ឆ្នាំ២០២៧ខាងមុខ វិស័យអាកាសចរណ៍កម្ពុជានឹងអាចងើបឡើងវិញដូចកាលពីឆ្នាំ២០១៩

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១០.០៥.២០២៤

a29-42

a27-54

a28-50

   មន្រ្តីជាន់ខ្ពស់ខាងអាកាសចរណ៍ស៊ីវិលបានរំពឹងថាឆ្នាំ២០២៧ខាង មុខ វិស័យអាកាសចរណ៍កម្ពុជានឹង អាចងើបឡើងវិញដូចកាលពីឆ្នាំ ២០១៩ ខណៈដែលបច្ចុប្បន្ននេះ វិស័យអាកាសចរណ៍បានកើនឡើងប្រមាណ៦៣ភាគរយបើធៀបនឹងឆ្នាំ២០១៩ ដោយសារការតភ្ជាប់ឡើងវិញ និងការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែម ។
  
  ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានមាន ប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជាកាលពីមុន ធ្លាប់បានព្យាករនិងសន្និដ្ឋានថា ការងើបឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងឈានដល់១០០ភាគរយ គឺនៅក្នុងឆ្នាំ២០២៤ឬដើមឆ្នាំ២០២៥ ប៉ុន្តែបន្ទាប់ពីបានធ្វើការពិនិត្យឡើងវិញនារយៈពេលកន្លងមក គីមានការកើតឡើងនូវវិបត្តិសកលផ្សេងៗនិងផ្ទួនៗគ្នា ដែលធ្វើឱ្យកំណើននេះត្រូវបន្តរុញទៅឆ្នាំខាងមុខ ដោយមិនដូចការរំពឹងទុកនោះឡើយ ។
   ឯកឧត្តមបានបន្ត តាមរយៈការព្យាករថ្មីរបស់សមាគមដឹកជញ្ជូនអន្តរជាតិ គឺប្រទេសកម្ពុជានឹងមានកំណើនងើបឡើងវិញដូចកាលពី មុនវិបត្តិកូវីដ១៩ គឺចន្លោះនៅក្នុងឆ្នាំ២០២៧ ខណៈដែលសព្វថ្ងៃនេះ វិស័យអាកាសចរណ៍ស៊ីវិល គឺទើប តែងើបឡើងវិញបានជាង៦០ភាគ រយតែប៉ុណ្ណោះ ។
 « ការដឹកជញ្ជូនផ្លូវអាកាសយើង បើធៀបនឹងឆ្នាំ២០១៩គឺយើងរំពឹងលើទីផ្សារចិនច្រើន ដែលមានប្រមាណជាង៣០ភាគរយ ប៉ុន្តែយើងដឹងហើយថាបន្ទាប់ពីចិនមានវិបត្តិជាសកល ក៏ដូចជាវិបត្តិផ្ទៃក្នុងរបស់ប្រទេសចិន គឺបានធ្វើឱ្យភ្ញៀវទេសចរចិនមានការធ្លាក់ចុះ ដូច្នេះស្ថានភាពដឹកជញ្ជូនកម្ពុជាក៏មានការធ្លាក់ចុះដូចគ្នាដែរ ។ ដោយឡែក ក្រៅពីប្រទេសចិនគឺមានប្រទេសអាស៊ានមួយចំនួន ក៏បានតភ្ជាប់ជើងហោះហើរឡើងវិញ ហើយថ្មីៗនេះគឺមានការតភ្ជាប់ជើងហោះហើរឡើងវិញរវាងឡាវនិង ប្រទេសអេមីរ៉ាត និងការតភ្ជាប់ជើងហោះហើរថ្មីរវាងប្រទេសឥណ្ឌានៅប្រទេសកម្ពុជានាខែខាងមុខនេះ ដូច្នេះការចូលរួមឱ្យមានកំណើន គឺដោយសារតែមានការតភ្ជាប់ឡើងវិញ ក៏ដូចជាការបើកផ្លូវហោះហើរថ្មីៗផងដែរដោយឡែកបើយើងធៀបទៅ ក៏នៅតែមានល្បឿនយឺតជាងការរំពឹងទុកពីមុនដែរ » ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ចំនួនអ្នកដំណើរ ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា មានចំនួន ១១ ៦៣៤ ៩៥៣នាក់។ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន ៦.០២លាននាក់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរបាន ៣.៩២លាននាក់។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានទទួល ៧៧,១៨១តោន នៅឆ្នាំ២០១៩ ហើយទំហំនេះ កើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ៕

Comments

Related posts