វិទ្យុជាតិកម្ពុជា លោកគឹមហឿន
ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីធ្វើឱ្យផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ សម្រេចបានជោគជ័យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ។
ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ២៥មេសា ប្រារព្ធឡើងនៅស្រុកសៀមប៉ាងថ្ងៃទី០៥ខែ ឧសភាឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានបញ្ជាក់ថា៖សកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស មានគោលបំណងឱ្យបងប្អូនប្រជាពលរដ្ឋទូទៅ មិនថានៅតាមទីប្រជុំជន ឬនៅតាមតំបន់ដាច់ស្រយាលនោះទេ គឺត្រូវតែរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាព។
លោកបន្តថា៖សកម្មភាពនេះមន្ទីរសុខាភិបាលបាននាំគ្នាបង្កើនអនុវត្តផែនការឆ្នាំ២០២៥លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទ ប្លាស្មូយ៉ូម វីវ៉ាក់ ហៅកាត់ថា(P V) ឱ្យបានជាស្ថាពរ ខណៈប្រភេទមេរោគឈ្មោះ ប្លាស្មូយ៉ូម ហ្វាស៊ីប៉ារ៉ូម ហៅកាត់ថា PF បានលុបបំបាត់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក វេជ្ជបណ្ឌិត ខៀវ វិរៈ អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបញ្ជាក់ថា៖ជាមួយគ្នានេះ ក៏សូមឱ្យមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព ខិតខំបង្កើនការធ្វើតេស្ត ការព្យាបាល និងការតាមដានករណីគ្រុនចាញ់ឱ្យបានជាប្រចាំ។
លោកវេជ្ជបណ្ឌិតបន្តថា៖ការធ្វើបែបនេះ ដើម្បីធ្វើឱ្យទិវាប្រយុទ្ធនិងជំងឺគ្រុនចាញ់ក្រោម ប្រធានបទសមភាពយេនឌ័រ និងសិទ្ធិមនុស្ស សម្រេចផែនការបានតាមការគ្រោងទុក តាមរយៈស្មារតីចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៃបណ្តាស្រុកនីមួយៗ ។
លោក សុំ ប៊ុនធិន អភិបាលរង ស្រុកសៀមប៉ាងបានបញ្ជាក់ថា៖កន្លងមកនៅស្រុកសៀមប៉ាងមានអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការCRS -អង្គការMC -អង្គការ MURO បានមកផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺគ្រុនចាញ់ និងលុបបំបាត់ជំងឺគ្រុនចាញ់បានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ។
លោកបន្តថា៖សកម្មភាពផ្សព្វផ្សាយនេះបានតម្រូវឱ្យបងប្អូនយើង ដែលមកពីព្រៃ ក្នុងពេលទៅរកផលអនុផលព្រៃឈើ ឬទៅដេកចាំស្រែចម្ការក្តី មានអាការ:ឈឺគ្រុន ត្រូវរួសរាន់មកជួបគ្រូពេទ្យជួសឈាមមើលរោគសញ្ញាគ្រុនចាញ់ ដែលជាវិធីសាស្ដ្រមួយ មានប្រសិទ្ធភាពក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ។
សូមបញ្ជាក់ថា៖ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ធ្វើឡើងនៅស្រុកសៀមប៉ាងបានដាសស្មារតីប្រជាពលរដ្ឋយើងឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណា កុំឱ្យមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ហើយនឹងធ្វើឱ្យប្រទេសកម្ពុជា ឆ្នាំ២០២៥ គ្មានជំងឺគ្រុនចាញ់ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គ គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០ ៕
Comments