ចក្ខុវិស័យររបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧នេះ គឺការជំរុញកែប្រែនិងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០៥.២០២៤

IMG_0579-2

សម្តេចធិបតីហ៊ុនម៉ាណែត បានថ្លែងថា ចក្ខុវិស័យររបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ គឺការជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអត្តពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ។
 

ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ គឺសំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និង ជីវភាពកាន់តែប្រសើរឡើងជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ។
សម្តេចធិបតី ពិតជាមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា, កម្ពុជានឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត ។ ក្នុងន័យនេះ កម្ពុជានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនិងដាក់ចេញវិធានការមួយចំនួន ដែលបម្រើដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ ។
« រាជរដ្ឋាភិបាលបានដាក់ចេញយន្តការគាំទ្រមួយចំនួនពាក់ព័ន្ធជាមួយនឹងវិធានការគន្លឹះដែលមានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្ដីពីការបង្កើតនិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនយុវនារីមកពីគ្រួសារជួបការលំបាកនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសមូលនិធិអភិវឌ្ឍន៍ជំនាញព្រមទាំងគោលនយោបាយនៃយុទ្ធសាស្ត្រ ពាក់ព័ន្ធផ្សេងទៀត » ។ 
ក្នុងនោះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ជាងនេះទៅទៀត ដើម្បីអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន៥រួមមាន ៖ ១- យុទ្ធសាស្ត និងការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម និង៥- បរិយាកាសធុរកិច្ច និងការវិនិយោគ ៕

Comments

Related posts