ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នាំយកថវិកានិងអង្ករប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤


ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បាននាំយកអំណោយជាថវិកានិងអង្ករ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ " ។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ចាយ បូរិន បានប្រសាសន៍ថា តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងធម្មការនិងសាសនា សូមចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលជានិច្ច ជាកាល តែងតែគិតគូរពីទុក្ខលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ស្រ្តី កុមារនិងជនចាស់ជរាគ្មានទីពឹងប្រជាជនដែលជួបប្រទះគ្រោះមហន្តរាយដោយធម្មជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល ឬ និន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា ។
នាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ដែលមានសទ្ធាជ្រះថ្លាប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជានាពេលនេះ ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។
ហើយកាកបាទក្រហមកម្ពុជា នៅតែបន្ដទទួលស្វាគមន៍ និងរង់ចាំជានិច្ច ចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលមានទឹកចិត្តសប្បុរសធម៌ នាំយកអំណោយ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា  ដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែកធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា៕

photo_2024-05-10_11-39-10

photo_2024-05-10_11-39-04

photo_2024-05-10_11-39-07

 

photo_2024-05-10_11-39-14

Comments

Related posts