ពិធីប្រគល់ទទួលអគាររដ្ឋបាលមន្ទីរថ្មី របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

a21-92

a19-77

a14-165

a18-97

a17-113

a16-122

a20-93

a13-174

 ព្រះវិហារ៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូចុះពិនិត្យវាយតម្លៃ និងប្រគល់ទទួល-១០០% លើការងារសាងសង់ អគាររដ្ឋបាល មន្ទីរថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដែលមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរ អភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤។

  មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការ អភិវឌ្ឍឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្ដម បានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើក កម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំបំពេញភារកិច្ច ការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសអំឡុងពេលមានបម្រែបម្រួលអាកាសធាតុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋដូចជា៖ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការថែទាំ និងជួសជុលផ្លូវ និងការផ្ទេរមុខងារសេវាអនាម័យ ឱ្យទៅជិតនឹង បងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្ដង។

ឯកឧត្តម ក៏បានបានផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន បន្តខិតខំសាងសមត្ថភាពឱ្យកាន់តែមានប្រសិទ្ធ ភាព និងការទទួលខុសត្រូវខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានបាវចនាចំនួន ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

  សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ មានចំនួន ០១ខ្នង កម្ពស់ ០២ជាន់ទំហំ  ២០ម៉ែត្រ គុណនឹង ១០ម៉ែត្រ មានចំនួន ១០បន្ទប់ និងសាលប្រជុំចំនួន ០១ និងត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ និងរួចរាល់ស្ថាពរនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាជាតិ (ជំពូក២១) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕

Comments

Related posts