មន្រ្តីនាំពាក្យក្រសួងការងារ៖ ក្រសួងការងារបានទទួលញាត្តិពីសហជីព ហើយនឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់ពួកគេ

វិទ្យុជាតិកម្ពុជា៖

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារនឹងពិនិត្យញាត្តិដែលក្រុមសហជីព អង្គការសង្គមស៊ីវិល បងប្អូនកម្មករនិយោជិតបានដាក់មកកាន់ក្រសួងការងារ។ 

 

ការលើកឡើងបែបនេះបន្ទាប់ពីមានអង្គការសង្គមស៊ីវិល សហជីព និងបងប្អូនកម្មករនិយោជិត

ប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នាដាក់ញាត្តិមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ។ 

 

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ជុំវិញញាត្តិដែលបានដាក់មកកាន់ក្រសួងការងារនៅពេលនេះ ក្រសួងនឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់សហជីព អ្វីដែលក្រសួងបានអនុវត្តដោយជោគជ័យ អ្វីដែលក្រសួងកំពុងអនុវត្ត និងអ្វីដែលជាការលើកឡើងមិនឆ្លុះបញ្ចាំងការពិត។

 

ឯកឧត្តមបន្ថែមថា ការប្រមូលផ្តុំតវ៉ា និងដាក់ញាត្តិរបស់សហជីព និងអង្គការសង្គមស៊ីវិល បង្ហាញអោយឃើញពីលំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលមានសេរីភាពពេញលេញ មិនដូចការលើកឡើងថា លំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជាមានការរិតត្បិតនោះទេ។

 

ឯកឧត្តមបន្តថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការណា សហជីពណាក៏ដោយ គឺជាការពង្រឹងនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលប្រទេសណាក៏អនុវត្តច្បាប់របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍សាធារណៈ។

ឯកឧត្តមសង្កត់ធ្ងន់ថាការធ្វើវិសោធនកម្មច្បាប់សហជីពនិងច្បាប់ការងារមានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលក្នុងការចុះបញ្ចីការ និងការប្រព្រឹត្តទៅរបស់សហជីព។ 

 

ក្នុងនោះចំនួនសហជីពជាង៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួនច្រើនណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការចុះបញ្ចីការ និងការតាក់តែងលក្ខន្តិកៈរបស់ខ្លួនដោយសេរី ព្រមទាំងសេរីភាពដ៏ទូលំទូលាយនៃការប្រព្រឹត្តទៅរបស់សហជីពនៅកម្ពុជា។

 

ឯកឧត្តមបន្ថែមថា ច្បាប់សហជីពរបស់កម្ពុជាផ្តល់លក្ខខណ្ឌបង្កើតសហជីពតម្រូវឲ្យមានកម្មករនិយោជិត១០នាក់ គឺល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក៥០នាក់ អូស្ត្រាលី ហ្វីលីភិន បង់ក្លាដែស តម្រូវឲ្យមានកម្មករនិយោជិត ៥០នាក់ ឬ២០% ឬ៣០%)។

 

ឯកឧត្តមបន្តថាក្រសួងជំរុញឲ្យមានការចរចាជាសមូហភាពដើម្បីចុះអនុសញ្ញារួមតាមរយៈការសម្របសម្រួលនីតិវីធីសម្រាប់សហជីព។ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់សហជីព ចំនួនចុះបញ្ជីទទួលស្គាល់ភាពជាតំណាងមានការកើនឡើងពី ៥៦៤ក្នុងឆ្នាំ២០១៩ ដល់៦២៤ក្នុងឆ្នាំ២០២៤។

 

ទន្ទឹមនឹងនេះការដោះស្រាយវិវាទការងារមានចំនួនសះជាស្មើនិង៩១.៨០% កើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួន៨០.៩៥%។ តាមនីតិវីធី ក្នុងករណីមិនសះជា ក្រសួងបញ្ចូនទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វិសោធនកម្មច្បាប់ការងារឆ្នាំ២០២១ បានផ្តល់ជម្រើសដល់ភាគីនៃវិវាទបុគ្គល ក៏អាចប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ៕

ឯកឧត្តមបន្តថា ការប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ ឬថេរវេលាមិនកំណត់ សុទ្ធតែទទួលបានអត្ថប្រយោជន៍បន្ថែមដូចគ្នា។ ចំណែកច្បាប់ការងារ និងច្បាប់សហជីព ហាមឃាត់រាល់ទម្រង់នៃការរើសអើងក្នុងការងារ និងសហជីព។ ក្រសួងលើកទឹកចិត្តដល់កម្មករនិយោជិត និងសហជីព ដាក់ពាក្យប្តឹងមកក្រសួងក្នុងករណីមានការរើសអើងណាមួយ។ រីឯយន្តការត្រីភាគីនៃក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា សុទ្ធតែមានសមាសភាពសហជីពចម្រុះ ដែលភាគីសហជីពខ្លួនឯងជាអ្នកជ្រើសរើស។

 

ឯកឧត្តម កត្តា អ៊ន បញ្ជាក់ថាក្រសួងលើកទឹកចិត្តដល់សហជីព សូមយកបញ្ហាមកដោះស្រាយទល់មុខមន្រ្តីទទួលបន្ទុកនៅក្រសួងការេងារ ដើម្បីផ្ទៀងផ្ទាត់រួមគ្នា និងរកដំណោះស្រាយសមស្របលើករណីដែលរកឃើញថា មិនទាន់មានដំណោះស្រាយ។CC993B2F-E605-40A9-9C1A-DE4E67654FF2CDCCCBF6-59E2-413A-9D96-0247DC8B95D2EFC6C1A5-D48B-45FD-BB2A-1F8CE3B2E857BE8BB70E-E554-465B-93D4-EFB78E1F4667

Comments

Related posts