ភាពស្អាតបានជំរុញឱ្យរោងចក្រសហគ្រាស ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ

វិទ្យុជាតិកម្ពុជា៖

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការការពារជីវៈចម្រុះ ជាមួយក្រសួងបរិស្ថានប្រកបដោយទំនួលខុសត្រូវក្នុងសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ការសាទររបស់ឯកឧត្តមរដ្ឋមន្រ្តី  បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ការបំពាក់ឧបករណ៍ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤  រាជធានីភ្នំពេញ។

 

ជាមួយគ្នានេះ តាមយន្តការបច្ចុប្បន្ន ការវាយតម្លៃទីតាំង ការអង្កេតតាមដាន និងការធ្វើអធិការកិច្ចប្រភពបំពុល អគ្គនាយកដ្ឋានគាំពារបរិស្ថាន ត្រូវបញ្ជូនមន្ត្រីចុះពិនិត្យនៅតាមទីតាំងដោយផ្ទាល់ ដែលការងារនេះត្រូវចំណាយធនធានច្រើន ទាំងធនធានមនុស្ស ពេលវេលា ថវិកា និងមានការរំខាតដល់រោងចក្រសហគ្រាសទៀតផង ជាក់ស្តែងក្រោយការវាយតម្លៃ និងយោងតាមបទពិសោធ៍ពីបណ្តាប្រទេសជាច្រើន ក្រសួងបរិស្ថានបានរៀបចំ និងដាក់ឱ្យប្រើ ប្រកាសលេខ៣០២ចុះថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១  ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលមានវិសាលភាពអនុវត្តចំពោះរាល់ប្រភពបំពុល អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈ តាមរយៈការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Online ដែលអនុញ្ញាតឱ្យក្រសួងធ្វើការតាមដានត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ទាន់ពេលវេលាជាក់លាក់ (Real Time) និងមានចំណាត់ការភ្លាមៗចំពោះប្រភពបំពុលបរិស្ថាន។ 

 

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រ សហគ្រាស គឺជាយន្តការប្រកបដោយតម្លាភាពរវាងក្រុមហ៊ុនដែលជាម្ចាស់ប្រភពបំពុល និងក្រសួងបរិស្ថាន ព្រមទាំងជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រាវជារួម ដើម្បីទទួលបានភាពស្អាត សុវត្ថិភាពបរិស្ថាន កាត់បន្ថយបានពីការបំពុលដោយការបញ្ចេញសំណល់រាវខុសពីស្តង់ដារអនុញ្ញាត និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕C8734F9A-BC9D-4F7B-9A9F-143E41FF7BC69C557AEE-209F-4750-9832-25899DF4CBDB1B0B07C9-C82F-475C-81CF-547973CE4C44D63639C2-0A6E-41CD-80EC-489AEFF081567D2EA3C6-86E5-4A38-8B36-2D576DBF76A0629985FB-6D55-42DA-B7D7-E2A1E7005D4A

Comments

Related posts