រដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំដល់មន្ត្រីសុខាភិបាលនិងនិស្សិតកម្មសិក្សាទំាងអស់ត្រូវអនុវត្តន៍ការលាងដៃឱ្យបានត្រឹមត្រូវ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៧.០៥.២០២៤

IMG_1005

IMG_1009

IMG_1010

IMG_1008-1

IMG_1006

IMG_1007

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីសុខាភិបាលនិងនិស្សិតកម្មសិក្សាទំាងអស់ត្រូវអនុវត្តន៍ការលាងដៃឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមរក្សាសុខភាពសាធារណៈ និងជួយទប់ស្កាត់ជំងឺឆ្លងដែលកើតមានថ្មីៗ ដោយត្រូវអនុវត្តន៍ការអនាម័យដៃ ជាមួយទឹកនឹងសាប៊ូ ជែល ឬអាល់កុល ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងពិធីអបអរសាទរ ទិវាអនាម័យដៃពិភពលោក ក្រោមប្រធានបទ «អនាម័យដៃ សង្គ្រោះជីវិត» កាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្នមានជំងឺឆ្លងថ្មីៗជាច្រើន ដែលកំពុងកើតមានឡើង ដែលបាននិងកំពុងគំរាមកំហែងដល់អាយុជីវិតប្រជាជនទូទៅ ហើយអាចធ្វើឱ្យមានបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរ បើមិនបានទប់ស្កាត់ទាន់ពេលវេលា ។ រាល់ការចម្លងរោគទាំងនេះ គឺភាគច្រើនបណ្ដាលមកពីការមិនបានលាងដៃ ការមិនបានរក្សានូវគម្លាតនៃការកាត់បន្ថយកុំឱ្យមានការឆ្លង ការអនុវត្តការលាងដៃមិនបានត្រឹមត្រូវ ជាដើម ។ 
ក្នុងនោះ បើយោងតាមអង្គការសុខភាពពិភពលោក បានរកឃើញថា មានអ្នកជំងឺរាប់រយលាននាក់ទូទាំងពិភពលោក រងគ្រោះដោយសារការឆ្លងរោគតាមរយៈដៃ ក្នុងការថែទាំសុខភាព និងក្នុងដំណើរការព្យាបាល ដូច្នេះការសម្អាតដៃឱ្យបានត្រឹមត្រូវ គឺអាចបង្ការការចម្លងរោគដែលកើតឡើង តាមរយៈការផ្ដល់សេវាព្យាបាលនេះបានជាង៥០ភាគរយ ។
ឯកឧត្តមសាស្ត្រាចារ្យ បានបន្តថា គោលបំណងវេជ្ជសាស្ដ្រនៃការលាងដៃត្រឹមត្រូវតាមបច្ចេកទេស គឺប្រើរយៈពេលលាងដៃពី៤០ទៅ៦០វិនាទី ដោយមានរបៀបលាងដៃច្រើនប្រភេទ និងត្រឹមត្រូវ ដែលទាមទារឱ្យមន្ត្រីសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវនិងអនុវត្តន៍ជាប់ជាប្រចាំ ។
 « ខ្ញុំសូមរំឭកកន្លែងនេះដល់បុគ្គលិកមន្ត្រីសុខាភិបាល ជាពិសេស មានក្មួយៗនិស្សិតដែលកំពុងធ្វើកម្មសិក្សា ដូច្នេះការលាងដៃគឺឋិតនៅក្នុងផ្នែកមួយនៃការព្យាបាល វាមិនត្រឹមតែក្រុមគ្រួសារអ្នកជំងឺនោះទេ គឺក្រុមអ្នកផ្តល់សេវាទាំងអស់ ដូច្នេះខ្ញុំសង្ឃឹមថាសារនេះបងប្អូនទាំងអស់ចូលរួម ទាំងបុគ្គលិកសុខាភិបាល ទាំងប្រជាពលរដ្ឋទូទៅទាំងអស់ សូមចូលរួមនៅក្នុងការអនុវត្តការសង្គ្រោះជីវិតតាមរយៈការលាងដៃ លាងដៃជាមួយសាប៊ូ និងជែល ហើយឱ្យគ្រប់នាទីកុំថាមិនមានកូវីដយើងឈប់យកចិត្តទុកដាក់នោះ ត្រូវចូលរួមបន្ត » ។ 
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានការដាក់ចេញនូវពេលវេលា៥យ៉ាងសម្រាប់ការធ្វើអនាម័យដៃ ដោយទី១ មុនពេលប៉ះអ្នកជំងឺ ទី២ មុនពេលធ្វើទម្រង់ការអាសិបតិក ទី៣ ក្រោយពេលប្រឈមនឹងការប៉ះវត្ថុរាវចេញពីអ្នកជំងឺ ទី៤ ក្រោយពេលប៉ះអ្នកជំងឺ ទី៥ ក្រោយពេលប៉ះវត្ថុជុំវិញអ្នកជំងឺ ជាដើម ៕

Comments

Related posts