សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ផ្តោតសំខាន់លើការដំាដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីសុខភាពអតិថិជន

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៩.០៥.២០២៤

IMG_1302-1

IMG_1297-1

IMG_1300-1

IMG_1301-1

IMG_1303-1

IMG_1304-1

IMG_1305-1

IMG_1299

IMG_1298-2

សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាក្នុងខេត្តបាត់ដំបង ផ្តោតសំខាន់លើការដំាដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដើម្បីសុខភាពអតិថិជន ដោយមានរៀបចំផែនការច្បាស់លាស់ គឺផលិតរួម ប្រើប្រាស់បច្ចេកទេសតាមស្តង់ដារGAP លក់រួមដោយមានទីផ្សារច្បាស់លាស់ និងផលប្រយោជន៍រួមដោយបែងចែកភាគលាភត្រឹមត្រូវ ដែលផ្តល់ទំនុកចិត្តទាំងសមាជិកក្នុងសហគមន៍និងអតិថិជន ។

លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឱ្យដឹងថា សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានសមត្ថភាពផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន៣៣៥ខ្នង ដោយផលិតបន្លែសុវត្ថិភាពប្រមាណជាង១០ប្រភេទ ដូចជា ៖ ស្ពៃក្ដោប ខាត់ណាដើម ខាត់ណាផ្កាពណ៌ស ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ផ្កាខាត់ណាស្វាយ ផ្កាខាត់ណាទឹកក្រូច ស្ពៃក្រញាញ់ ប៉េងប៉ោះ ឆឺរី ម្ទេសហាវ៉ៃ ជាដើម អាចប្រមូលផលបានពី៨០០គីឡូក្រាម ទៅ១៥០០គីឡូក្រាមក្នុង១ថ្ងៃ បើគិតជាថវិកាអាចទទួលបានចន្លោះពី៨០០ដុល្លារ ទៅ ១,៥០០ដុល្លារសហរដ្ឋអាមេរិក ។ 
លោកបានបន្តថា សហគមន៍នេះបានដាក់ចេញនូវគោលការណ៍ ធ្វើយ៉ាងណាដាំដុះបន្លែដោយអនុវត្តតាមបច្ចេកទេសកសិកម្មល្អ មានមន្ត្រីជំនាញចុះត្រួតពិនិត្យនិងតាមដានជាប់ជាប្រចាំពីការដាំដុះដំណាំ ជ្រើសរើសដំណាំណាដែលមានតម្រូវការតាមទីផ្សារខ្ពស់ ជាពិសេសនោះតែងតែប្រជុំជាមួយសមាជិកសហគមន៍ ដើម្បីផ្លាស់ប្តូរយោបល់ និងកែលម្អបញ្ហាប្រឈមដែលកើតមាននៅក្នុងអំឡុងពេលដាំដុះបន្លែសុវត្ថិភាពទាំងអស់នោះ ។ 
« យើងផ្ដោតទៅលើស្តង់ដារកសិកម្មល្អ ដោយសារយើងធ្វើការនៅក្នុងផ្ទះសំណាញ់ កសិករត្រូវតែគោរពទៅតាមលក្ខខណ្ឌនៃការអនុវត្តកសិកម្មល្អ ដែលយើងមានអ្នកជំនាញសហគមន៍ដើម្បីចុះត្រួតពិនិត្យ តាមដាន និងដោះស្រាយបញ្ហាក្នុងសហគមន៍នៅពេលដែល មានបញ្ហាណាមួយ និងមានស្តង់ដារនៃការប្រើប្រាស់ធាតុចូលផងដែរ » ។ 
លោកបានបន្តទៀតថា ការដាំដុះបន្លែជាក្រុមច្បាស់លាស់បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ការគ្រប់គ្រងផែនការផលិតចំគោលដៅ និងមានទីផ្សារ តែប្រសិនបើមិនមានការចងក្រងជាក្រុមឬសហគមន៍ទេនោះ កសិករមិនអាចដឹងច្បាស់ពីតម្រូវការទីផ្សារ និងបច្ចេកទេសក្នុងការថែទាំបានត្រឹមត្រូវនិងទទួល បានទិន្នផលខ្ពស់នោះឡើយ ។ 
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានឱ្យដឹងថា សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយសមាជិកសហគមន៍និងថ្នាក់ដឹកនាំ បាននិងកំពុងអនុវត្តន៍របៀបគ្រប់គ្រងបែបសហគ្រាសផលិតកម្មកសិកម្មបន្លែសុវត្ថិភាព រោងផ្ទះសំណាញ់ អស់រយៈពេលជាង០២ឆ្នាំមកហើយ ។
 « ដោយសារតែសហគមន៍ កសិកម្មពន្លឺថ្មីពេជ្រចិន្ដា មានសក្ដានុពលនៅក្នុងការជួយជំរុញឱ្យប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយទី១ គឺគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត ទី២ គឺគាត់មានសមត្ថភាពក្នុងការគ្រប់គ្រងសហគមន៍ដោយគាត់ធ្វើបានល្អ ទី៣ គឺការចូលរួមបង្កើតសហគមន៍នេះដោយមានការរួមគ្នាគិត រួមគ្នាធ្វើក្នុងការផលិតដំណាំឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដូច្នេះក្បាលម៉ាស៊ីនដែលជាអ្នកដឹកនាំផលិតកម្ម គឺមានការរៀបចំផែនការផលិត និងរកទីផ្សារផ្គត់ផ្គង់ដោយខ្លួនឯង » ។ 
កាលពីពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន ជួបសំណេះសំណាលជាមួយប្រធាននិងសមាជិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅក្នុងខេត្តបាត់ដំបង ដោយឯកឧត្តម ក៏បានសាទរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំរៀបចំឱ្យមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ដែលផ្តល់ផលចំណេញដល់សមាជិកក្នុងសហគមន៍ ៕

Comments

Related posts