ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅខេត្តស្ទឹងត្រែងទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

 ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋជាង៦០០គ្រួសារក្នុងរយៈពេលជាង២ឆ្នាំបានក្លាយជាការពិតហើយ នេះជាការជួយប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលខ្ចះខាតដីធ្លីក្នុងការសាងសង់លំនៅដ្ឋាននិងដីកសិកម្ម ដែលបានដាក់ពាក្យស្នើសុំនិងបានមកចាប់ឆ្នោតលេខសម្គាល់ទីតាំងដី ទៅតាមគ្រួសារ

 

និមួយៗ

ក្នុងពិធីចាប់ឆ្នោតយកដីឡូត៍លំនៅដ្ឋាន និងដីកសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣នៅឃុំស្រែគរ ស្រុកសេសានខេត្តស្ទឹងត្រែង ថ្ងៃទី០៧ ឧសភាឆ្នាំ២០២៤ ឯកឧត្តមស្វាយសំអ៊ាង អភិបាលខេត្តមានប្រសាសន៍ថា៖ នេះជាការយកចិតត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលមកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភាពស្មោះត្រង់គោរពតាមការណែនាំពីអាជ្ញាធរមូលដ្ឋាន និងបានមកចាប់ឆ្នោតយកលេខរៀងទីតាំងដីពិតប្រាកដដែលអាជ្ញាធរពាក់ព័ន្ធបានរៀបចំជូន ។

ឯកឧត្តមមានប្រសាសន៍បន្តថា៖តាមរយៈក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ព្រមទាំងម្ចាស់ជំនួយពីធនាគារពិភពលោកបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលខ្វះខាតដីពិតប្រាកដសម្រាប់ធ្វើលំនៅដ្ឋាន និងប្រកបរបរកសិកម្ម ចិញ្ចឹមជីវិត។(សំឡេង)ដែលនេះជាការយកចិត្តទុកដាក់យ៉ាងខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ ក្នុងការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ របស់ សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានជំរុញ ការអនុវត្ត ការបែងចែកការផ្តល់ដីសម្បទានសង្គមកិច្ច ជូនគ្រួសារក្រីក្រ ជាពិសេសនៅក្នុងខេត្តស្ទឹងត្រែងនាថ្ងៃនេះ ។

ឯកឧត្តមសូខនឫទ្ធីគុណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានប្រសាសន៍ថា៖បងប្អូនដែលបានទទួលដីសម្បទានហើយនេះ អាជ្ញាធរគ្រប់លំដាក់ថ្នាក់នៅបន្តជួយបន្ថែមទៅលើការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្មដើម្បីពង្រឹងនិងពង្រីកសមត្ថភាព និងមានលទ្ធភាពក្នុងការរស់នៅ។

សំឡេង៖ « អ៊ីចឹងការងារត្រូវធ្វើតនៅមានច្រើនតទៅទៀត រហូតដល់ពុកម៉ែបងប្អូន ទទួលបានបណ្ណកម្មសិទ្ធិ រយៈពេល ប្រាំមួយឆ្នាំត្រូវនៅឱ្យជាប់ ដាំដុះបន្ត រកស៊ីបន្ត បានយើងខ្ញុំនេះពិនិត្យលទ្ធភាព សមស្របតាមលក្ខខ័ណ្ឌដែល បានកំណត់ហើយនិងប្រគល់បណ្ណកម្មសិទ្ធិជូន ។»

លោកជានសាមានរស់នៅភូមិឃុំសាមឃួយតំណាងប្រជាពលរដ្ឋជាង៦០០គ្រួសារបានសម្តែងការសាទរចំពោះថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលដែលបានជួយប្រជាពលរដ្ឋក្រីក្រទទួលបានដីធ្លីសម្រាប់សាងសង់ផ្ទះ ធ្វើកសិកម្មប្រចាំគ្រួសារ ដោយមិនបានចំណាយថវិកាទិញដូរ អស់មួយកាក់មួយសេនណាឡើយ ។

លោកបន្តថា៖បងប្អូនទាំងអស់គ្នានិងខិតខំប្រឹងប្រែងធ្វើការងារបង្កបង្កើនផលឱ្យអស់លទ្ធភាពដើម្បីកែប្រែជីវភាពរស់នៅឱ្យមានភាពរីកចម្រើនធូរធាដូចប្រជាពលរដ្ឋយើងដែលកំពុងរស់នៅក្នុងតំបន់នេះដែរ។

លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានគាំទ្រដល់ការយល់ដឹងប្រកបដោយភាពត្រឹមត្រូវនេះ ព្រោះបានបង្ហាញនូវភាពស្មោះត្រង់ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន មិនទៅបង្កបទល្មើសកាប់ទន្ទ្រានព្រៃរានយកដីរបស់រដ្ឋ ហើយទទួលបានភាពទុកចិត្ត អាជ្ញាធរផ្តល់ដីជូនតាមគោលនយោបាយបែបនេះ។

 

សូមបញ្ជាក់ថា៖ការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ចនេះមានប្រជាពលរដ្ខចំនួន៦៣៤គ្រួសារក្នុងនោះមកពីឃុំសាមឃួយ២២៦ គ្រួសារ ឃុំភ្លុក២២៧គ្រួសារ និងឃុំស្រែគរ ១៨១គ្រួសារ ក្នុងមួយគ្រួសារទួលបានដីលំនៅដ្ឋានទំហំ៤០គុណនិង៦០ ម៉ែត្រ និងដីសម្រាប់ធ្វើកសិកម្មទំហំ៣ហិកតាក្នុងមួយគ្រួសារ៕ 

photo_2024-05-08_12-13-52

photo_2024-05-08_12-13-56

photo_2024-05-08_12-13-59

photo_2024-05-08_12-14-04

photo_2024-05-08_12-14-08

photo_2024-05-08_12-14-15

 

Comments

Related posts