បទយកការណ៍៖ជឿនគឹមស៊ីបស្ត្រីគំរូ ក្លាយជាប្រធានសហគមន៍កសិកម្ម

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

 

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

ព្រះរាជាណាចក្រកម្ពុជាដែលពីមុនត្រូវបានចាត់ទុកថា៖ អន់ថយផ្នែកសេដ្ឋកិច្ច និងគ្របដណ្តប់ទៅដោយភាពក្រីក្រ និងអសន្តិសុខស្បៀងប៉ុន្តែបច្ចុប្បន្ននេះបានប្រែក្លាយទៅជាប្រទេសដែលជាប់ឯតទគ្គកម្មលើពិភពលោក ដែលបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់និងឋិតនៅក្នុងលំដាប់ចំណោមប្រទេស នៃការនាំចេញស្បៀង និងផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក ។ លើសពីនេះទៅទៀត កម្ពុជាក៏បានសម្រេចនូវវឌ្ឍនភាពដ៏ប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយបានឆ្លងកាត់ដោយជោគជ័យ ពីចំណាត់ថ្នាក់ប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ទាំងអស់នេះធ្វើឱ្យជីវភាពពលរដ្ឋ អ្នកប្រកបរបរក្នុងវិស័យកសិកម្មបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះមានស្ត្រីមេផ្ទះក៏អាចស្វែងរកចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារពីវិស័យនេះបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចំណាកស្រុកឆ្ងាយពីគ្រួសារ តាមរយៈការងារបង្កបង្កើនផលដំណាំនៅលើផ្ទៃដីទំនេររបស់ខ្លួន។

   សូមលោកអ្នកនាងតាមដានបទយកការណ៍ស្តីពីបញ្ហានេះដូចតទៅ ៖

លោកអ្នកនាង និងប្រិយមិត្ត ជាទីមេត្រី !

   ដើម្បីឱ្យការប្រកបមុខរបរដាំដុះដំណាំកសិកម្ម នៅក្នុងគ្រួសារកសិករទទួលបានជោគជ័យ ក្នុងលក្ខណៈល្អប្រសើរ ក៏មិនអាចខ្វះបានដែរ ពីការចូលរួមចំណែករបស់ស្ត្រី។ ហើយការងារទាំងនេះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជាដែលបានចាត់ ទុក«ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានដាក់ចេញនូវគោលនយោបាយផែនការសកម្ម ភាពជាតិ កម្មវិធីជាតិអន្តរវិស័យសំដៅលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី។ទន្ទឹមនឹងនេះស្រ្តីកម្ពុជាតែងទទួលបានកាលានុវត្តភាពចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ជាក់ស្តែងអ្នកស្រីជឿន គឹមស៊ីប មានអាយុ៤៣ឆ្នាំ រស់នៅភូមិពង្រ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបច្ចុប្បន្នមានកូនចំនួន២នាក់ក្នុងបន្ទុក បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាខណៈចុះទៅកាន់មូលដ្ឋាននោះថា៖ អ្នកស្រីកើតមកក្នុងគ្រួសារកសិករ ដូច្នេះនៅពេលធំដឹងក្តីមក ក៏តែងជួយឪពុកម្តាយក្នុងការងារដាំដុះដំណាំរួមផ្សំជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះរហូតដល់ពេលមានស្វាមីក៏នៅតែប្រកបរបរកសិកម្មនេះដដែលបើទោះបីកន្លងមកធ្លាប់ចាក ចេញទៅធ្វើការងារផ្នែកចម្លាក់នៅតាមសិប្បកម្មមួយកន្លែងក្នុងក្រុងសៀមរាបក្តី។ អ្នកស្រីថា៖ ដើមឡើយកសិករទាំងអស់ក្នុងមូលដ្ឋាននេះ ធ្វើការដាំដុះដំណាំបន្លែតាមបច្ចេកទេសពីបុរាណមក ពោលគឺមិនទាន់មានចំណេះដឹងអ្វីច្រើនឡើយ ប៉ុន្តែជាបន្តបន្ទាប់ក៏មានអង្គការដៃគូ និងមន្ទីរកសិកម្មខេត្ត ចុះមកជួយបង្ហាត់បង្រៀនបច្ចេក ទេសដំណាំដាំដុះជាញឹកញាប់។ ដោយសារការខិតខំតស៊ូជម្នះការលំបាកមិនរាថយ អ្នកស្រីគឹមស៊ីប បានទទួលចំណេះដឹងថ្មីៗជាច្រើន អំពីការងារនិងបច្ចេកទេសដាំដុះដំណាំកសិកម្មរហូតទទួលបានជោគជ័យ និងមានការគាំទ្រពីកសិករក្នុងសហគមន៍ ឱ្យធ្វើជាប្រធានសហគមន៍កសិកម្មកន្ត្រាំង បល្ល័ង្គរស្មីស្ត្រីសាមគ្គីនៅក្នុងឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ននេះ។

សំឡេង១« ថាទៅខ្ញុំជាស្ត្រីគំរូទៅលើការដឹកនាំសហគមន៍ និងការដាំដុះ ទៅលើផ្នែកបន្លែគ្រប់ប្រភេទ ផ្នែកកសិកម្ម។ជានិស្ស័យរបស់ខ្ញុំៗចូលចិត្តខាងកសិកម្ម មានការងារច្រើន ប៉ុន្តែខ្ញុំអត់ចាប់យក  »។

អ្នកស្រីបន្តថា៖នៅក្នុងសហគមន៍កសិកម្មកន្ត្រាំងបល្លង្គរស្មីស្ត្រីសាមគ្គីមានសមាជិកសរុបចំនួន៣២១នាក់ក្នុងនោះស្ត្រីចំនួន២៦០នាក់មកពីឃុំចំនួន៥និងភូមិចំនួន១៦ ក្នុងស្រុកប្រាសាទបាគងនេះដោយបែងចែកជាក្រុមចិញ្ចឹម ក្រុមផ្គត់ផ្គង់ផ្សេងៗគ្នាទៅតាមជំនាញរៀងៗខ្លួន។មានកត្តាជាច្រើនដែលបណ្តាលឱ្យអ្នកស្រីគឹមស៊ីប បានទទួលការបោះឆ្នោតពីសមាជិកឱ្យក្លាយជាអ្នកដឹកនាំសហគមន៍អស់             រយៈពេលជិត១០ឆ្នាំមកនេះ។

សំឡេង២« ទីមួយគេឃើញយើងជាស្ត្រីដែលយើងចេះសម្របសម្រួល ចេះនិយាយ មួយទៀតយើងថាយើងរឹងមាំចុះ សុខចិត្តលះបង់ការងារខ្លះ ឱ្យបានជាក្រុមជាពួកគេឃើញយើងលះបង់អ៊ីចេះ គេគិតថាយើងជាអ្នកដឹកនាំបានការ ខ្ញុំក៏មិនដឹងថាពួកគាត់គិតម៉េចដែរបានគាត់ជ្រើសរើសខ្ញុំតែតាមខ្ញុំស្មានគេឃើញការងារយើងច្បាស់លាស់ ច្បាស់ទៅលើការដាំដុះ និងចិញ្ចឹមទេ បើថារឿងឯកសារអីខ្ញុំមិនសូវពូកែទេ ព្រោះខ្ញុំរៀនបានតិចដែរទេ»។

   ក្នុងតួនាទីជាប្រធានសហគមន៍កសិកម្មមួយរូប អ្នកស្រី គឹមស៊ីប បញ្ជាក់ថា៖ មិនងាយស្រួលប៉ុន្មានឡើយ ក្នុងការតម្រូវចិត្ត ឬគ្រប់គ្រងសមាជិកក្នុងក្រុមចំនួនជាង៣០០នាក់ ឱ្យដើរមកដល់ចំណុចនេះបាន ណាមួយខ្លួនជាស្តី្រ មេផ្ទះ ដែលមានតួនាទីជាច្រើនក្នុងគ្រួសារ និងការងារដាំដុះដំណាំបន្លែផ្ទាល់ខ្លួន ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារផង អ្នកស្រីស្ទើរតែសម្រេចចិត្តបោះបង់ចោលតួនាទីនៅក្នុងសហគមន៍ម្តងម្កាលដែរ។ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ និងការលើកទឹកចិត្តខ្លះៗពីគ្រួសារ ណាមួយចង់ជួយសហគមន៍ឱ្យមានការរីកចម្រើនទៅថ្ងៃខាងមុខផង ទើបបន្តការងារដឹកនាំ និងជួយបងប្អូនក្នុងសហគមន៍ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

 

សំឡេង៣« វាស្មុគស្មាញខ្លាំងព្រោះណាមួយកូនទៅរៀន ណាមួយបាយទឹក ណាមួយដាំបន្លែដើម្បីជីវភាព ណាមួយមើលថែ ប្តីយើងគាត់មិនសូវចេះ យើងដើរច្រើនគាត់ក៏លំបាក យើងក៏បោះបង់ ប៉ុន្តែដោយសារកូនក៏ធំផង យើងក៏ឆ្លៀតឱកាសចាប់យកទៅ។សម្រាប់បុរសយើងមិនដឹងចិត្តគាត់យ៉ាងម៉េច ជួនកាលលើកទឹកចិត្ត ជួនគាត់បំបាក់ទឹកចិត្ត ត្រង់ថាយើងដើរច្រើនពេក ការងារផ្ទះមិនសូវធ្វើ ពិបាកនឹងការហូបចុក ការធ្វើនេះធ្វើនោះតែម្នាក់ឯង ព្រោះគាត់ធ្វើត្រូវការយើងនាំធ្វើនេះ ធ្វើនោះទៅ បានគាត់ធ្វើតាមយើង។ ការដាំដុះមិនមែនស្រួលទេ បើអត់ស្រីក៏ទៅអត់រួចដែរ ពិបាកត្រង់ថា យើងត្រូវដាក់ជីអានេះមួយ អានោះមួយដល់ពេលត្រូវដាក់ខ្ញុំត្រូវទៅរៀន ឬប្រជុំជួនកាលមួយអាទិត្យអីទៅ អានេះវាចង់ហួសពេលក្នុងការថែ ហើយក៏គាត់មានអារម្មណ៍ខ្លះដែរ ប៉ុន្តែអរគុណដែលៗប្តីលើកទឹកចិត្តខ្ញុំ បានដល់ប៉ុណ្ណេះ។ ចង់និយាយថាបើប្រុសផ្សេងៗដែលខ្ញុំជួបប្រហែលមិនបានដល់ប៉ុណ្ណេះទេ»។

រីឯការងារដឹកនាំនៅក្នុងសហគមន៍ឱ្យទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះវិញអ្នកស្រី គឹមស៊ីប  បញ្ជាក់ថា៖រឹតតែមានការលំបាកទ្វេឡើង ដោយហេតុថាដើមឡើយបងប្អូនក្នុងសហគមន៍ នៅមិនទាន់យល់ដឹងច្បាស់លាស់ពីបច្ចេកទេសកសិកម្ម ជាពិសេសផែនការ ឱ្យតែដល់រដូវកាលដាំដុះបន្លែណាមួយ ក៏ចាប់ផ្តើមដាំដុះដំណាលៗគ្នា ធ្វើឱ្យបន្លែមានភាពជន់ជោរពិបាកក្នុងការលក់ចេញហើយក៏ទទួលបានការស្តីបន្ទោសមកវិញ។ ដោយការខិតខំជម្នះភាពលំបាក ផ្លាស់ប្តូរទម្លាប់នៃការដំាដុះ ដំណាលៗគ្នា និងការចិញ្ចឹមសត្វរបស់បងប្អូនក្នុងសហគមន៍ជាបន្តបន្ទាប់ មកជាការដាំនិងចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ទីផ្សារគ្រប់រដូវកាល  របស់គណៈកម្មការដឹកនាំ បានធ្វើឱ្យសហគមន៍កសិកម្មកន្ត្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គីមានការទទួលស្គាល់ និងបន្តនិរន្តរភាពរបស់ខ្លួនមកដល់បច្ចុប្បន្ន ។

សំឡេង៤« ពិបាកខ្លាំងមែនទែន យើងចង់ឱ្យគាត់ដាំឆ្លាស់គ្នា ពួកគាត់អត់ទាន់យល់ដល់ខែស្ពៃក៏ស្ពៃជាន់គ្នាទៅ លំបាកត្រង់ថាពេលជន់យើងរកទីផ្សារអត់បានលំបាកខ្លាំងមែនទែន ហើយការត្រូវមាត់ក៏យើងបានតែមាត់ថារកទីផ្សារដល់ពេលជន់យើងរកទីផ្សារអត់បាន គាត់ទម្លាក់មកលើសហគមន៍ មកលើអ្នកដឹកនាំ ប៉ុន្តែយើងក៏ទ្រាំសិន ពេលណាយើងរៀបពួកគាត់បាន ពេលនោះឯងគាត់គិតថាយើងធ្វើបាន  »។3205CF9C-B182-4B47-AAF8-3BA39ABCED48

   ថ្វីត្បិតតែការងារដាំដុះបន្លែចម្រុះមើលទៅហាក់មិនសូវមានលក្ខណៈធំដុំ ប៉ុន្តែមុខរបរនេះអាចជួយឱ្យជីវភាពគ្រួសារអ្នកស្រីបានប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយ កូនៗអាចបន្តការសិក្សាបានក៏ដោយសារតែការពឹងផ្អែកទៅលើរបរដាំដំណាំនេះផងដែរ។ក្នុងនាមជាស្ត្រីគំរូក្នុងការងារកសិកម្ម និងជាអ្នកដឹកនាំសហគមន៍កសិកម្មមួយរូប អ្នកស្រីគឹមស៊ីប មានមោទនភាពយ៉ាងក្រៃលែងដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីៗក្នុងសហគមន៍ឱ្យស្វែងរកប្រាក់ ចំណូលពីវិស័យមួយនេះបាន ដោយមិនពឹងផ្អែកលើតែការរកចំណូលពីសំណាក់ស្វាមី។អ្នកស្រីប្តេជ្ញា មិនបោះបង់ចោលការងារមួយនេះ និងបន្ដដឹកនាំសហគមន៍កសិកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងនាមជាស្វាមីមួយរូបដែលមានភរិយាជាប្រធានសហគមន៍កសិកម្ម លោកផើង ផល អាយុ៤៦ឆ្នាំ ជាស្វាមីអ្នកស្រីជឿន គឹមស៊ីបបានឱ្យដឹងថា៖ លោកពិតជាសប្បាយរីក រាយជាខ្លាំង ដែលភរិយាលោកបានខិតខំប្រឹងប្រែងតស៊ូហាត់រៀនក្នុងការងារដាំដុះដំណាំផ្សេងៗរហូតមានចំណេះដឹងច្រើនលើការងារនេះ។ ជាពិសេសទទួលបានការគាំទ្រពីសមាជិកឱ្យធ្វើជាអ្នកដឹកនាំមួយរូបក្នុងសហគមន៍។ លោកថា៖ លោកមិនដែលអាក់អន់ស្រពន់ចិត្តចំពោះភរិយាដែលមានតួនាទីក្នុងសហគមន៍ឡើយ ផ្ទុយទៅវិញលោកបានជំរុញលើកទឹកចិត្ត និងរ៉ាប់រងកិច្ចការងារសព្វបែបយ៉ាង មិនថាការងារផ្ទះសម្បែង មើលថែទាំកូន និងការងារដាំដុះដំណាំរួមផ្សំនៅពេលភរិយាត្រូវចេញទៅរៀនឬប្រជុំនៅក្រៅខេត្តជាដើម។ ទាំងនេះដោយសារតែលោកយល់ថា៖ ស្ត្រីក៏មានសមត្ថភាពអាចធ្វើជាអ្នកដឹកនាំ និងអាចចេញទៅបំពេញការងារខាងក្រៅបានដូចបុរសដែរ។

សំឡេង៥«  សប្បាយចិត្តដែលបានគ្រួសារខ្ញុំគាត់ជាប្រធានសហគមន៍រហូតដល់ឥឡូវ ដូចជាមិនមានអាក់អន់ចិត្តអីប៉ុន្មានផង តិចតួចប៉ុន្តែបើគាត់ទៅភ្នំពេញខ្ញុំអត់ដែលគិតគូរទេ គាត់ទៅឆ្ងាយ ភាគច្រើនគាត់ទៅភ្នំពេញ កំពង់ធំ បាត់ដំបង បើភ្នំពេញញឹកញាប់ទៅ២ឬ៣យប់អីគាត់មកវិញធម្មតាខ្ញុំអត់មានអីទេ។ ពេលគាត់អត់នៅភាគច្រើនខ្ញុំតែងដាំម្រះ ភាគច្រើនដំាដំណាំទ្រើង តែឯងបេះផងអីផង លក់ក៏ម្នាក់ឯង គាត់ក៏អត់សូវបាននៅជួយខ្ញុំដែរ បាយខ្លួនឯង មើលកូនខ្លួនឯង ហើយនៅផ្ទះកសិកម្មផង មានមាន់តិចតួចផងដំណាំពីរទួលនៅផ្ទះផង នៅទីនេះផង ខ្ញុំចេះតែជួយទៅបើគាត់រវល់ហើយខ្ញុំមានតែខ្លួនឯងជួយខ្លួនឯង »។1CBA4ED7-8C42-46BE-B9F0-7046F81BCCA4

លោកអ្នកនាងជាទីមេត្រី !

   ដោយសារតម្រូវការទីផ្សារបន្លែសុវត្ថិភាព ចេះតែមានកំណើនជារៀងរាល់ថ្ងៃ ក្នុងមួយខែៗ សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ករស្មីស្ត្រីសាមគ្គី មានលទ្ធភាពផ្គត់ផ្គង់បន្លែ ទៅកាន់ទីផ្សារខាងក្រៅ នា  រដូវវស្សា បានប្រមាណមួយតោន ទៅពីរតោន រីឯនៅរដូវប្រាំងវិញ បានប្រមាណពីរតោន ទៅពីរតោនកន្លះ។ ចំណែកទីផ្សារមាន់ស្រែវិញ ក្នុងមួយខែ អាចលក់ចេញជាមធ្យម៣៥០ក្បាល ទៅ៥០០ក្បាល។ រីឯផែនការជាបន្តសហគមន៍កសិកម្មនេះ មានគម្រោងបង្កើនផលិតភាព នៃការលក់ចេញ ឱ្យបានច្រើនជាងនេះ ដើម្បីបំពេញតម្រូវការទីផ្សារនិងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។ជាមួយគ្នានេះតាមរយៈចក្ខុវិស័យរបស់រាជរដ្ឋាភិបាល  គឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី។ទាំងនេះក៏ដើម្បីប្រែក្លាយវិស័យកសិកម្ម ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់(ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ដោយការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពលនិងទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈគ្រួសារ។ ជាក់ស្តែង កសិករភាគច្រើននៅកម្ពុជា បានកែប្រែទម្លាប់ពីការដាំដុះដំណាំបន្លែបែបបុរាណមកបែបទំនើប តាមការណែនាំរបស់ក្រសួងស្ថាប័នជំនាញ បានធ្វើឱ្យជីវភាពពួកគាត់បានវិវត្តទៅជាល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕B0A2A6BD-DDB6-4888-94EE-1F66EF84792BB5074AD9-7338-412E-B8E0-B514A1903659C328E699-BC1C-4AA6-B80F-A23E1883895254D56E32-7B3C-4275-AF74-2DFA009C27B6B0C7F8E6-B952-48F9-A9AE-DAA8A938A1B0298484CA-D21F-4169-A434-0E04BA776B0DAAAF0DF3-B2B4-4F4E-94D2-12CB93EA94E035A6F844-701A-4A2D-8BB3-A611D6E4CA275E53300D-41B5-4825-BA0C-4EEA4855F13154BFC54D-DD41-4F51-96F5-81C3E554BB0E618E6559-AB51-4073-A4EA-09013D6B378B

Comments

Related posts