វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យពន្លឿនការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានឆាប់រហ័សតាមផែនការគ្រោងទុក ចៀសវាងការពន្យារពេល ដើម្បីមានសមត្ថភាពអាចផ្ទុកទំនិញពីនាវាធុនធំ ជាពិសេសទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានជំរុញការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានលឿនតាមផែនការគ្រោងទុក កុំឱ្យមានការពន្យារពេលជាបន្តបន្ទាប់ទៀត ពីព្រោះនៅពេលគម្រោងនេះបានបញ្ចប់រួចរាល់ នឹងអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅ-មក ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ និងពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight) មានភាពប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរ សម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សន្ទុះនៃការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ៕
Comments