សម្តេចធិបតីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ «ការទទួលយកភាពចម្រុះ ការពង្រឹងក្រុមគ្រួសារ»

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១០.០៥.២០២៤

a11-195

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអបអរសាទរខួបលើកទី៣០ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ «ការទទួលយកភាពចម្រុះ ការពង្រឹងក្រុមគ្រួសារ» ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។
 
  យោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធ ទិវាអន្តរជាតិស្តីពីគ្រួសារនេះដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារផ្ទាល់និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិនិងសកល ដោយផ្តោតអាទិភាពជាចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជានាពេលបច្ចុប្បន្ន និងការឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលជាចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
ស្របតាមបរិបទនេះ ទិវាអន្តរជាតិស្តីពីគ្រួសារនៅកម្ពុជា ត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច» ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថាគ្រួសារពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃសេដ្ឋកិច្ច លើកតម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចធិបតីបានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេសគឺជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រីទាំងឡាយ ដែលតែងតែធ្វើពលិកម្មនិងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងការចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សានិងលើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ ការសន្តោស ប្រណី និងការគោរពច្បាប់ ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជាឧត្តមប្រទេសមួយ ដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាលនិងសម្បូរបែបនៅលើ
សកលលោក តាំងពី បុរាណកាលរហូតមកដល់បច្ចុប្បន្ន ពិសេសនៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងស្មារតីដ៏ប្រពៃនេះ សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បី បន្តរួមចំណែកថែរក្សានិងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និង ព្រះមហាក្សត្រ និងបន្តលើកកម្ពស់មនសិការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងសង្គមជាតិឆ្ពោះទៅរកសង្គម មួយប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព សេចក្តីរុងរឿង និងសុខដុមនីយកម្ម ៕

Comments

Related posts