បទយកការណ៍៖ ការងារបោសសម្អាតមីន ជាផ្នែកមួយនៃបេសកកម្មសំខាន់ៗ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងបន្តកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូនចៅជំនាន់ក្រោយ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

ដូចដែលលោកអ្នកនាងបានជ្រាបហើយថា កម្ពុជាធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍នាពេលកន្លងទៅ។ សង្រ្គាមនេះបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះជាច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដោយខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់មានពីមុនមក និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ តាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា និងការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត និងអង្គការដៃគូនានា មកដល់ពេលនេះ បានធ្វើឱ្យគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងៗត្រូវបានបោសសម្អាតស្ទើរតែនៅទូទាំងប្រទេស។

សូមអញ្ជើញលោកអ្នកនាងស្តាប់ បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ ការងារបោសសម្អាតមីនជាផ្នែកមួយនៃបេសកកម្មសំខាន់ៗដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងបន្តកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដូចតទៅ៖

លោកអ្នកនាងស្តាប់ជាទីមេត្រី !

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ មានប្រសាសន៍ក្នុងឱកាសអញ្ជើញធ្វើ បាឋកថាស្តីពី «សកម្មភាពមីននៅកម្ពុជា» ជូនដល់សិស្ស-និស្សិត នៅសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប កាលពីដើមខែមេសា ឆ្នាំ២០២៤ថា៖កម្ពុជាធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្ម ដល់ប្រជាជននៅប្រទេសកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាច្រើន។ឯកឧត្តមថា៖រយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានដាក់ចេញផែនការ និងបេសកកម្មជាច្រើន ដើម្បីធ្វើការបោសសម្អាតមីន ផ្តល់នូវផ្ទៃដីមានសុវត្ថិភាពសម្រាប់ពលរដ្ឋពឹងអាស្រ័យ។

សំឡេង១«អតីតកាលដ៏ជូរចត់របស់យើង មិនមែនថាយើងនិយាយ យើងគិតវា ដើម្បីបង្ហាញពីភាពទន់ខ្សោយរបស់យើងទេ គឺយើងនិយាយពីរឿងអតីតកាលដើម្បីថា វាជាការលើកទឹកចិត្តដល់យើងដើម្បីទប់ស្កាត់ ដើម្បីកែលម្អនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ដើម្បីកសាងនូវអនាគតរុងរឿងទៅមុខទៀត។ អ៊ីចឹងវិលមកការងារបោសសម្អាតគ្រាប់វិញ យើងចំណាយពេលជាង៣០ឆ្នាំហើយ ទាំងពេលវេលាចំណាយថវិកា ធនធានមនុស្សនិងជីវិតជាច្រើន មានរហូតដល់ជាង២០០នាក់ អ្នកបោសសម្អាតគ្រាប់រំសេវនេះ បានទទួលរងគ្រោះថ្នាក់ក្នុងបេសកកម្មផ្តល់នូវដីសុវត្ថិភាព ជូនប្រជាជនយើង អ៊ីចឹងចំណាយលុយជាង១ពាន់លានដុល្លារ។ អ៊ីចឹងយកលុយមកសាងសង់សាលារៀនជូនក្មួយៗរៀន ឬប្រឡាយឬមន្ទីរពេទ្យ មណ្ឌលសុខភាពមិនខ្វះទេច្រើនណាស់ អាចសាងសង់បាន ប៉ុន្តែយើងជាអកុសលប្រទេសយើងមានសង្រ្គាមប្រើប្រាស់គ្រាប់រំសេវ អ៊ីចឹងយើងចំណាយលុយលើរឿងនេះឯង ។អ៊ីចឹងនេះជាបេសកកម្មមួយផ្នែក នៃបេសកកម្មសំខាន់ៗដទៃទៀត ដែលរាជរដ្ឋាភិបាលយើង ជាបន្តបន្ទាប់ខិតខំកែច្នៃ កសាងជួសជុលអតីតកាលរបស់យើងដែលយើងត្រូវតែបញ្ចប់វាឱ្យបានឆាប់ៗ »។

ឯកឧត្តមមានប្រសាសន៍បន្តថា៖ ការងារបោសសម្អាតគ្រាប់មីន ជាភារកិច្ចមួយត្រូវមានជំនាញខ្ពស់បំផុត អាចប៉ះពាល់ដល់អាយុជីវិតបានគ្រប់ពេលវេលា ។មកដល់បច្ចុប្បន្នអ្នកបោសសម្អាតមីន ចំនួនជិត២០០នាក់ បានទទួលរងគ្រោះថ្នាក់ ក្នុងបេសកកម្មផ្តល់នូវដីសុវត្ថិភាពជូនប្រជាជនកម្ពុជា។ ឯកឧត្តមថា៖ រយៈពេល៣០ឆ្នាំមកនេះ ក្រុមការងារបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ បានទទួលជោគជ័យក្នុងការរំដោះផ្ទៃដីប្រមាណជាង២ពាន់គីឡូម៉ែត្រក្រឡា ក្នុងនោះគ្រាប់យុទ្ធភណ្ឌប្រមាណជាង៤លានគ្រាប់ បានរកឃើញនិងកម្ទេចចោល ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទំាងប្រទេស។ ទាំងនេះ ក៏ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្រ្គាមជាស្ថាពរ អាចឱ្យក្រុមអ្នកបោសសម្អាត មានឱកាសធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីបំពេញការងារដោយជោគជ័យ។សំឡេង២« យើងគិតទៅជាង៤លានគ្រាប់ ដែលបានរកឃើញរយៈពេលជាង៣០ឆ្នាំ ហើយកម្ទេចវាចោលនេះតើមានសារៈសំខាន់ប៉ុណ្ណោះ ហើយជីវិតប្រជាជនយើងស្លូតត្រង់ប៉ុន្មាន ដែលយើងបានសង្រ្គោះឱ្យចាកផុតពីគ្រោះថ្នាក់នេះ។ អ៊ីចឹងរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីយើង បានបញ្ចប់សង្រ្គាមជាស្ថាពរ ដូចប្អូនៗដឹងស្រាប់ហើយ គឺនយោបាយឈ្នះៗនេះ គឺជាជោគជ័យដ៏មហាសាលសម្រាប់ប្រទេសជាតិរបស់យើង។ បានសន្តិភាពហើយ បានអ្នកបោសសម្អាតមីនរបស់យើង អាចទៅដល់គ្រប់ទីកន្លែង ដើម្បីបោសសម្អាតគ្រាប់ បើនៅតែមានសង្រ្គាមឈ្លោះគ្នា កាប់ចាក់គ្នា ពាក់មុខយក្សដាក់គ្នាខ្មែរសាច់ឈាមដូចគ្នា មុខមាត់ដូចគ្នា ប៉ុន្តែកាប់ចាក់គ្នាបង្ហូរឈាមគ្នា អស់រយៈពេលជាង៣០ឆ្នាំ គឺឱ្យសោកស្តាយណាស់ អ៊ីចឹងបានសម្តេចតេជោ បានបញ្ចប់សង្រ្គាមពិតជារង្វាន់ដ៏មហាសាលជូនជាតិមាតុភូមិរបស់យើង»។ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ទៀតថា.៖ ការងារបោសសម្អាតមីនជាការងារមួយផ្នែកនៃបេសកកម្មសំខាន់ៗ ដែលរាជរដ្ឋាភិបាល ទាំងក្នុងក្របខណ្ឌរដ្ឋ ឯកជនគ្រប់ជាន់ថ្នាក់ទាំងអស់ បានខិតខំជួសជុលអតីតកាល និងសាងសង់គ្រឹះដ៏រឹងមាំ សម្រាប់អនាគតនៃកូនចៅយើងជំនាន់ក្រោយ។ ក្នុងនោះឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី៖ ពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនាខែវិច្ឆិកា ចុងឆ្នាំ២០២៤នេះ ហើយនឹងមានប្រតិភូនៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចំនួន ១៦៤ប្រទេស និងអង្គការអន្តរជាតិនានាជាច្រើនទៀតអញ្ជើញមកចូលរួម។ 

សំឡេង៣« ជាអនុសញ្ញាមនុស្សធម៌ធំជាងគេក្នុងពិភពលោក ដែលមានសមាជិកច្រើនជាងគេ តំណាងឱ្យគ្រប់ភាគីទាំងអស់ ហើយគោលដៅចម្បងរបស់អនុសញ្ញានេះ គឺដើម្បីបញ្ចប់ទុក្ខសោកវេទនារបស់មនុស្សលោកដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយព្រលឹងរបស់អនុសញ្ញានេះ គឺចេញពីកម្ពុជារបស់យើង ដោយសារកម្ពុជា ជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ នៅឆ្នាំ១៩៩៦ តែមួយឆ្នាំគត់ កម្ពុជាមានពលរដ្ឋជាង៤ពាន់នាក់ ដែលរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ អ៊ីចឹងមហាជនអន្តរជាតិ គេមកកម្ពុជាគេឃើញថានេះជាបញ្ហាដ៏ធំធេង ដែលជំរុញលើកទឹកចិត្តឱ្យបង្កើតអនុសញ្ញាមួយ ហៅថាអនុសញ្ញាអូតាវ៉ានេះ ដោយសារយើងចុះហត្ថលេខានៅប្រទេសកាណាដា ទីក្រុងអូតាវ៉ា អ៊ីចឹងអនុញ្ញាអូតាវ៉ានេះវិលមកកម្ពុជាយើងវិញ វិលមករកទីកំណើតនៃអនុសញ្ញានេះ។ កម្ពុជាជាប្រធាន រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័ន ប្រជាជនទាំងមូល ជាពិសេសអ្នកសៀមរាបតែម្តងយើងទាំងអស់គ្នាជាប្រធាននៃអនុសញ្ញាអូតាវ៉ា »។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីនមានប្រសាន៍បន្តថា៖ ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ មានប្រទេសមិនតិចជាង១៧០ទៅ១៨០ប្រទេស នឹងបញ្ជូនគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប នាចុងឆ្នាំនេះ ហើយកម្ពុជាបានត្រៀមខ្លួន និងផែនការជាច្រើន ដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសផែនការត្រៀមប្រចាំ រយៈពេល៥ឆ្នាំទៅមុខបន្តទៀត។ 

សំឡេង៤« ទីមួយជាលើកដំបូងបំផុត ដែលអនុសញ្ញាអូតាវ៉ា មករៀបចំកិច្ចប្រជុំកម្ពុជា ជាម្ចាស់ផ្ទះនេះ លើកទីមួយនៅតំបន់អាស៊ីរបស់យើង ដែលទាក់ទងនឹងការរៀបចំមើលឡើងវិញ នូវផែនការសកម្មភាព៥ឆ្នាំកន្លងមក និងដាក់ផែនការ៥ឆ្នាំទៅមុខទៀត អ៊ីចឹងជាកិត្តិយសដ៏ធំធេងរបស់កម្ពុជាយើង ហើយយើងដាក់ផែនការសកម្មភាព៣ គឺទី១. ស្តីពីសកលភាវូបនីយកម្ម មានន័យថាកម្ពុជានឹងខិតខំប្រមូលប្រទេសដទៃទៀត ដែលមិនទាន់ជារដ្ឋភាគីនៅឡើយ ឱ្យគេចូលជាសមាជិក ដើម្បីបញ្ចប់ទុកលំបាករបស់ប្រជាជនពីសំណល់ជាតិផ្ទុះពីសង្រ្គាម។ អ៊ីចឹងតំបន់អាស៊ានយើង១០ប្រទេសមាន៤ប្រទេសអត់ទាន់ជាសមាជិកនៅឡើយទេ មានសាំងហ្គាពួរវៀតណាម ភូមា និងឡាវ។ ទី២. គឺការងារបោសសម្អាតគ្រាប់ បច្ចុប្បន្នយើងមានរហូតដល់ជាង៣៣ប្រទេស និងតំបន់ដែលនៅតែបន្តត្រូវការការងារបោសសម្អាតគ្រាប់ជាប្រចាំ អ៊ីចឹងក្នុងនាមជាប្រធានយើងត្រូវខិតខំប្រមូលធនធានពិភពលោកទាំងមូល ដើម្បីឱ្យជួយដល់បណ្តាប្រទេសទាំងនោះ មានមធ្យោបាយធ្វើការងារបោសសម្អាតគ្រាប់ រំសេវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាជននៅបណ្តាប្រទេសទាំងនោះ ឱ្យបាន។ទី៣. គឺការជួយដល់បងប្អូនអ្នករងគ្រោះពីសំណល់ជាតិផ្ទុះពីសង្រ្គាម។ អ៊ីចឹងអត្ថិភាព៣នេះ ជាអត្ដិភាពដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ក្នុងនាមជាប្រធាននៃអនុសញ្ញាអូតាវ៉ា ដាក់ចេញដើម្បីអនុវត្តក្នុងរយៈពេលមួយឆ្នាំនេះ យើងកំពុងតែខិតខំ»។លោកពូសុផាន អាយុជាង៦០ឆ្នាំប្លាយ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូត្រនិគមខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាតាមរយៈទូរសព្ទថា៖ តាមរយៈជីវិតធ្លាប់ឆ្លងកាត់ទុក្ខសោកវេទនាសម័យសង្រ្គាម និងក្រោយសម័យសង្រ្គាម បានបន្សល់នូវសំណល់ជាតិផ្ទុះដ៏ច្រើនសម្បូរបែប ធ្វើឱ្យប្រជាជនរងគ្រោះថ្នាក់ បានស្លាប់ឬពិការភាពដោយសារគ្រាប់មីនជាច្រើន។ ក្រោយពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបានបញ្ចប់សង្រា្គមជាស្ថាពរ និងចាប់ផ្តើមការងារបោសសម្អាតគ្រាប់មីនធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងភាពសប្បាយរីករាយ អាចប្រកបការងារកសិកម្មលើផ្ទៃដីនានាដោយមិនបារម្ភពីគ្រោះថ្នាក់ដោយគ្រាប់មីនបន្តទៀតឡើយ។ ក្នុងនាមពលរដ្ឋកម្ពុជាមួយរូប លោកពូសុផាន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលអង្គការដៃគូជាតិ និងអន្តរជាតិ ដែលបានខិតខំតរំដោះផ្ទៃដីទូទាំងប្រទេស ឱ្យមានសុវត្ថិភាពសម្រាប់ពលរដ្ឋអាចពឹងអាស្រ័យស្ទើរតែមិនមានគ្រោះថ្នាក់ដោយសារមីនដូចពេលមុននោះទៀតឡើយ។  

សំឡេង៥« ជាក់ស្តែងទឹកដីសូត្រនិគមនេះ បើថាមានវាមានតែមួយជួរជាប់នៅខាងព្រំប្រទល់ស្រុកស្វាយលើ  មាននៅជួរនោះខ្លះតែថានៅជួរខាងក្រោម ទឹកដីសូទ្រនិគមនេះ ដូចជាមិនសូវមានប៉ះមីនអ្វីនោះទេ តាំងពីឆ្នាំ៩៧-៩៨មក មិនដែលឮមីនឮអ្វីផង ដូចមានសន្តិភាពរហូតមក  ហើយបើសិនជាមានសង្គ្រាម មានមីនអ្វីមួយប្រទេសមិនជឿនលឿនទៅមុខនោះទេ ដល់ពេលអត់សង្គ្រាមទៅណាក៏សប្បាយដែរ ទៅណាក៏អត់ខ្លាចថាជាន់មីនអ្វីដែរ តែទៅណាសព្វថ្ងៃខ្លាចតែចរាចរណ៍មួយទេ»។95104C2D-CD9F-40C4-93F5-1F5007498A7D

លោកអ្នកនាងជាទីមេត្រី! កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញកាតព្វកិច្ច ជារដ្ឋភាគីគំរូ និងឈានមុខគេ ក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹងការអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជាត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំទ្រជ្រើសតាំងធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាអាចនឹងដឹកនាំបង្កើតនូវផែនការសកម្មភាព៥ឆ្នាំ សៀមរាប-អង្គរនិងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ សម្រាប់រដ្ឋភាគីទាំងអស់៕F5E3F20C-60E4-42EC-8654-F04F60163356F0549871-3BD5-4505-A18A-E779ED6A49333459FC8D-37A1-4B71-B977-982DEE5BEED638F20B02-762B-457E-B487-32A42D592E4F3043FCAA-D0F1-42E1-A9C2-F310CE78C1A6FB9F18C7-CFBC-486C-A2B7-7D00DDE0FFADC58CD248-966F-43EC-BB3E-A1C1A46711B4DA5D4B49-80F0-421F-80DB-AFF8C7F68E8560685B4B-5987-4218-BD3C-B5BF9E0C60195170F411-4A75-4713-91BB-DE8D8592B6ECDFFCF94F-3F7E-443A-BB18-CD902D0BAF88

Comments

Related posts