សម្រស់ទឹកធ្លាក់ស្រែអំពិលកំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅងូតទឹកលេងកម្សាន្តមិនចេះដាច់

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

IMG_8132-3

IMG_8145

IMG_8144

IMG_8143

IMG_8142

IMG_8141

IMG_8140

IMG_8139

IMG_8133-3

IMG_8129-3

IMG_8130-3

ភ្នំពេញ ៖ រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលកំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅងូតទឹកលេងកម្សាន្ត សម្រាកលម្ហែ កាយ និងស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ដើម្បីកាត់បន្ថយភាពតានតឹង និងទុក្ខកង្វល់នានា។
សម្រស់ធម្មជាតិដែលលាក់ខ្លួននៅកណ្តាលធម្មជាតិនេះ បានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែមិន ចេះដាច់ទំាងថ្ងៃឈប់សម្រាក និងថ្ងៃធម្មតា ដោយសារភ្ញៀវភាគច្រើនចូលចិត្តងូតទឹកលេងកម្សាន្ត គយគន់ព្រៃ ព្រឹក្សាខៀវស្រងាត់ និងអង្គុយពិសាអាហារជាដើម។
តទៅនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់អត្ថបទដែលមានចំណងជើងថា «សម្រស់ទឹកធ្លាក់ស្រែអំពិលកំពុង ទាក់ទាញ ភ្ញៀវទេសចរឱ្យទៅងូតទឹកលេងកម្សាន្តមិនចេះដាច់ »ដូចតទៅ៖
លោកអ្នកនាងស្តាប់ជាទីមេត្រី
តាមផ្លូវសម្បូរទៅដោយព្រៃខ្លុងទាបៗ គ្រាន់តែចូលទៅដល់ទីចំណតរថយន្តក្នុងរមណីយដ្ឋាននេះភ្លាម សូរសំឡេង ទឹកធ្លាក់រ៉ិៗប៉ប្រះផែនសិលានៅតាមដងស្ទឹង អង្រួនអារម្មណ៍អ្នកទេសចរឱ្យស្រស់ស្រាយសប្បាយត្រេកអរមួយរំពេច ជាមួយនឹងចំហាយត្រជាក់រសាត់ប៉ះកាយា ខ្យល់ដកដង្ហើមក៏បរិសុទ្ធ ឥតមានផ្សែងពុល តន្ត្រីបក្សាបក្សីក្រោមម្លប់ ព្រឹក្សាក៏បន្លឺឡើងរងំពេញព្រឹកព្រៃ មេអំបៅចម្រុះពណ៌ហើររេរាំយ៉ាងស្រស់ប្រិមប្រិយ ប្រៀបបានទៅនឹងវិមាន ធម្មជាតិដ៏សុខក្សេមក្សាន្តគ្មានអ្វីប្រៀបផ្ទឹម ញ៉ាំងអ្នកទេសចរឱ្យទទួលបាននូវបទពិសោធន៍ថ្មីមួយទៀត យ៉ាងជក់ ចិត្ត។
ធ្វើដំណើរដោយថ្មើរជើងចូលទៅមាត់ស្ទឹងបន្តិច លោកអ្នកនឹងបានឃើញទិដ្ឋភាពទឹកហូរកាត់ថ្មសណ្ដោងគ្នាឥតដាច់ ដែលភាពទាក់ទាញនៃទឹកធ្លាក់ស្រែអំពិលនេះ ភ្ញៀវទេសចរអាចទៅទស្សនាលម្ហែកាយ  និងងូតទឹកលេង ជាមួយទឹក ធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះ ភ្ញៀវទេសចរអាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង  និងមានដើមឈើតូចធំធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្ត ជាពិសេសអាចភ្លក្សរសជាតិម្ហូបអាហារ ឈ្ងុយឆ្ងាញ់ របស់ សហគមន៍ទេសចរណ៍នៅទីនោះផង ដែលធ្វើឱ្យភ្ញៀវទេសចរ ទៅម្តងហើយម្តងទៀតឥតឈប់ឈរ។ នៅក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ជាទីស័ក្ដិសមបំផុតសម្រាប់ទេសចរក្នុងការបោះតង់សម្រាកកម្សាន្ត ព្រោះមានទីធ្លាធំទូលាយ និងស្ថិតនៅ ជាប់ជើងភ្នំឱរ៉ាល់។
សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយ ប្រមាណ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ សម្រាប់ផ្លូវធ្វើដំណើរវិញ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល មានផ្លូវធ្វើដំណើរងាយស្រួល ទោះជាប្រភេទផ្លូវលំ តែក៏មិនបង្កឱ្យមានផលលំបាកដល់ទេសចរនោះទេ លើកលែង តែករណីមានភ្លៀងធ្លាក់អាចបង្កឱ្យមានទឹកហូរកាត់ និងខូចខាតផ្លូវខ្លះៗ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ជាតំបន់ដែលមានសក្តានុពលខ្លាំង បំផុតក្នុងខេត្តកំពង់ឆ្នាំង ខណៈភ្ញៀវទេសចរនិយមទៅកម្សាន្តទឹកធ្លាក់ស្រែអំពិលនេះ ព្រោះមានទឹកធ្លាក់រាក់ល្មម ដែលអាចងូតលេងកម្សាន្ត និងមានសម្រស់ធម្មជាតិព្រៃភ្នំយ៉ាងទាក់ទាញ ជាពិសេសមានដើមឈើធំៗ ដែលអាច ផ្តល់ជាម្លប់យ៉ាងត្រជាក់ត្រឈឹងត្រឈៃដល់អ្នកទេសចរ អាចអង្គុយបរិភាគអាហារយ៉ាងសប្បាយរីករាយ ស្តាប់សំឡេងសត្វយំលាយឡំនឹងស្នូរទឹកជ្រោះហូរធ្លាក់ពីលើថ្មដាមិនដាច់សម្លេង។
លោក ប្រធានមន្ទីរទេសចរណ៍ បានបន្តថា ទឹកធ្លាក់ស្រែអំពិល ជាប្រភេទទឹកជ្រោះបែបធម្មជាតិ ដែលទីនោះបាន ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរគ្រប់ទិសទីមកលេងកម្សាន្ត  ដោយសារតែទេសភាពព្រៃភ្នំ ដែលស្រស់ បំព្រង និងមានដើមឈើតូចធំធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តមិនចេះជិនណាយ។ បន្ថែមពីនោះទៀត ទីនោះ ភ្ញៀវទេសចរដែលចូលចិត្តងូតទឹក អាចលម្ហែកាយនិងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់ ។ 
លោក ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ អាជ្ញាធរខេត្តបានអភិវឌ្ឍ ដោយបានធ្វើផ្លូវ ចំណតរថយន្ត កន្លែងលក់ដូរចំណី អាហារ កន្លែងលេងទឹក និងក្យូសម្រាប់ភ្ញៀវអង្គុយលេងជាដើម ដើម្បីជំរុញកំណើនភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត កាន់តែច្រើនបន្ថែមទៀត ។

« រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលមិនខុសពីទឹកធ្លាក់ថ្មក្រាលដែរ ដោយសារស្ថិតក្នុងស្រុកតែមួយ ហើយសក្តានុពលដែលទាក់ទាញបំផុតគឺផ្លូវស្អាត ទេសភាពខ្នងភ្នំ ខ្នងព្រៃ មុនទៅដល់គឺមានលក្ខណៈ ខៀវស្រងាត់ នៅរដូវវស្សា ហើយរដូវប្រាំងក៏មានលក្ខណៈល្អប្រសើរដែរ ទោះមានកន្លែងខ្លះក្រហមដោយសារកម្តៅថ្ងៃ ហើយ ពេលទៅដល់ទីនោះយើងឃើញមានការរៀបចំ ចំណតដែលក្រសួងបរិស្ថាន បានរៀបចំអភិវឌ្ឍន៍ចំណត យ៉ាងធំ ទូលាយហើយលក្ខណៈស្តង់ដារ បន្ទប់ទឹកក៏មានលក្ខណៈស្តង់ដារផងដែរ មានស្រី ប្រុស ពិការ ហើយមានការរៀបចំ រោងលម្ហែនៅតាមដងជ្រោះ មានម្លប់ត្រឈឹងត្រឈៃ មានទឹកត្រជាក់ល្អ ធ្វើឱ្យភ្ញៀវទេសចរងូតកម្សាន្តមានអារម្មណ៍ ស្រស់ស្រាយ »។ លោក ឌំ វាសនា ដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល បានឱ្យដឹងថា នេះជាលើកទី១ហើយដែល លោកបានមកលេងកម្សាន្តនៅទីនោះ ហើយនៅពេលដែលគាត់ទៅដល់តំបន់នោះភ្លាម គឺមានអារម្មណ៍ស្រស់ស្រាយ បំភ្លេចអស់ទុក្ខកង្វល់ ដោយគាត់បានឃើញនូវសម្រស់ធម្មជាតិ និងខ្យល់អាកាសដ៏ល្អ បរិសុទ្ធនៃតំបន់នោះ។ លោក បានបន្តថា រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល គឺមានទេសភាពស្រស់ស្អាត ព្រមទាំង អាចងូតទឹកជ្រោះកម្សាន្តសប្បាយ ជាពិសេសពិសាអាហារប្លែកៗ ក្នុងតំបន់ ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើម ក្នុងសហគមន៍ផ្ទាល់ ពិសេសអាចសិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធន៍ប្លែកៗ ជាមួយនឹងធម្មជាតិទៀតផង។

« ខ្ញុំបានមកដល់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលននេះភ្លាម ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដោយបានឃើញនូវទេសភាពព្រៃព្រឹក្សា ដើមឈើតូចធំ ព្រមទាំងឃើញនូវទឹកហូរកាត់ថ្មសណ្ដោងគ្នាឥតដាច់ ដែលអាចភ្ញៀវទេសចរអាចងូតទឹកលេងកម្សាន្តបាន។ ក្រៅពីនោះទៀត ខ្ញុំបានដើរលេងកម្សាន្តនៅក្នុងព្រៃ មើលរុក្ខជាតិនិងសត្វព្រៃទៀតផង និងបានដើរមើលដំណាំកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ ដែលធ្វើឱ្យខ្ញុំប្លែកភ្នែកមែនទែន ដែលបានឃើញនូវធម្មជាតិ ដ៏សែនស្រស់ស្អាតបែបនេះ»។

សូមបញ្ជាក់ថា សហគមន៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានសមាជិកសរុបជា៤០០គ្រួសារ។ ការបង្កើតសហគមន៍ និងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះ គឺដើម្បីបង្កើតនូវសេវាកម្មទេសចរណ៍ ផ្ដល់ដោយ ប្រជាសហគមន៍ផ្ទាល់ ដែលអាចឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមពីវិស័យនេះ។

ពិសេសលើសពីនេះ វាក៏បានបង្វែរពីការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ និងប្រព្រឹត្តនូវបទល្មើសនានា នៅក្នុងដែនអភិរក្ស ដែលនាំទៅដល់ការហិនហោចធនធានធម្មជាតិនៅក្នុងតំបន់។ បន្ថែមពីនេះទៀតបើប្រជាសហគមន៍ខិតខំរួមគ្នាថែរក្សាការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិឱ្យបានគង់វង្ស វិញនោះ តំបន់នេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ និងបង្កើនសកម្មភាពទស្សនាកម្សាន្ត ច្រើនឡើងៗ ប្រជាសហគមន៍ក៏ទទួលបាននូវចំណូលច្រើន។ សហគមន៍នេះមានផ្ទៃដីប្រមាណ៣៦០ហិកតា និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍មួយនេះសម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តផងដែរ៕

Comments

Related posts