សិក្ខាកាមផ្នែកអគ្គីសនី និងអេឡិចត្រូនិចក្នុងវគ្គ១.៥លានចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង

វិទ្យុជាតិកម្ពុជា៖

កំពត៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតចាប់ផ្តើមបញ្ជូនយុវជនសិក្សាជំនាញនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់របស់ខ្លួនចុះហាត់ការនៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំយកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុននឹងទទួលយកជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់នៅ៣សប្តាហ៍ខាងមុខទៀត។ 

 

ការលើកឡើងបែបនេះរបស់សិក្ខាកាមបន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានជិត៤ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។ 

 

យុវជន កឹម ពេជ្យ សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានលើកឡើងថា៖«បន្ទាប់ពីបានសិក្សាជំនាញបច្ចេកទេសបានជិត៤ខែនៅសាលាមក ពេលនេះខ្ញុំត្រូវបានសាលារបស់ខ្ញុំបញ្ជូនទៅចុះហាត់ការនៅក្រុមហ៊ុនខាងអគ្គិសនីឈ្មោះ ក្រុមហ៊ុនកម្ពុជាចក្រីទីង រយៈពេល៣សប្តាហ៍»។ 

 

យុវជនរូបនេះសប្បាយចិត្តនៅពេលបានចុះហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះការហាត់ការជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនបន្ទាប់ពីហាត់ការត្រូវបានបញ្ចប់ ដូច្នេះហើយខ្លួននឹងខិតខំយកចិត្តទុកដាក់បំផុតអំឡុងពេលធ្វើការនៅក្រុមហ៊ុនឯកជននេះ។ 

 

យុវជន ភឿង សំណាង សិក្ខាកាមនៃដេប៉ាតឺម៉ង់អគ្គិសនី និងអេឡិចត្រូនិច នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតបន្តថា៖«អំឡុងពេលសិក្សាជំនាញ រៀនដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភថែមទៀត តែពេលរៀនចប់ ចុះហាត់ការតាមក្រុមហ៊ុន ខ្ញុំទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនជាង ២០០ដុល្លារក្នុងមួយខែថែមទៀត។ ខ្ញុំសប្បាយចិត្តពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ»។ 

យុវជនរូបនេះបន្តថា ខ្លួនត្រូវបានសាលាបញ្ជូនទៅហាត់ការនៅក្រុមហ៊ុនពូចិន ដែលជាក្រុមហ៊ុនខាងអគ្គិសនី និងសំណង់ រយៈពេលចំនួន៣សប្តាហ៍។ ការហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គសិក្សាចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ដូច្នេះរំពឹងយ៉ាងមុតមាំថានឹងទទួលការជ្រើសរើសជាបុគ្គលិកពេញសិទ្ធិពីសំណាក់ក្រុមហ៊ុនបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់។ 

 

ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។ 

 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជនដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕1A9C32D6-3F9B-4F41-8FCE-D5DA31C3A226AC17D3A7-34C9-442D-A42E-B81AFEE52FA423923C02-0C0C-4FC5-92C2-FBF089651BF42BE2B3BE-9350-4A6A-B0E6-F73DE867332DA797383A-9BA9-4CE9-BAD4-1DEC9C08C6A39703724E-9C6D-494A-BC93-2E667B873CBC

Comments

Related posts