រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះប្រជាជនយ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើន

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១០.០៥.២០២៤

a12-188

  សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះប្រជាជនយ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើនដូចជា៖ ការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដោយកម្មវិធីនេះគឺបានសមាហរណកម្មកម្មវិធីចំនួន៤បញ្ចូលគ្នា ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធភាព ។
 
    តាមរយៈសារលិខិតអបអរសាទរខួបលើកទី៣០ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ «ការទទួលយកភាពចម្រុះ ការពង្រឹងក្រុមគ្រួសារ» ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កាលពី អំឡុងខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តជាផ្លូវការកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដោយបានសមាហរណកម្មកម្មវិធីចំនួន៤បញ្ចូលគ្នា រួមមាន៖ ១.កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
សម្តេចធិបតី បានថ្លែងបន្ថែមថា កម្មវិធីជាតិជំនួយសង្គមទាំងនេះ បានស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនាឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានសម្តែងនូវការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់គោលនយោបាយ ចំពោះគ្រួសារ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ និងសប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្មគាំទ្រ ដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពនិងភាពសុខដុមនីយកម្មរបស់គ្រួសារកម្ពុជាទាំងអស់ នៅក្នុងសហគមន៍នានានៅទូទាំងប្រទេស ពិសេសការសហការជាមួយអនុគណៈកម្មការជំនួយសង្គម និងអន្តរក្រសួងទាំង អស់ ក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ៕

Comments

Related posts