សម្តេចធិបតីបានណែនាំដល់ក្រសួងសង្គមកិច្ច ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំនូវយន្តការនៃការកសាងកម្លាំងសេវាសង្គម

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១០.០៥.២០២៤

a12-188

សម្តេចធិបតីហ៊ុន ម៉ាណែតបាន បានណែនាំដល់ក្រសួងសង្គមកិច្ច ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនូវយន្តការនៃការកសាងកម្លាំងសេវាសង្គម គឺអ្នកសង្គមកិច្ចអាជីព អ្នកសង្គមកិច្ចអាជីពរងអ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករស្នូល ។
  
   តាមរយៈសារលិខិតអបអរសាទរខួបលើកទី៣០ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ «ការទទួលយកភាពចម្រុះ ការពង្រឹងក្រុមគ្រួសារ» ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនូវយន្តការនៃការកសាងកម្លាំងសេវាសង្គមនេះ គឺក្នុងគោលបំណងអនុវត្តនូវប្រតិបត្តិការជំនួយសង្គមនិងសេវាសង្គម ប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់ នៅគ្រប់ជាន់ថ្នាក់ ស្របតាមផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡ្ហីករណ៍ស្តីពីការវិនិយោគលើកម្លាំងសេវាសង្គមនៅកម្ពុជា ។ 
សម្តេចធិបតីបានបន្ថែមថា ចំពោះបណ្តាក្រសួង ស្ថាប័នរាជធានី ខេត្ត ត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយនិងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែល រាជរដ្ឋាភិបាលបានដាក់ចេញ ។
ក្នុងនោះ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាព កម្មវិធីអភិវឌ្ឍន៍គ្រួសារ ទាំងថវិកានិងធនធានមនុស្សដើម្បីធានាឱ្យបាននូវការលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញចលនាលើកកម្ពស់ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែ ខ្លាំងក្លាថែមទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយ ផ្ទាល់ក្តី ឬដោយប្រយោលក្តី ។
សម្តេចធិបតី បានបន្ថែមថា ចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ំមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា « មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ »។
 ជាងនេះទៅទៀត សម្រាប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី តួនាទីរបស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មាន កូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរនិង ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែង ស៊ីសង និងអំពើអបាយមុខផ្សេងៗទៀត ។
ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លា ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេច បាននូវការងារទាំងអស់នេះ សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា ការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ«គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច» នៅក្នុងឆ្នាំនេះ នឹងចូលរួមបង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូប ឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុខុមាលភាពគ្រួសារ និងការអភិវឌ្ឍគ្រួសាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។
ព្រមជាមួយគ្នានេះ សម្តេចធិបតីសូមបន្តជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្ម គ្រួសារ ដោយសន្តិសហវិជ្ជមាន ដើម្បីឈានឆ្ពោះទៅលុបបំបាត់ភាពក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕

Comments

Related posts