រដ្ឋបាលជលផលស្ទឹងត្រែងបិទនេសាទចាប់ពីថ្ងៃទី១ខែឧសភាតទៅ

 

វិទ្យុជាតិកម្ពុជា៖ លោក   គឹមហឿន.ស្ទឹងត្រែង 

IMG_0168-2

IMG_0166

IMG_0165

IMG_0167-1

IMG_0170-1

IMG_0173-2

IMG_0177

IMG_0174

IMG_0169-2

ស្ទឹងត្រែង៖ មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែង  ប្រកាសរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ខែឧសភាតទៅ ព្រោះត្រីមេពូជចាប់ផ្តើមពងកូនជាបណ្តើៗហើយ ដូច្នេះសូមប្រជាអ្នកនេសាទត្រូវរួមគ្នាអភិរក្ស ធនធានមច្ឆជាតិ ឱ្យបានគង់វង្ស។
      ក្នុងសកម្មភាពចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទនៅខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី០១ខែឧសភា ដល់ថ្ងៃទី ៣០ខែកញ្ញា កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤នេះ លោកស្រីសំវិចិត្រប្រធានខណ្ឌជលផលខេត្តបានបញ្ជាក់ថា៖រដូវត្រីពងកូនចូលមកដល់ហើយ ដូច្នេះប្រជាអ្នកនេសាទទាំងអស់ត្រូវតែនាំគ្នាអនុវត្តន៍សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ឱ្យបានខ្ជាប់ខ្ជួន ។
      លោកពន្យល់ថា៖ ជាមួយនិងការចូលរួមអភិរក្សនេះសូមឱ្យ ភាគីពាក់ព័ន្ធជួយទប់ស្កាត់បទល្មើសផ្សេងៗព្រោះមន្ត្រីជលផលបានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផលទៅតាមមូលដ្ឋានបានទូលំទូលាយរួចមកហើយដែរ ។
   លោកបន្តថា៖ ប្រជាអ្នកនេសាទ ត្រូវមានឆន្ទៈស្រឡាញ់ធនធានមច្ឆជាតិរបស់ខ្លួន  ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់   ឬលួចចូលទៅធ្វើនេសាទក្នុងអន្លង់អភិរក្ស បង្កផលប៉ះពាល់ត្រីពងកូន ។
       លោក សៃ សេង អ្នកនេសាទនៅភូមិវាលខ្សាច់ឃុំថាឡាស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ដល់ពេលរដូវបិទនេសាទម្ដងៗ  អ្នកនេសាទភាគច្រើនចូលរួមអនុវត្តបានល្អមិនហ៊ានចេញធ្វើនេសាទផ្តេសផ្តាសទេ ។ ជាមួយគ្នានេះក៏នៅមានជនសង្ស័យមួយចំនួនបានលួចលាក់ប្រព្រឹត្តបទល្មើស  ហើយប្រជាសហគមន៍បង្រ្កាបមិនបាន គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ  ព្រោះបទល្មើសភាគច្រើនធ្វើសកម្មភាពឆក់នៅពេលយប់ឬពេលជិតភ្លឺតែម្ដង ។
      លោកលីចិន្ត្រាប្រធានសហគមន៍នេសាទភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ទោះជាយ៉ាងណាការលួចប្រើឧបករណ៍ នេសាទខុសច្បាប់ ប្រជាសហគមន៍ចុះបង្ក្រាបជាប្រចាំ ទោះឃាត់ខ្លួនមិនបានពេលខ្លះ  យើងរឹបអូសបានឧបករណ៍ល្មើសយកមកកម្ទេចចោលដែរ  ។
   លោកសង្ឃឹមមុតមាំថានៅឆ្នាំ២០២៤នេះ ប្រជាអ្នកនេសាទទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងប្រកបដោយការទទួលខុសត្រូវ   ហើយចងចាំ  និងអនុវត្តន៍តាមយុទ្ធសាស្ត្រ
  បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលឱ្យបានព្រមគ្នាដើម្បីចូលរួមថែរក្សាការពារនិងប្រើប្រាស់នូវធនធានមច្ឆជាតិយើង ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។        
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ ខែឧសភា  មុនបិទជាសកលមួយខែដោយសារតែនៅទន្លេមេគង្គលើ  ខេត្តស្ទឹងត្រែងត្រីមេពូជចាប់ពងកូនពីខែឧសភានេះទៅព្រោះនៅតំបន់នេះសម្បូរទៅដោយព្រៃលិចទឹក ជាសម្បុកត្រីពងកូន ជាពិសេសត្រីប៉ាសេអ៊ី ៕

Comments

Related posts