បទយកការណ៍៖ ដំណាំ៧ប្រភេទមានសក្តានុពលក្នុងខេត្តឧត្តរមានជ័យជួយ លើកកម្ពស់ជីវភាពកសិករ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

 

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

    វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជនបទ ជាពិសេសបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ក្នុងនោះឧត្ដរមានជ័យ ជាខេត្ដមួយ ក្នុងចំណោមរាជធានី ខេត្ដទាំង២៥ ដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពទីតាំងភូមិសាស្ត្រ ដែលមានភាពអំណោយផលល្អពីធម្មជាតិ ប្រជាកសិករក្នុងមូលដ្ឋាននេះ ប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម ខណៈផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត មានប្រមាណជាង៣០ម៉ឺនហិកតា។ប្រជាកសិករអាចដាំដុះដំណាំជាច្រើនប្រភេទ ក្នុងនោះដំណាំមានសក្តានុពលសំខាន់ៗចំនួន៧ប្រភេទ ដែលកសិករនិយមដាំដុះ និងអាចនាំចេញទៅលក់នៅទីផ្សារទាំងក្នុងនិងក្រៅខេត្តយ៉ាងទូលំទូលាយ។

សូមអញ្ជើញលោកអ្នកនាងស្តាប់ បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ ដំណាំ៧ប្រភេទមានសក្តានុពលក្នុងខេត្តឧត្តរមានជ័យជួយលើកកម្ពស់ជីវភាពកសិករ ដូចតទៅ៖

លោកអ្នកនាងស្តាប់ជាទីមេត្រី !

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការបន្តធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាព ការធ្វើពិពិធកម្ម និងកសិពាណិជ្ជកម្ម ដោយបានជំរុញការអនុវត្តនូវវិធានការចាំបាច់មួយចំនួនរួមមាន៖ ការកសាងនិងកែលម្អហេដ្ឋារចនាសម្ពន្ធ និងសេវាកម្មដែលបម្រើដល់ផលិតកម្មកសិកម្ម បង្កើនការផ្តល់សេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវបច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ និងបន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ ។មិនតែប៉ុណ្ណោះថែមទាំងការគ្រប់គ្រង និងបង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ការគ្រប់គ្រង និងអភិវឌ្ឍន៍ដំណាំកៅស៊ូព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សនិងស្ថាប័នជាដើម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយប្រសិទ្ធភាព មានការប្រកួតប្រជែងខ្ពស់ បរិយាបន្ន និងមាននិរន្តរភាព។ 

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាខណៈចុះទៅកាន់មូលដ្ឋាននោះថា៖ ផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត ដែលមានប្រមាណ៣០ម៉ឺនហិកតាជាង អាចឱ្យកសិករពឹងអាស្រ័យលើវិស័យមួយនេះបានយ៉ាងងាយស្រួល។ ក្នុងនោះដំណាំសំខាន់ៗចំនួន៧ប្រភេទ មានសក្តានុពលខ្លាំង ដែលកសិករនិយមដាំដុះ និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន មានដូចជា៖ ដំណាំស្រូវ ដំឡូងមី ស្វាយចន្ទី ស្វាយកែវរមៀត ដំណាំកៅស៊ូ ត្រសក់ផ្អែមនិងឪឡឹកលឿងជាដើម។

សំឡេង១«ដំណាំក្នុងខេត្តទី១. ដំណាំស្រូវៗវស្សាក្នុងកម្រិតប្រហែល១០ម៉ឺនហិកតា ។ទី២.ដំឡូងមី យើងមានផ្ទៃដីដាំដុះប្រមាណ៧ម៉ឺនហិកតាជាង។ ទី៣.យើងមានស្វាយចន្ទី ដំណាំសម្រាប់លក់ចេញតែម្តង អត់ត្រូវការទុកពូជហូបចុកអីទេ គឺលក់គ្រាប់ចេញតែម្តងយើងមានប្រមាណ២ម៉ឺនហិកតា ។ទី៤.ស្វាយកែវរមៀតទិន្នន័យប្រហាក់ប្រហែលគ្នានេះដែរ យើងលក់ចេញទៅថៃ និងវៀតណាម ។ទី៥.គឺកៅស៊ូ យើងមានប្រមាណ១៨.០០០ហិកតា ក្នុងនោះយើងមានកៅស៊ូដីសម្បទានសេដ្ឋកិច្ច ប្រមាណ១៥.០០០ហិកតា និងកៅស៊ូគ្រួសារប្រមាណ៣ពាន់ហិកតា។ នេះ៥ធំៗក្នុងខេត្តយើង ហើយដំណាំឪឡឹកលឿង និងត្រសក់ផ្អែម ជាការកត់សម្គាល់ឪឡឹកលឿង និងត្រសក់ផ្អែម ជាដំណាំលេចធ្លោខ្លាំងមែនទែន គឺឪឡឹកលឿង និងត្រសក់ផ្អែម»។

លោកបន្តថា៖ កសិករបានបែងចែកការងារដាំដុះទៅតាមទីតាំងភូមិសាស្ត្ររៀងៗខ្លួន ដោយតំបន់ដីទំនាប កសិករអាចផលិតដំណាំស្រូវ  តំបន់ដីទួលកសិករអាចដាំដំឡូងមី ស្វាយចន្ទី និងស្វាយកែវរមៀតជាដើម។ ដោយឡែកចំពោះបច្ចេកទេសដាំដុះវិញមន្ទីរតែងបានខិតខំរិះរកមធ្យោបាយថ្មីៗដើម្បីបញ្ជូនឬផ្សព្វផ្សាយទៅកសិករក្នុងទូទាំងខេត្ត។ ជាទូទៅមន្ទីរតែង ចងក្រងកសិករជាក្រុមឱ្យពួកគាត់ផលិតរួមគ្នា ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឬបណ្តុះបណ្តាលបច្ចេកទេសជាដើម។

សំឡេង២« បន្តបន្ទាប់គឺការខិតខំផលិតពូជ យើងចង់ឱ្យកសិករយើងនេះដាំទៅ ធានាថាពូជដែលយើងទៅដាំក្នុងសហគមន៍គឺពូជល្អស្រូវក៏អ៊ីចឹងដែរ យើងខិតខំផលិតពូជ ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋយើង ជៀសវាងកសិករយើងប្រើប្រាស់ពូជប៉ុន្មានឆ្នាំហើយ ប៉ុន្មានជំនាន់ហើយ ធ្វើឱ្យទិន្នផលវាធ្លាក់ចុះ ។ដំឡូងមីក៏អ៊ីចឹងដែរ យើងគិតទៅលើការខិតខំផលិតពូជដូចគ្នា រៀបចំក្រុមឱ្យកសិករយើងស្តារពូជ គាត់លក់ពូជធ្វើបានចែកចាយដល់សហគមន៍គាត់ ដល់ប្រជាពលរដ្ឋផ្សេងៗដែលត្រូវការ ។អ៊ីចឹងគោលដៅយើងៗខិតខំផលិតពូជ ហើយរឿងបច្ចេកទេសខ្ញុំគិតថាជារឿងងាយស្រួលទេ ឥឡូវនេះយើងបានផ្សព្វផ្សាយ យើងផលិតជាឯកសារបច្ចេកទេស យើងចែកតាមរយៈបណ្តាញសង្គមក្តី តាមការបណ្តុះបណ្តាលក្តី អ៊ីចឹងកសិករយើងឥឡូវទំនើប មិនដូចមុនដែលទាមទារឱ្យមន្ត្រីយើងចុះតាមខ្នងផ្ទះដូចមុនទេ »។

 

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានបន្តទៀតថា៖ ដំណាំសក្តានុពលនីមួយៗ ការដាំដុះឱ្យទទួលបានជោគជ័យ ត្រូវទាមទារឱ្យកសិករមានបច្ចេកទេសឬជំនាញខុសៗគ្នា ដូច្នេះមន្ទីរត្រូវបែងចែកការងារបណ្តុះបណ្តាលបច្ចេកទេសនីមួយៗ ឬការជ្រើសរើសពូជតាមតំបន់ឬទីតាំងភូមិសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាដើម្បីកសិករអនុវត្តឱ្យបាននូវកសិកម្មល្អស្របតាមស្តង់ដា ទើបដំណាំទាំងនោះអាចនាំចេញទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ។ លោកបានលើកជាឧទាហរណ៍អំពីស្វាយកែវរមៀតយ៉ាងដូច្នេះថា៖

សំឡេង៣« ស្វាយកែវរមៀតក៏ប្រហាក់ប្រហែលគ្នាដែរ យើងមានការគិតគូរដែរព្រោះពូជតែមួយទេ មានសាច់ស និងសាច់លឿងលក្ខណៈពិសេសរបស់ស្វាយកែវរមៀតមានពីរ បានន័យថាយើងធ្វើយកផលបានពីរដង ទីមួយស្វាយខុសរដូវ យើងប្រើប្រាស់ទុនច្រើន ទាក់ទងរឿងចាក់អ័រម៉ូន ដើម្បីជ្រុះស្លឹក ហើយដាក់បាញ់ថ្នាំជីបំប៉ន ដើម្បីឱ្យវាចេញផ្កា និងចេញក្តឹប បើកសិករយើងមានលទ្ធភាពគាត់ខ្ចប់លក់បានមួយគីឡូជាង១ពាន់រៀល។ យើងខ្ចប់បានន័យថាអត់អាចធ្វើឱ្យសត្វល្អិតទិចទៅលើផ្លែស្វាយ ធ្វើឱ្យស្វាយវាខូចទេ វាអត់មានអុច។ ស្វាយកាលណានាំចេញទៅអន្តរជាតិ ទៅប្រទេសចិនក្តីកាលណាមានអុចគេមិនយកទេ បានន័យថាវាមានសត្វល្អិតចម្លង ។អ៊ីចឹងទាមទារឱ្យកសិករត្រូវយល់ដឹងពីបច្ចេកទេសហ្នឹង ការខ្ចប់បានតម្លៃ បើអត់ខ្ចប់ទេមួយគីឡូបានត្រឹមតែ៥០០រៀលទេ »។7BFFA243-06B3-4552-8BE9-7BF6301189E5

រីឯដំណាំត្រសក់ផ្អែម និងឪឡឹកលឿងវិញ លោក សូត្រ ស៊ីសុខឃាង បញ្ជាក់ថា៖ ដោយសារស្ថានភាពដីមានអំណោយផលល្អពីធម្មជាតិ រួមផ្សំនឹងពូជដំណំា ការដាំដុះស្របតាមបច្ចេកទេសដែលជំនាញបានផ្តល់ជូនធ្វើឱ្យត្រសក់ផ្អែម និងឪឡឹកលឿងរបស់កសិករនៅក្នុងតំបន់នេះ មានរសជាតិផ្អែមឆ្ងាញ់ មានកេរ្តិ៍ឈ្មោះល្បីល្បាញទទួលស្គាល់ពីមជ្ឈដ្ឋានទូទាំងប្រទេស និងមានការបញ្ជាទិញយកទៅលក់នៅតាមផ្សារទំនើបគ្រប់ទិសទី។ លោកថា ៖បច្ចុប្បន្នកសិករចំនួនជាង១០០គ្រួសារនៅតាមសហគមន៍ បានរៀបចំផែនការដាំដុះដំណាំទាំងពីរប្រភេទ ដើម្បីផ្គត់ផ្គង់យ៉ាងទៀងទាត់ទៅឱ្យក្រុមជាដៃគូ ក្នុងមួយសប្តាហ៍អាចនាំទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញបានចំនួន៧តោន។

សំឡេង៣« អ៊ីចឹង៧តោនគឺកសិករយើងរៀបចំវេនដាំ ប៉ុន្មាននាក់ដែលអាចធានាការផ្គត់ផ្គង់បាន គឺយើងរៀបចំក្រុមហើយយើងធ្វើកិច្ចសន្យារវាងក្រុមហ៊ុន និងសហគមន៍កសិកម្មដែលមានតំណាងកសិករអ្នកដាំឪឡឹក។ ហើយមន្ទីរជាអ្នកសម្របសម្រួលធ្វើកិច្ចសន្យាជាអាជ្ញាកណ្តាល មានន័យថា              ភាគីទាំងពីរ ធ្វើការដោយការទទួលខុសត្រូវដូចគ្នា អ្នកដាំធានាថាមានឪឡឹកលឿង ឱ្យអ្នកទិញរៀងរាល់តាមកិច្ចសន្យា។ រឿងនេះយើងធ្វើបានជោគជ័យរយៈពេលប៉ុន្មានឆ្នាំហើយ កសិករក៏សប្បាយចិត្តឈ្មួញឬក្រុមហ៊ុនក៏គាត់សប្បាយចិត្ត គាត់មិនបារម្ភថាដាំឬកំពុងលក់ដាច់លើទីផ្សារ ស្រាប់តែដាច់អត់មានឪឡឹកលក់ អត់មានត្រសក់ផ្អែមលក់គឺអត់ទេគឺមានទៀងទាត់នៅពេលគាត់ធ្វើកុងត្រាជាមួយយើងនៅក្នុងសហគមន៍យើងជួយសម្របសម្រួលឱ្យទាំងអស់ ។ បន្តបន្ទាប់ទៀតយើងកំពុងពង្រីកទៅកន្លែងផ្សេងៗទៀត ពង្រីកកសិករយើងឱ្យខិតខំដាំទៀត យើងពង្រីកបច្ចេកទេស ពង្រីកវិសាលភាព ដើម្បីឱ្យយើងមានទីផ្សារច្រើនជាងហ្នឹង ផែនការខ្ញុំបើសិនអាចទៅរួចយើងចង់បានមួយថ្ងៃ១០០តោនយ៉ាងតិច សម្រាប់ឱ្យកសិករយើងមានការងារធ្វើនេះជាគោលដៅរបស់ខ្ញុំ»។

លោកបានបន្តថា៖ ក្នុងនាមមន្ទីរកសិកម្មខេត្ត ដើម្បីឱ្យវិស័យកសិកម្ម កាន់តែមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ មន្ទីរកសិកម្មបានខិតខំ ធ្វើយ៉ាងណាបង្កើនទិន្នផលដំណាំគ្រប់ប្រភេទ ពង្រឹងក្រុមផលិតពូជស្រូវ ពូជដំណាំ និងពូជសត្វ ដោយជំរុញឱ្យកសិករឧស្សាហ៍ផ្លាស់ប្តូរពូជជាប្រចាំដើម្បីជំរុញការនាំចេញ ។

សំឡេង៥« ពិតជាសប្បាយចិត្តដោយសារក្នុងខេត្តយើងនេះ កសិករមានផ្ទៃដីដាំដំណាំធំៗ ខ្ញុំគិតថាម្នាក់មិនក្រោម៥ហិកតាទេ អ្វីជាការគិតគូរមកដល់ពេលនេះអាកាសធាតុមានការប្រែប្រួលច្រើន អ៊ីចឹងការគិតគូរលើពូជក្តី លើការដាំដុះក្តី ទាមទារឱ្យមានការទទួលយកនូវព័ត៌មានថ្មីៗដែលមន្ត្រីផ្តល់ជូន កាលណាអាកាសធាតុក្តៅ ពូជខ្លះវាអត់បន្សុំា ធ្វើឱ្យប៉ះពាល់សុខភាពខ្លួនឯងផង ហើយយើងគិតគូរទៅលើការប្រើប្រាស់ប្រព័ន្ធសូឡាឆក់សត្វល្អិត កសិករគាត់សប្បាយចិត្ត មួយរយៈនេះយើងធ្វើទូទាំងខេត្តតែម្តង យើងសាកល្បងប៉ុន្មានកន្លែងកសិករជោគជ័យ អ៊ីចឹងគាត់កាត់បន្ថយការប្រើប្រាស់ថ្នាំពុលច្រើន លើដំណាំបន្លែក្តី ឪឡឹកក្តី ចន្ទីក្តី ឆក់អាសត្វល្អិតហ្នឹងព្រោះសត្វវាមករកស៊ីនៅពេលយប់ យើងចាប់ផ្តើមពង្រីកព័ត៌មានហ្នឹងឱ្យកសិករយើងបានយល់ ហើយព្យាយាមឱ្យកសិករយើងឈ្វេងយល់នូវអ្វីជាគំនិតថ្មីៗ ដែលមន្ត្រីយើងខិតខំស្រាវជ្រាវ ខំប្រឹងរុករក»។

 

ជួបជាមួយលោក ពេជ្រ សំអេ កសិកររស់នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ លោកបានចាប់យកមុខរបរដាំដុះដំណាំបន្លែរយៈពេលជិត១០ឆ្នាំមកហើយ ទើបតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះទេដែលលោកបានចូលជាសមាជិកសហគមន៍បន្លែបៃតងភ្នំដងរែក។ បច្ចុប្បន្នលោកកំពុងដាំ និងប្រមូលផលឪឡឹកលឿង និងបន្លែចម្រុះផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ទៅសហគមន៍ ដោយបានបែងចែកជាក្រុម និងតាមវេននីមួយៗ។លោកបានរៀបរាប់អំពីមូលហេតុជាច្រើន ដែលលោកជ្រើសរើសយកការដាំដុះដំណំាឪឡឹកលឿង តាមបច្ចេកទេសបែបទំនើប ដោយប្រើប្រព័ន្ធដំណក់ទឹក ព្រោះងាយស្រួលថែទាំ ជាជាងដំណាំផ្សេងៗទៀត និងអាចមានទីផ្សារគ្រប់រដូវកាល។សំឡេង៦«បើយើងគណនាទៅលើដំណាំអ្វីផ្សេងៗឪឡឹកល្អខ្លាំងមែនទែន ដោយសាររយៈពេលខ្លី ទីពីរការដាំដុះរបស់យើង មិនសូវប៉ះពាល់ទៅលើការធ្វើពលកម្មច្រើន ឧទាហរណ៍៖បើយើងដាំបន្លែអីផ្សេងៗ យើងត្រូវធ្វើទ្រើង ដូចននោង ត្រឡាចអ៊ីចឹង ហើយឪឡឹកនេះរយៈពេលខ្លីដែរ យើងដាំតែម្តង មានន័យថាយើងគ្រាន់តែថែទាំទៅលើសត្វល្អិត ឬជំងឺទេ ដល់អ៊ីចឹងទៅវាខុសគ្នាពីការដាំបន្លែ ហើយតម្រូវការក៏ច្រើនដែរ ហើយបាននាំចេញក្រៅពីខេត្តឧត្តរមានជ័យ ទៅខេត្តផ្សេងៗទៀត ដូចមានកុងត្រានៅខាងភ្នំពេញដែរ »។

លោកអ្នកនាងស្តាប់ជាទីមេត្រី !

តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក្នុងឆ្នាំកន្លងទៅថ្មីៗនេះបញ្ជាក់ថា៖  វិស័យកសិកម្មកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួនដូចជា៖ ភាពមានកម្រិតនៃផលិតភាព ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេសក្នុងការផលិត កែច្នៃ ការដឹកជញ្ជូនអគ្គិសនី ទុនបង្វិល ឥណទាន ឃ្លាំងស្តុក ឡសម្ងួត និងកត្តានាំចេញ ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់មិនទាន់មានភាពប្រទាក់ក្រឡាគ្នា។កត្តាទាំងនេះ បានធ្វើឱ្យផលិតផលកសិកម្ម ក៏ដូចជា ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្មរបស់កម្ពុជាទទួលបានតម្លៃបន្ថែមទាប និងមានការពិបាកប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនាំចេញដទៃ              ទៀត។ ជាមួយនឹងការដោះស្រាយបញ្ហាខាងលើនេះរាជរដ្ឋាភិបាលបានតម្រង់ទិសនៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មទំនើប ផលិតផលមានគុណភាពខ្ពស់ មានភាពធន់នឹងបម្រែ  បម្រួលអាកាសធាតុ។មិនតែប៉ុណ្ណោះ មានការបង្កើនតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែង ដើម្បីបានចំណេញ និងក៏ជាឃ្លាំងសន្តិសុខស្បៀងជាតិប្រកបដោយសុវត្ថិភាព ជាមួយនឹងការអភិវឌ្ឍជនបទគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនចំណូលដល់កសិករនិងជាមូលដ្ឋានក្នុងការជំរុញពិពិធភាវូបនីយកម្ម ដើម្បីឈានទៅចូលរួមទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ៕427AFBBC-50C9-4A1C-BD40-7E17DEBD8E2F2CB3DE67-17C1-4785-AFE1-DB0E7A9D228C9568832D-CF2A-48BC-A1EB-0BD43B8560E7349C2170-70B7-4752-B2B2-FDFBC2C2842D03DF7E94-90CB-4C4C-A0BA-326368B885A7C0E4A501-0498-410D-AB19-D962C1B75724178FE45B-3727-4467-AE6E-23905EE752B2DE0F4AFF-79C5-4DB8-80E0-6DF0E978BCB1591F311D-572A-4F9F-AD46-7EA9043EAB386A83FC4D-07A7-4AFF-9419-6BD5D281A583D81300FE-B48A-4E24-8544-A3EC036F0B710520F228-665D-44A6-B12E-BAF0ABDCED63305ED00E-E2BC-45CE-B5BE-20CF2B01F3BDA6B04D8D-5826-4DD0-B88C-E90D8BA7A0A7

Comments

Related posts