អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្ទេរចំណេះដឹងនិងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្សនិងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្ទេរចំណេះដឹងនិងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្សនិងជួសជុ ប្រាសាទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូប ជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា វគ្គបណ្តុះបណ្តាលនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាព ការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារនិងអ្នកគ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា។ ធ្វើយ៉ាងណាធានាបាននូវកិច្ចការពារ ការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

ឯកឧត្តម អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានជំរុញណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែមនូវចំណេះដឹង ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារថែរក្សានិងគ្រប់គ្រងរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានប្រសិទ្ធភាពល្អថែមទៀត។

សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាល ស្តីពីការផ្ទេរចំណេះដឹងនិងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្សនិងជួសជុលប្រាសាទ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖ លោក ភោគ ជា

photo_2024-05-07_16-14-39

photo_2024-05-07_16-14-45

photo_2024-05-07_16-14-47

 

Comments

Related posts