ប្រជាពលរដ្ឋសង្ឃឹមថា ក្រោយគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញអនុវត្ដរួចរាល់ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជូនពួកគាត់

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

IMG_0734

IMG_0735

IMG_0736

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានបង្ហាញក្ដីសង្ឃឹមថា ក្រោយគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញអនុវត្ដរួចរាល់នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជូនពួកគាត់ ដើម្បីលើកកម្ពស់ជីវភាពធូរធារថែមមួយកម្រិតទៀត តាមរយៈការបង្កបង្កើនផល ធ្វើស្រូវច្រើនរដូវ ដាំដំណាំរួបផ្សំនិងផ្តល់ផលនេសាទ។
ក្នុងឱកាស ដែលឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរមូលដ្ឋាន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរដល់សុខទុក្ខនិងតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ។ជាងនេះទៅទៀតពួកគាត់ក៏បានសម្តែងការត្រេកអរចំពោះសមិទ្ធ ផលប្រវត្តិសាស្ត្រនេះ ហើយក្នុងនោះពួកគាត់ក៏បានរំពឹងយ៉ាងមុតមាំថា នៅក្រោយប្រឡាយនេះបានរួចរាល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននឹងមានជីវភាពធូរធារថែមមួយកម្រិតទៀតតាមរយៈការបង្កបង្កើនផល ធ្វើស្រូវច្រើនរដូវ ដាំដំណាំរួបផ្សំនិងផ្តល់ផលនេសាទ។មួយវិញទៀតផ្លូវដែលអមសងខាងប្រឡាយនេះក៏នឹងក្លាយជាសរសៃឈាមក្នុងការដឹកភោគផលទៅកាន់ទីផ្សារយ៉ាងងាយស្រួលផងដែរ។

ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅរដូវវស្សាបរិមាណទឹកភ្លៀងដ៏ច្រើន បានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោតធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើង​ពី​១៣០០​ទៅ២០០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោម អាចដោះទឹកបាន ប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល។

ឯកឧត្ដម ថោ ជេដ្ឋា បានបន្ថែមថា តបតាមការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយនិងស្រកទៅវិញ និងតំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំនូវផែនការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជធានីភ្នំពេញ។ 

រដ្ឋមន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ថា គម្រោងពង្វាងទឹកនេះមានការស្តារប្រឡាយចំនួន​១០​ខ្សែ​ ប្រវែងប្រមាណ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយរហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០%ហើយ។ 

គួររំលឹកឡើងវិញថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសមាហរណកម្មផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀងនិងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីតំបន់ជុំវិញរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅ ចូលទៅក្នុងអាងទន្លេ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុងរាជធានីភ្នំពេញតាមប្រព័ន្ធលូនានានិងប្រព័ន្ធចម្រោះទឹកកខ្វក់៕

Comments

Related posts