គម្រោងព្រែកជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៤ ៥ ២០២៤

a-242

a1-264

a4-265

a3-272

a2-266

a7-247

a6-246

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរ ក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ ព្រែកជីក ហ្វូណនតេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះ មានការសិក្សាច្បាស់លាស់ណាស់ ពីផលប៉ះពាល់ឬលំហូរទឹក រវាងទន្លេមេគង្គ និងសមុទ្រ។

ថ្លែងបាឋកថាស្តីពីគម្រោងព្រែកជីកហ្វូណន-តេជោ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រា ចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញនៅសាលសម្ដេចតេជោ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន បន្តអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះ ឱ្យសម្រេចបាននាពេលអនាគត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ការធ្វើព្រែកជីកហ្វូណន-តេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះ មានការសិក្សាច្បាស់លាស់ណាស់ ពីផលប៉ះពាល់។ យោងតាមច្បាប់ ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ បានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល ២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រោយពេលដែលគម្រោង នេះសម្រេចនោះ កម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោង នឹងត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) ដែល មានទីតាំង គឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប និងត្រូវឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ គម្រោងព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤៕

Comments

Related posts