សម្តេចធិបតីអញ្ជើញសម្ពោធ អគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប តម្លៃជិត២០លានដុល្លារ

វិទ្យុជាតិកម្ពុជា

IMG_8840

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន​ជប៉ុន ។
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាល​ដ៏​សំខាន់ ដែល ត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណា​និគម​របស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល​ជិត៤ឆ្នាំ។
មន្ទីរពេទ្យនេះ ត្រូវបានបើកដំណើរការឡើងវិញនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាល​ត្រូវ​​បានខូច​ខ្ទេចខ្ទីអស់។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយ​សម្តេច​​តេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការ​មនុស្សធម៌នានា មន្ទីរពេទ្យត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខា​ភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមានគុណភាពខ្ពស់។
«អគារ​មណ្ឌល​ផ្តល់សេវាផ្នែកវះកាត់» ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ នឹងរួម​ចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា«អគារ​មណ្ឌល​ផ្តល់សេវាផ្នែកវះកាត់»នេះមានកម្ពស់៤ជាន់
 បាន​ចាប់​​ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា៕

Comments

Related posts