វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីពេលថ្មីៗនេះ ដោយក្នុង១ខេត្តទទួលថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេស។
ការប្រកាសឧបត្ថម្ភរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការផ្តល់រង្វាន់នេះជាការឆ្លើយតបចំពោះការសន្យារបស់ខ្ញុំ ក្នុងឱកាសសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយលើកទឹកចិត្ដសម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី ៕
Comments