គណៈបញ្ជាការឯកភាពស្រុកសេសានបន្តចាត់វិធានការម៉ឺងម៉ាត់ការពារ   ដីដែលដកហូតបានពីក្រុមជនល្មើស

វិទ្យុជាតិកម្ពុជា  គឹមហឿន
        ស្ទឹងត្រែង ៖ គណៈបញ្ជាការឯកភាពស្រុកសេសានខេត្តស្ទឹងត្រែង ដាក់វិធានការម៉ឺងម៉ាត់ការពារដីជាងមួយម៉ឺនហិកតាដែលដកហូតពីជនល្មើស ចំនូន២កន្លែងផ្សេងគ្នា ដើម្បីកុំឱ្យមានជនសង្ស័យផ្សេងៗទៀតចូលទៅជាលើកទីពីរ។
        ក្នុងឱកាសនាំយកទឹកបរិសុទ្ធចំនួន២០០យួរជូនកងកម្លាំងប្រចាំការនៅតំបន់ភូមិសាស្ត្រភ្នំក្រឡាពស់ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៤ លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកបានបញ្ជាក់ថា៖ទីតាំងដីទាំង២នេះ កម្លាំងសមត្ថកិច្ច  ឈរជើងការពារទាំងយប់ទាំងថ្ងៃមិនឱ្យមានជនណាចូលទៅក្នុងតំបន់នោះបានទេ។ 
      លោកបន្តថា៖អាជ្ញាធរអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អភិបាលខេត្តមានកម្លាំងនៅប្រចាំការចាំឃ្លាំមើលក្រែងមានជនណាមួយចូលទៅតំបន់នេះត្រូវចាត់វិធានការបន្តតាមនិតិវិធី
ដើម្បីពង្រឹងការការពារដីព្រៃ  ដែលកម្លាំងចម្រុះដកហូតបាននោះ  កុំឱ្យមានបទល្មើសបង្កឡើងជាលើកទី២ទៀត     ។
   លោក វរសេនីយ៍ត្រីហួត ស៊ូ នាយប៉ុស្តិ៍រដ្ឋបាលឃុំតាឡាត បានបញ្ជាក់ថា៖ ចំណាត់ការនេះ កងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងនៅជួរមុខ    ហើយកម្លាំងប៉ុស្តិ៍ការពារនៅទីតាំងដើមទីមិនឱ្យបងប្អូនប្រជាពលរដ្ឋយើងចូលទៅបានទេ។
      លោកបន្តថា៖កម្លាំងប្រចាំការបានប្តេជ្ញាអនុវត្តន៍វិធានការ របស់រដ្ឋបាលខេត្ត  ស្រុក ទោះបីប្រជា ពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះ  ក៏មិនអនុញ្ញាតឱ្យចូលដែរ  ព្រោះជាតំបន់ហាមឃាត់ដែលកម្លាំងយើងកំពុងចាត់វិធានការតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញយ៉ាងម៉ឺងម៉ាត់  ឱ្យទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់ព្រៃរាន ដុតបំផ្លាញ ទន្ទ្រានយកដី ឱ្យមានប្រសិទ្ធភាពបំផុត ។
       លោកសាយ វី  អាយុ៤៨ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិតាឡាតបានគាំទ្រចំពោះចំណាត់ការទាំងអស់នោះ  ព្រោះថាកន្លងមកក៏ដូចជាបច្ចុប្បន្ន  ប្រជាពលរដ្ឋនៅក្នុងភូមិយើងនេះមិនដែលហ៊ានចូលទៅកាប់ទន្ទ្រានបែបនេះទេ   ភាគច្រើនអ្នកចំណាកស្រុកតែប៉ុណ្ណោះ  មកបង្កភាពស្មុគ្រស្មាញធ្វើព្យុះធ្វើភ្លៀងនាំឱ្យអាជ្ញាធរឈឺក្បាល  ។
       សូមបញ្ជាក់ថា៖  ចំណុចទីតាំងទាំងពីរកន្លែង កម្លាំងកំពុងការពារយ៉ាងម៉ឺងម៉ាត់នេះទីមួយនៅតំបន់ភ្នំក្រឡាពស់ក្នុងទឹកដីឃុំតាឡាត និងទីពីរនៅក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ខេត្តស្ទឹងត្រែងដែលមានផ្ទៃដីទំហំប្រមាណ១២.០០០ ហិកតា៕photo_2024-05-09_19-04-52photo_2024-05-09_19-04-55photo_2024-05-09_19-04-57photo_2024-05-09_19-05-01

photo_2024-05-09_19-05-17

Comments

Related posts