មន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាតជិត ៣០០នាក់ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ កំប៉ុង ១យួរ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី  ១០  ឧសភា ២០២៤

a7-251

a6-250

a5-262

a10-192

a9-225

a8-237

a4-268

MC៖ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាតជិត ៣០០នាក់ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ កំប៉ុង ១យួរ សម្រាប់ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង។
  
  ក្នុងឱកាសអញ្ជើញចែកអំណោយជាអង្ករ និងត្រី ខ កំប៉ុង ដល់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាតជិត ៣០០ នាក់ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រៅពីការផ្តល់ជាស្បៀងអាហារប្រចាំខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត ក្រសួងព័ត៌មាន ក៏បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្រ្តីរាជការ ទាំងអស់រួមទាំងអ្នកសារព័ត៌មានផងដែរ។ ជាជំហានបន្តទៅមុខទៀត ក្រសួងព័ត៌មាន ក៏កំពុងត្រៀមរៀបចំបង្កើតជាទារកដ្ឋាន សម្រាប់ឱ្យមន្រ្តីជាស្រ្តី មានទីកន្លែងបំបៅដោះកូន មានកន្លែងក្មេងលេង និងមានបណ្ណាល័យអានសៀវភៅថែមទៀតផង។
  ឯកឧត្តម នេត្រ ភក្ត្រា បានសំដែងនូវការអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួង ព័ត៌មាន ដែលកន្លងមកបានខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ និងមានវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើដល់វិស័យព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើន។ ដើម្បីជាការតបស្នងចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវិស័យព័ត៌មាន បន្ថែមលើគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានបញ្ជាក់ពីការគិតគូរពីសុខទុក្ខ និងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះ ស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជន និងសប្បុរសជននានា ដើម្បីទទួលបានជំនួយផ្សេងៗ យកមកជួយសម្រាលបន្ទុករបស់មន្ត្រីដែលមានជីវភាពខ្វះខាត។
   លោកស្រី កង មុន្នីរ៉ា ជាមន្ដ្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានថ្នាក់ដឹកនាំគិតគូរចំពោះមន្ដ្រីក្រោមឱវាទ ដែលជាចំណែកមួយអាចជួយសម្រាល ការចំណាយ។
 «នៅពេលដែលយើងបានទទួលអង្ករ និងត្រីខ សម្រាប់យើងដែលជាមន្ត្រីរាជការរាងខ្សត់ខ្សោយដែរវាជាចំណែកមួយដែលជួយសម្រាប់បន្ទុកយើងបានខ្លះដែរ។ ហើយយើងក៏អរគុណ ទៅដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់និងបានចែករំលែកដល់យើងដែលជាមន្ត្រីរាជការ។ ឧទាហរណ៍ថា រាល់ខែយើងត្រូវទិញតែដល់ យើងបានអង្ករ ត្រីខ ទោះបីត្រីខយើងមិនញ៉ាំរាល់ថ្ងៃ តែអង្ករយើងញ៉ាំរាល់ថ្ងៃ ដែលអាចជួយសម្រាលបន្ទុករបស់យើងក្នុងការចំណាយចាយវាយ។ ហើយសូមឱ្យមានការយកចិត្តទុកដាក់ជាបន្តទៀតសម្រាប់មន្ត្រីរាជការក្រោយៗទៀត»។
គួរជម្រាបថា រៀងរាល់ខែ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលមានជីវភាពខ្វះខាតប្រមាណជិត ៣០០នាក់ ទទួលបានអង្ករ ២០គីឡូក្រាម និងត្រី ខ កំប៉ុង ១យួរ ដែលបានបង្ហាញពីការគិតគូរខ្ពស់ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់មន្ដ្រីរាជការក្រសួងព័ត៌មាន៕

Comments

Related posts