ប្រមុខរាជរដ្ឋាភិបាល ចាត់ទុកអគារបម្រើសេវាវះកាត់ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់រដ្ឋាភិបាលជប៉ុនជូនចំពោះប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ៤ ២០២៤

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកអគារ បម្រើសេវាវះកាត់ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់រដ្ឋាភិបាលជប៉ុន ជូនចំពោះ ប្រជាជនកម្ពុជា នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរថែមទៀត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖....
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការសម្ពោធមន្ទីរពេទ្យនេះ ក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយ នៅក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាជនខេត្តសៀមរាបនិងប្រជាពលរដ្ឋ ដែលនៅជុំវិញនេះ ដើម្បីប្រើប្រាស់សេវាវះកាត់ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជារហូតមក ខណៈដែលតួយ៉ាងសមិទ្ធផល អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នេះ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
សម្តេចធិបតី បានបញ្ជាក់ថា សមិទ្ធផលសុខភាពនេះ គឺព្យាបាលម្នាក់សប្បាយច្រើននាក់ ទី១បើអ្នកជំងឺជា ខ្លួនឯងសប្បាយចិត្ត គ្រួសារសប្បាយចិត្តហើយមានសុភមង្គល បើប្រជាពលរដ្ឋមានសុខភាពល្អប្រទេសជាតិ មានកម្លាំងពលកម្មដែលរឹងមាំ ជួយទៅដល់ប្រទេសជាតិឱ្យមានការរីកចម្រើន ដូច្នេះសមិទ្ធផលក្នុងវិស័យ សុខាភិបាលគឺមានសារៈសំខាន់។
សំឡេង « សូមអរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរាជទូត ផ្ដាំអរគុណ ដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះ កើតឡើងគឺដោយសារការជួយរបស់រដ្ឋាភិបាលនិងប្រជាជន អ៊ីចឹងយើងអាចចាត់ទុកថាកាដូថ្មីនេះរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុនតែម្ដង »។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាលដ៏សំខាន់ ដែលត្រូវ បានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគមរបស់បារាំង ហើយបន្តផ្តល់សេវា រហូតដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត៤ឆ្នាំ។
មន្ទីរពេទ្យនេះ ត្រូវបានបើកដំណើរការឡើងវិញនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែល ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាលត្រូវបានខូចខ្ទេចខ្ទីអស់។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការ ជួយគាំទ្រ ពីប្រទេសជាមិត្ត និងអង្គការមនុស្សធម៌នានា មន្ទីរពេទ្យត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់ សេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យកាន់តែមាន គុណភាពខ្ពស់។
«អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា។
ជាន់ផ្ទាល់ដី៖ ប្រើសម្រាប់ផ្តល់សេវាពិគ្រោះជំងឺក្រៅ, សេវាសង្គ្រោះបន្ទាន់, សេវារូបភាពវេជ្ជសាស្ត្រ, ផ្នែកគាំទ្រសេវា, ផ្នែកបោកគក់ និងបន្ទប់ដាក់ម៉ាស៊ីនភ្លើង។
ជាន់ទី១៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកប្រពោធនកម្មវះកាត់, ផ្នែកសល្យាគារ និងសណ្តំ និងផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍។
ជាន់ទី២៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា និងផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក និងសល្យាសាស្ត្រមុខ និងថ្គាម។
ជាន់ទី៣៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រសរីរាង្គពោះ និងទ្រូង, ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ៕photo_2024-04-20_10-28-25photo_2024-04-20_10-29-07photo_2024-04-20_10-29-06

Comments

Related posts