ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»

 

«យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន», នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី អន្តរជាតិផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួនការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាង នេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។​​ ឯកឧត្តមក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា។ 

 

ឯកឧត្តមបានថ្លែងថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមកិច្ចការងារអប់រំ បំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេស ស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។ ទន្ទឹមគ្នានេះ ត្រូវជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្ម ផុលផុសតាមគ្រប់រូបភាព គ្រប់ទីកន្លែង ចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានជ្រួតជ្រាប យល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្លើយបដិសេធចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀន។​ 

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីនេះដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីទូរស័ព្ទដៃនេះថាជាមធ្យោបាយដ៏ចាំបាច់ស្របនឹងការវិវត្តបច្ចុប្បន្ននៃសង្គមឌីជីថល និងវាអាចផ្តល់ប្រសិទ្ធភាពក្នុងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយដោយពាំនាំនូវព័ត៌មានសំខាន់ៗ និងចំណេះដឹងពាក់ព័ន្ធឱ្យកាន់តែខិតជិតប្រជាពលរដ្ឋណៅគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ កម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺអាចទទួលបានព័ត៌មានទទួលបានការអប់រំ ទទួលបានការកំសាន្តសប្បាយ ហើយជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

 

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានថ្លែងរំឭកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីខែកុម្ភៈ​ ឆ្នាំ២០២៤ បានសំណូមពរឱ្យគ្រប់ក្រសួងស្ថាប័ន​ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់​ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយទៅដល់គ្រប់វ័យ និងគ្រប់ស្រទាប់។ ជាមួយគ្នានេះ ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងវប្បធម៌ ក្រសួងធម្មការនិងសាសនា និងក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លើការងារនេះដើម្បីបញ្ជ្រាបការយល់ដឹងអំពីគ្រឿងញៀន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមសាលារៀន វត្តអារាម សិល្បៈកម្សាន្ត កីឡា និងវេទិកានានា។ 

 

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរីទ្ធ អគ្គលេខាធិការនៃអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍លើកឡើងថា ក្នុងន័យរក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជន ពិសេសឈានទៅអនុវត្តឱ្យបានសម្រេចនូវគោលការណ៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជាឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានយកចិត្តទុកដាក់ និងចាត់ចែង អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។  ម្យ៉ាងវិញទៀត ដោយផ្អែកលើបទពិសោធន៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក ឯកឧត្តមសន្តិបណ្ឌិត បានចាត់ទុកការ យល់ដឹងច្បាស់លាស់ និងការចូលរួមសកម្មពីមហាជន គឺជាកត្តាមិនអាចខ្វះបាន និងកំណត់ ពីប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេតុនេះហើយ ទើបបានជា ឯកឧត្តម បានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការថ្មីៗ ប្រកបដោយការឆ្នៃប្រឌិត ក្នុងនោះក៏មាន កម្មវិធីទូរស័ព្ទដៃ ដែលកំពុងដំណើរការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។

 

ឯកឧត្តម ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើបទបង្ហាញពីការរៀបចំកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនៅក្នុង APP មានជា វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូល

នូវព័ត៌មានរបស់មជ្ឈមណ្ឌលអប់រំកែប្រែទូទាំងប្រទេស រដ្ឋ និង ឯកជន ។ ប្រជាពលរដ្ឋអាចរាយការណ៍នូវរាល់ករណីគ្រឿងញៀនមកកាន់អាជ្ញាធរជាសម្ងាត់និងឆាប់រហ័ស។ អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋានក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោទឱ្យទៅប្រើប្រាស់គ្រឿងញៀន។ រីឯ និស្សិត និងសិស្សានុសិស្ស គឺអាចប្រមូលបានព័ត៌មានជាច្រើន ដែលទៅថ្ងៃខាងមុខនេះ ការយល់ដឹងអំពីគ្រឿងញៀននឹងក្លាយទៅជាវិញ្ញាសារមួយ ដែលត្រូវប្រលងយកពិន្ទុរដែរផងដែរព្រោះរាល់ឯកសារពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសឯកសារដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក គឺបានត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីទូរស័ព្ទដៃនោះ។ 

 

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានសំដែងនូវការគាំទ្រចំពោះការបង្កើតអោយមាននូវកម្មវិធី ទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះដូចដែលដែលយើងដឹងហើយថាគ្រឿងញៀនមិនមានប្រយោជន៍ណាមួយឡើយ ផ្ទុយទៅវិញវានឹងបំផ្លាញទ្រព្យសម្បត្តិ កិត្តិយស និងអាយុជីវិតនៃមនុស្សគ្រប់រូបគ្រប់វ័យ ទាំងបុគ្គលខ្លួនឯងផ្ទាល់ រហូតទៅដល់គ្រួសារ និងសង្គមជាតិផងដែរ ។ ដូច្នេះ យើងត្រូវចូលរួមប្រឆាំងជាដាច់ខាត និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងជំនួសមកវិញដោយការលេងកីឡាដើម្បីសុខភាព សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់អនាគតនៃព្រះរាជាណាចក្រកម្ពុជាដ៏ផូរផង់របស់យើង។43611CB7-59BE-4AEC-9FEA-D64488401981D4A3E5B1-085A-4AED-AA74-D2B42613DBB76B2736D4-F70B-45E1-916A-369F982D23DA3927A93C-8155-40B0-86B4-9652FADF193B

Comments

Related posts