ប្រធានរដ្ឋឡាវបានគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 
ភ្នំពេញ៖ ប្រធានរដ្ឋឡាវបានគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញ និងកាត់បន្ថយតម្លៃ និងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត ជាពិសេសគឺបងប្អូនដែលរស់នៅតាមព្រែក និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
  ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា មានការសិក្សាពីអ្នកជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធ និងប្រើពេលសិក្សាប្រមាណ ២៦ ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។ ជាពិសេសគម្រោងនេះ មិនមានផលប៉ះពាល់ដល់បរិស្ថាន និងទឹកទន្លេដែរ។
ការគ្រាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជានេះ ធ្វើឡើងក្នុងឱកាសដែលអញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។
  សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលូនស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលុន នៅកម្ពុជានាពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនង រវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃស្អែកនេះ គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវ នឹងជួបប្រជុំគ្នាផងដែរ។ 
  ក្នុងឱកាសនោះ សម្ដចតេជោ ក៏បានស្នើសុំឲ្យ ឯកឧត្ដម ប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា ។
  សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូនណនតេជោនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាពផងដែរ។

តាមការសិក្សាគម្រោងព្រែកជីក ហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ៕photo_2024-04-23_11-53-23 (2)photo_2024-04-23_11-53-23photo_2024-04-23_11-53-24photo_2024-04-23_11-53-24 (2)photo_2024-04-23_11-53-25

Comments

Related posts