មន្ត្រីក្រុមអភិរក្សត្រីមេពូជបើកទូកប្រដេញ ជនសង្ស័យឆក់ត្រី ដូចក្នុងរឿងខ្សែភាពយន្ត

វិទ្យុជាតិកម្ពុជា៖ គឹមហឿន

 ស្ទឹងត្រែង៖ ជនសង្ស័យសកម្មប្រើប្រាស់ឧបករណ៍ឆក់ត្រីពេលថ្ងៃ ត្រូវបានក្រុមអភិរក្សត្រីមេពូជនាំគ្នាប្រដេញស្ទាក់ ព្រៀបដូចរឿងក្នុងខ្សែភាពយន្ត តែសកម្មភាពនេះធ្វើមិនបានសម្រេចដូចបំណងទេ ព្រោះការប្រដេញគ្នា សង្ស័យប្រើទូកមានកម្លាំងម៉ាស៊ីនខ្លាំងជាងក្រុមអភិរក្ស ។

ក្នុងសកម្មភាពល្បាតអភិរក្សត្រីមេពូជកម្លាំងប្រចាំការតំបន់រាមសារ សហការជាមួយប្រជាសហគមន៍នេសាទ នៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង និងឃុំអូរស្វាយ-ឃុំកោះស្នែង ក្នុងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ -០៦ ឧសភា២០២៤ លោកនីវី មន្ត្រីឧទ្យានុរក្សប្រចាំតំបន់រាមសារបានបញ្ជាក់ថា៖ បទល្មើសឆក់ត្រីក្នុងតំបន់ក្រុមអភិរក្សាបានបង្ក្រាប៣ករណីនៅថ្ងៃទី៥មានពីករណី និងថ្ងៃទី៦មួយករណី ហើយជនសង្ស័យបានទំលាក់ឧបករណ៍ចោលទៅក្នុងទឹកនិងបើកទូករត់គេចខ្លួន។

លោកបន្តថា៖ក្រុមអភិរក្សរួមជាមួយប្រជាសហគមន៍ បន្តតាមរកមុខសញ្ញាជនសង្ស័យបន្តព្រោះយើងថតរូបទូកបានហើយ និងចុះរាវរកឃើញអាគុយ១ គ្រឿងដែលជនសង្ស័យបោះទៅក្នុងទឹកជាវត្ថុតាងបន្ថែមទៀត ។

លោកថងកង ប្រជាសហគមន៍នេសាទបញ្ជាក់ថា៖ ជនសង្ស័យទាំងនេះមានចរិកព្រហើនកោងកាច មិនចូលរួមគោរពច្បាប់ជលផលនោះទេ ព្រោះនៅក្នុងរដូវបិទនេសាទ ជនទាំងនេះបានប្រើប្រាស់ឧបករណ៍ឆក់ ធ្វើសកម្មភាពឆក់ត្រីទាំងថ្ងៃ ដោយមិនកោតខ្លាចកម្លាំងសមត្ថកិច្ចណាមួយឡើយ ។

លោកបន្តថា៖ តំណាងឱ្យប្រជាសហគមន៍នេសាទ សូមអំពាវនាវដល់ប្រជាអ្នកនេសាទទាំងអស់ កុំព្យាយាមប្រើឧបករណ៍នេសាទខុសច្បាប់បែបនេះ ព្រោះវាជាទង្វើបំផ្លាញធនធានមច្ឆជាតិរបស់ខ្លួនឯងតែប៉ុណ្ណោះ ។

លោកសាយកុសលអភិបាលក្រុងស្ទឹងត្រែង សូមលើកទឹកចិត្តទៅក្រុមអភិរក្សត្រីមេពូជ ហើយសូមឱ្យរួមគ្នាបង្កើនសកម្មភាពចុះល្បាតឱ្យបានញឹកញាប់ ចំណែកអាជ្ញាធរនិងជួយឧបត្ថម្ភគាំទ្រសម្ភារៈ គ្រឿបរិភោគ ផ្សេងៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នាក្នុងរដូវបិទនេសាទ ។

 សូមបញ្ជាក់ថា៖ករណីនេះប្រជាសហគមន៍នេសាទ និងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញជលផលនិងប៉ុស្តិ៍រដ្ឋបាលឃុំឱ្យជួយអន្តរាគមន៍និងបន្ថែមកម្លាំង ផង ព្រោះសហគមន៍មានគ្នាតិចដែនអភិរក្សបានទំហំធំនិងមានប្រវែងជាង៤០គីឡូម៉ែត្រ ឯណោះមិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេ ៕

photo_2024-05-06_18-00-05 - Copy

photo_2024-05-06_17-58-04photo_2024-05-06_17-58-17

photo_2024-05-06_17-58-25

Comments

Related posts