក្នុងនាមជាអ្នកបន្តថែរក្សាមរតកដូនតាផង រូបលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ឬប្រាសាទបុរាណផ្សេងៗទៀត ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញនៅពេលខាងមុខ។

 បើនិយាយពីរឿងការងាររកថ្ម មានសារៈសំខាន់ជាងការរៀបទាំងអស់ ព្រោះអីបើយើងរកអត់ឃើញរៀបក៏អត់មានដំណើរការទៅមុខដែរ។ ដំណើរការរកថ្មនេះវាល្អ ទីមួយជួយឱ្យយើងចង់បានដូចដើមឡើងវិញយើងត្រូវខំរក មិនចង់ឱ្យនៅរាយប៉ាយរាកពេញដី បើមោទនភាពវិញ បើរកបានមកវិញត្រេកអរណាស់ ក្នុងប្រាសាទតាព្រហ្មនេះបើសិនរកថ្មបានមកវិញមានអារម្មណ៍ថាត្រេកអរ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរ ដែលបានចូលរួមជួសជុល ថែរក្សាប្រាសាទបុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូលជាអ្នកជួសជុលអង្គរអស់ជាច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាកេរដូនតាឱ្យនៅគង់វង្សជាបន្តទៀត បន្តពីមួយជំនាន់ទៅមួយជំនាន់៕

Comments

Related posts