ក្រសួងពាក់ព័ន្ធបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីស្វែងរកយន្តការ/វិធានការបន្ថែមក្នុងការបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយ បារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

                     ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំបន្ទាប់មួយដោយអញ្ជើញក្រសួង/ស្ថាប័នពាន់ព័ន្ធនានា ចូលរួមពិភាក្សា និងស្វែងរកយន្តការ/វិធានការបន្ថែមក្នុងការបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយ បារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ (Online)។ ការបើកកិច្ចប្រជុំនេះឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា រកឃើញថា ប្រភពចែកចាយ និងលក់បារីអេឡិចត្រនិក/វេប ធំចម្បង គឺតាមបណ្តាញព័ត៌មានសង្គមជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram) ។ល។ បន្ថែមពីនេះ ទីតាំងក្នុងការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមយុវជនភាគច្រើនលើសលប់ គឹគឺនៅហាងការហ្វេ/ភោជនីយដ្ឋាន និងសួនសាធារណៈ ដែលទីតាំងទាំងនោះនៅក្រៅបរិវេណសាលារៀន ឬក្រៅម៉ោងសិក្សា។​

យោងតាមស្មារតីកិច្ចប្រជុំ បានឯកភាពគ្នាថា ការរៀបចំផ្ដូចផ្ដើមលិខិតបទដ្ឋានគតិយុត្តក្នុងការចាត់វិធានការទៅលើការប្រើប្រាស់ ការចែកចាយបារីអេឡិចត្រូនិកជាការចាំបាច់ ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេ។

 

ស្នើសុំឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនា​គមន៍ ក្រសួងព័ត៌មាន ចាត់វិធានការតាមច្បាប់ជាបន្ទាន់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្រ្តាក្រាម (Instagram) តេឡេក្រាម (Telegram) ដាដើម ទើបអាចបង្ការកុមារ និងយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក/វេប។  

គួរបញ្ជាក់ផងដែរថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង។​  បើយោងតាមមជ្ឍមណ្ឌល CDC នៃសហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

photo_2024-04-30_15-23-28photo_2024-04-30_15-30-21

photo_2024-04-30_15-30-25

photo_2024-04-30_15-18-44

 

photo_2024-04-30_15-18-45

Comments

Related posts